ជាតិ
បោះឆ្នោត
លទ្ធផលបណ្តោះអាសន្ន៖ CPP ទទួលបានជិត៥លានសំឡេង ពលរដ្ឋខ្មែរតម្រង់ជួរបោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨
× ដូចកាលវិភាគដែលបានគ្រោងទុក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនីតិកាលទី៦នៅព្រឹកថ្ងៃទី១១ខែសីហានេះ។ លទ្ធផលដែលត្រូវបានផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិ បង្ហាញថាគណបក្សប្រជាជនកម្ពុជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានសំឡេង ៤ ៨៨៩ ១១៣ លើសដាច់ឆ្ងាយពីគូប្រកួត១៩គណបក្សផ្សេងទៀត។
មានឈ្មោះថាទទួលបានសំឡេងច្រើនបន្ទាប់ ក្នុងលំដាប់ទីពីរ និងទីបីមែន ប៉ុន្តែគណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យក៏នៅទទួលបានសំឡេងតិចជាងខ្លាំងបើធៀបជាមួយគណបក្សប្រជាជនកម្ពុជានោះ។ តារាងលទ្ធផលបង្ហាញថា គណបក្សហ៊្វុនស៊ីនប៉ិចរបស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ទទួលបានសំឡេងឆ្នោត ៣៧៤ ៥១០ សំឡេង បន្តដោយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា ដែលទទួលបានសំឡេងឆ្នោតចំនួន ៣០៩ ៣៦៤ សំឡេង។
ក្នុងចំណោមគណបក្សចំនួន៩ដែលបានឈរឈ្មោះនៅគ្រប់ទូទាំង២៥រាជធានីខេត្ត គណបក្សសញ្ជាតិកម្ពុជាទទួលបានគាំទ្រតិចជាងគេជាមួយនឹងសំឡេងឆ្នោត ៤៥៣៧០សំឡេង។
យោងតាមលទ្ធផលបណ្តោះអាសន្ននេះដដែល អ្នកដែលបានទៅបោះឆ្នោតមានចំនួន ៦ ៩៥៦ ៩០០ នាក់ ដែលស្មើនឹង ៨៣,០២ភាគរយ នៃចំនួនអ្នកដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតចំនួន ៨ ៣៨០ ២១៧ នាក់។ តារាងលទ្ធផលបណ្តោះអាសន្ន ក៏បង្ហាញដែរថា ក្នុងចំណោមសន្លឹកឆ្នោតរបស់អ្នកដែលបានចូលរួមបោះឆ្នោតទាំងអស់នោះ មានសន្លឹកឆ្នោតមិនបានការចំនួន ៥៩៤ ៦៥៩ សន្លឹក។
យោងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រប់គណបក្សនយោបាយដែលបានឈរឈ្មោះនៅក្នុងការបោះឆ្នោតកន្លងទៅនេះ អាចប្តឹងតវ៉ាអំពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់នៃការបោះឆ្នោត ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបណ្តោះអាសន្ននេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com