ជាតិ
បោះឆ្នោត
ស្ថាប័នរៀបចំការបោះឆ្នោតរុស្ស៊ី៖ ការបោះឆ្នោតនៅកម្ពុជាមានប្រសិទ្ធភាព និងវិជ្ជាជីវៈ
× ភ្នំពេញ៖ ស្ថាប័នរៀបចំការបោះឆ្នោតនៅប្រទេសរុស្ស៊ី បានវាយតម្លៃថា ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ។ ការវាយតម្លៃរបស់ស្ថាប័នរៀបចំការបោះឆ្នោតរុស្ស៊ីបែបនេះ ធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍សាទរដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ។
សេចក្តីថ្លែងការណ៍ក្រុមអ្នកអង្កេតការណ៍អន្តរជាតិ បានបញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយអព្យាក្រឹត្យ និងមិនលម្អៀង ស្របពេលដែលការបោះឆ្នោតគ្មានអំពើហិង្សា និងការគំរាមកំហែង ដែលនាំឲ្យមានការសង្ស័យឡើយ។
លើសពីនេះទៀត ប្រធានគណៈកម្មការកណ្ដាលរៀបចំការបោះឆ្នោត នៃសហព័ន្ធរុស្ស៊ី លោកស្រី Pamfilova(ប៉ាមហ្វីលូវា) បានវាយតម្លៃថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នេះ មានប្រសិទ្ធភាព និងវិជ្ជាជីវៈ ក្នុងបរិយាកាសទូលំទូលាយ សេរី និងមានតម្លាភាព។
កន្លងមកក្រុមអ្នកសង្កេតការណ៍មកពីរុស្ស៊ី ដែលមានឈ្មោះថា «សភាសង្គមស៊ីវិលរុស្ស៊ី» បានវាយតម្លៃវិជ្ជមានលើការបោះឆ្នោតនៅកម្ពុជា។ ឆ្លើយតបនឹងសំនួរអ្នកកាសែតពីរឿងអន្តរជាតិ មិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជានោះ ក្រុមអ្នកសង្កេតការណ៍រុស្ស៊ី បាននិយាយចំថា ការបោះឆ្នោតនេះ មិនមែនពឹងលើអាមេរិកទទួលស្គាល់ ទើបកម្ពុជាក្លាយជាប្រទេសប្រជាធិបតេយ្យនោះទេ៕
Tag:
បោះឆ្នោត
គ.ជ.ប
អ្នកសង្កេតការណ៍អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com