កីឡាអន្តរជាតិ
អន្តរជាតិ
សរុប​! ក្លិប​នៅ Premier League ចំណាយ ១,៥៤​ពាន់​លាន​ដុល្លារ​លើ​ការផ្ទេរ​កីឡាករ​
11, Aug 2018 , 9:04 am        
រូបភាព
​ក្លិប​កីឡាបាល់ទាត់​ទាំង​២០ នៃ​ក្របខណ្ឌ Premier League បាន​ចំណាយ​ប្រាក់​សរុប ១,២ ពាន់​លាន​ផោន (១,៥៤​ពាន់​លាន​ដុល្លារ​អាមេរិក​) ក្នុងអំឡុងពេល​ទីផ្សារ​ដោះដូរ​កីឡាករ​លើក​ទី​១​ប្រចាំ​រដូវ​កាល​២០១៨-២០១៩ បាន​បិទ​បញ្ចប់​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រុមហ៊ុន​គណនេយ្យ Deloitte នៅក្នុង​ប្រទេស​អង់គ្លេស​។​



​តែ​យ៉ាងណាក៏ដោយ​ក្នុងចំណោម​ក្លិប​ទាំង​២០ មានតែ Tottenham Hotspur មួយ​ប៉ុណ្ណោះ​ដែល​មិនបាន​ចំណាយ​ប្រាក់​ដើម្បី​ទិញ​ចូល​កីឡាករ​ទៅ​រួម​ក្រុម ហើយក៏​មិនបាន​លក់​កីឡាករ​ល្អៗ​ចេញ​ដូចគ្នា​សម្រាប់​រដូវ​កាល​នេះ​។​
 
​ក្នុងចំណោម​ក្លិប​ទាំង​១៩ Liverpool ជា​ក្លិប​ដែល​បាន​ចំណាយ​លើ​ការផ្ទេរ​កីឡាករ​ច្រើនជាងគេ​ប្រមាណ ១៧០​លាន​ផោន (២១៨​លាន​ដុល្លារ​) បន្ទាប់ពី​នាំចូល​តារា​ឆ្មើ​ម​៤​រូប​មាន ខ្សែបម្រើ Fabinho ពី Monaco (៥០​លាន​ដុល្លារ​), Naby Keita ពី RB Leipzig (៦៧​លាន​ដុល្លារ​), Xherdan Shaqiri ពី Stoke City (១៧​លាន​ដុល្លារ​) និង​អ្នកចាំទី Alisson ពី Roma (៨៣​លាន​ដុល្លារ​)​។ Chelsea ឈរ​ចំណាត់ថ្នាក់​ទី​២ ចំណាយ​អស់ ១២៦​លាន​ផោន (១៦១​លាន​ដុល្លារ​) លើ​កីឡាករ​ពីររូប​រួមមាន​អ្នកចាំទី Kepa Arrizabalaga ពី Athletic Bilbao តម្លៃ​៩១​លាន​ដុល្លារ និង ខ្សែបម្រើ Jorginho ពី Napoli តម្លៃ​៦៤​លាន​ដុល្លារ រីឯ Fulham ដែល​ទើប​ឡើង​ពី Championship នៅ​ចំណាត់​ទី​៣ ដោយ​ចំណាយ​សរុប ១០០​លាន​ផោន (១២៨​លាន​ដុល្លារ​)​។​
 
​ការចំណាយ​សរុប​រប​ស់​ក្លិប​នៃ​ក្របខណ្ឌ​កំពូល​អង់គ្លេស​រដូវ​នេះ​ក្នុង​ចំនួន​ទឹកប្រាក់​១,៥៤​ពាន់​លាន​ដុល្លារ មានន័យថា​ទាប​ជាង​ការចំណាយ​នៅ​រដូវ​កាល​មុន​ដែលមាន​ចំនួន ១,៨៤​ពាន់​លាន​ដុល្លារ​៕

Tag:
 បាល់ទាត់​
  Premier League
  Deloitte
© រក្សាសិទ្ធិដោយ thmeythmey.com