អន្តរជាតិ
ទ័ព​អវកាស​អាមេរិក​នឹង​កើតឡើង​នៅ​ឆ្នាំ​២០២០ តាម​ការចង់​របស់លោក ត្រាំ
10, Aug 2018 , 10:19 pm        
រូបភាព
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន ថ្លែងនៅមន្ទីរបញ្ចកោណ (រូបភាព AFP)
អនុប្រធានាធិបតីអាមេរិក ម៉ៃ ផេន ថ្លែងនៅមន្ទីរបញ្ចកោណ (រូបភាព AFP)
​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន (Mike Pence) នៅ​ថ្ងៃទី​៩ ខែសីហា បានបង្ហាញ​ផែនការ​ជាក់លាក់​ក្នុងការ​ឈានទៅ​បង្កើត​អង្គភាព​ទ័ព​អវកាស​តាម​ការចង់បាន​របស់​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ អង្គភាព​ទ័ព​ថ្មី​ទី​៦​នេះ ដែល​អាច​លេច​រូបរាង​នៅ​ឆ្នាំ​២០២០ នឹង​ទទួលបន្ទុក​ការពារ​ផលប្រយោជន៍​អាមេរិក​នៅ​ទី​អវកាស និង​កម្ចាត់​ចោលការ​គំរាមកំហែង​នានា​។ យ៉ាងណាក្ដី ផែនការ​បង្កើត​ស្ថាប័ន​នេះ ត្រូវការ​មតិ​យល់ព្រម​ពី​សភា​អាមេរិក​ជាមុនសិន​។



«​ពេលវេលា​មកដល់​ហើយ​ដើម្បី​សរសេរ​ទំព័រ​ថ្មី​ក្នុង​ប្រវត្តិសាស្ត្រ​កងទ័ព​របស់​យើង​។​» នេះ​ជាការ​លើកឡើង​របស់​អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន នៅ​ថ្ងៃទី​៩ ខែសីហា ក្នុងការ​បង្ហាញ​គម្រោង​បង្កើត​ទ័ព​អវកាស ដែលជា​អង្គភាព​ទី​៦ ចំណុះ​យោធា​អាមេរិក​នៅឯ​មន្ទីរ​បញ្ច​កោណ​។ លោក ផេ​ន ចាត់ទុក​ទី​អវកាស​ជា​សមរភូមិ​បន្ទាប់ ដែល​តម្រូវ​ឲ្យ​អាមេរិក​ត្រៀមខ្លួន​ឲ្យ​បាន​រួចស្រេច​ដើម្បី​ទប់ទល់​ការគំរាមកំហែង​ណាមួយ​។​

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានចេញ​បញ្ជា​បង្កើត​អង្គភាព​ទ័ព​អវកាស​នេះ​កាលពី​ខែមិថុនា បន្ថែម​ពីលើ​អង្គភាព​មាន​ស្រាប់​ទាំង​៥​ដូចជា ទ័ពជើងគោក ជើង​អាកាស ជើង​ទឹក ទ័ព​ម៉ា​រី​ន និង​កង​ឆ្នាំ​ការពារ​ឆ្នេរ​។ កាលនោះ លោក ត្រាំ បាន​ប្រើ​ហេតុផល​ថា ក្រសួងការពារជាតិ​ត្រូវតែ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អាមេរិក​នៅ​ទី​អវកាស និង​ពង្រឹង​ឥទ្ធិពល​របស់​អាមេរិក​នៅ​ទី​លំហ​ដែល​កំពុង​ក្លាយជា​ទីលាន​ប្រជែង​របស់​មហាអំណាច​ទៅហើយ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ផេ​ន បាន​រំលេច​ឈ្មោះ​រុស្ស៊ី និង​ចិន​ចំៗ ដែលជា​គោលដៅ​របស់​អង្គភាព​ទ័ព​ថ្មី​នេះ​។ អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ​បញ្ជាក់ថា កម្លាំង​អវកាស​នេះ ពិតជា​សំខាន់​ណាស់​ក្នុងការ​ទប់ទល់​ចិន និង​រុស្ស៊ី ដែល​កំពុង​អភិវឌ្ឍ​សមត្ថភាព​ប្រឆាំង​ផ្កាយរណប​ឥតឈប់ឈរ​។ បើតាម​លោក ផេ​ន ក្រុង​មូ​ស្គូ និង​ក្រុង​ប៉េកាំង​បាន​ពង្រឹងសមត្ថភាព​ដែល​អាច​ឲ្យ​ផ្កាយរណប​ពួកគេ​ចូល​កៀក​ផ្កាយរណប​អាមេរិក ហើយ​បង្ក​ជា​គ្រោះថ្នាក់​តែម្ដង​។​

​សព្វថ្ងៃ ទ័ពអាកាស​អាមេរិក​ជា​អ្នកទទួលបន្ទុក​ការពារ​លំហ​នេះ តែ​ក្រោយ​ការបង្កើត​កម្លាំង​អវកាស​នៅ​ឆ្នាំ​២០២០ តាម​បំណង​លោក ត្រាំ ភារកិច្ច​នេះ​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​អង្គភាព​ថ្មី​។ ក្រោយ​ការ​ថ្លែង​សុន្ទរកថា​របស់លោក ផេ​ន លោក ត្រាំ ក៏បាន​សរសេរ​លើ Twitter ថា ទ័ព​អវកាស​ចេញមក​ហើយ​។ យ៉ាងណាមិញ ការបង្កើត​ស្ថាប័ន​យោធា​ថ្មី​នេះ​រួចហើយ មិនមែន​មានន័យថា អ្វីៗ​រួចរាល់​ឡើយ​។ រដ្ឋបាល​លោក ត្រាំ ត្រូវការ​ការយល់ព្រម​ពី​សភា​អាមេរិក​សិន ដែលជា​រឿង​លំបាក​មួយ ដ្បិត​សមាជិកសភា​អាមេរិក​ខ្លះ​នៅ​សង្ស័យ​គម្រោង​នេះ​នៅឡើយ ជាពិសេស​ការចំណាយ និង​ការបង្កើត​រចនាសម្ព័ន្ធ​ថ្មី​តែម្ដង​។​

​ក្នុង​ផែនការ​បង្កើត​ទ័ព​អវកាស​នេះ អាមេរិក​នឹង​បង្កើត​ទីបញ្ជាការ​លំហ​អាកាស​ជាមុនសិន​។ ទីបញ្ជាការដ្ឋាន​នេះ​នឹង​ស្រូបយក​ទាហាន​ពី​អង្គភាព​មាន​ស្រាប់ មាន​ទីស្នាក់ការ​ផ្ទាល់ ហើយ​ដែល​ត្រូវ​ឲ្យ​កែប្រែ​រចនាសម្ព័ន្ធ​យោធា​ដ៏​ធំ​មួយ ជាពិសេស​នៅ​ស្ថាប័ន​ទ័ពអាកាស​តែម្ដង​៕ 
 


Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
© រក្សាសិទ្ធិដោយ thmeythmey.com