អគ្គរដ្ឋទូត​សិង្ហ​បុរី​៖ ធុរជន​សិង្ហ​បុរី​មក​កម្ពុជា​កើនឡើង ព្រោះ​ទុកចិត្ត​លើ​សក្ដានុពល​និង​ស្ថិរភាព​កម្ពុជា​

ជាតិ
អគ្គរដ្ឋទូត​សិង្ហ​បុរី​៖ ធុរជន​សិង្ហ​បុរី​មក​កម្ពុជា​កើនឡើង ព្រោះ​ទុកចិត្ត​លើ​សក្ដានុពល​និង​ស្ថិរភាព​កម្ពុជា​
11, Aug 2018 , 10:23 am         1168
រូបភាព
ដោយ: ថ្មីៗ
​នៅ​ចំ​ខួប​ទី​៥៣ នៃ​ទិវា​ឯករាជ្យ​សិង្ហ​បុរី អគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា Michael Tan បានលើកឡើង​ពី​ការរីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​សិង្ហ​បុរី និង​កម្ពុជា​ដែលមាន​អាយុ​៥៣​ឆ្នាំ​ដូចគ្នា​។ ទំនាក់ទំនង​ល្អ​នេះ​មាន​តាំងពី​ផ្នែក​នយោបាយ សេដ្ឋកិច្ច រហូតដល់​សង្គម​ផង​។ សម្រាប់​វិស័យសេដ្ឋកិច្ច សិង្ហ​បុរី​បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​របស់​កម្ពុជា ហើយ​ពាណិជ្ជករ​សិង្ហ​បុរី​ជាច្រើន​បានមក​ស្វែងរក​ឱកាស​រកស៊ី​នៅ​កម្ពុជា​ដែរ​។
 
​កម្ពុជា គឺជា​មិត្ត​យូរអង្វែង និង​ជា​ប្រទេសមួយ​ដែល​ទទួលស្គាល់​ឯករាជ្យ​សិង្ហ​បុរី​មុនគេ​នៅ​ឆ្នាំ​១៩៦៥ ។ នេះ​ជាការ​លើកឡើង​របស់លោក Michael Tan អគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​កម្ពុជា ដែល​បន្តថា រយៈពេល​៥៣​ឆ្នាំ​មកនេះ ទំនាក់ទំនង​ទ្វេភាគី​ពោរពេញ​ដោយ​ការផ្លាស់ប្ដូរ​ផ្នែក​នយោបាយ ពាណិជ្ជកម្ម និង​ការផ្លាស់ប្ដូរ​ផ្នែក​សង្គម​រវាង​ប្រជាជន និង​ប្រជាជន​។​
 
​អគ្គរដ្ឋទូត​សិង្ហ​បុរី​រូបនេះ​លើកឡើងថា ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​សិង្ហ​បុរី និង​កម្ពុជា គឺ​មាំមួន និង​កើនឡើង ហើយ​សិង្ហ​បុរី គឺ​ប្រទេសមួយ​ក្នុងចំណោម​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទាំង​៥​របស់​កម្ពុជា ដោយ​ក្នុង​ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​សរុប​មាន​ដល់​ទៅ​បី​ពាន់​លាន​ដុល្លារ​។ ជាមួយនឹង​វត្តមាន​ក្រុមហ៊ុន​សិង្ហ​បុរី​កាន់តែច្រើន​នៅ​កម្ពុជា លោក Tan បញ្ជាក់ថា សិង្ហ​បុរី​ក្លាយជា​ប្រភព​វិនិយោគ​បរទេស​ធំជាងគេ​ទី​ពីរ​របស់​កម្ពុជា​ដោយមាន​ទ្រព្យ​វិនិយោគ​ចំនួន​ជាង​២៥០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ហើយ​បើ​គិតដល់​ចុងឆ្នាំ​ដដែល ទ្រព្យ​វិនិយោគ​របស់​សិង្ហ​បុរី​មាន​សរុប​១.២​ពាន់​លាន​ដុល្លារ​។​
 
«​យើង​បន្ត​ឃើញ​ការកើនឡើង​ចំនួន​ពាណិជ្ជករ និង​ប្រតិភូ​សិង្ហ​បុរី​មកកាន់​កម្ពុជា​ដើម្បី​ស្វែងរក​ឱកាស​ធ្វើ​កិច្ចសហប្រតិបត្តិការ និង​ការរក​ផលចំណេញ​ជាមួយ​ដៃគូ​ក្នុងស្រុក​។​» នេះ​ជា​សម្ដី​របស់លោក​អគ្គរ​ដ្ឋ​ទូត​សិង្ហ​បុរី​ដែល​បន្ថែមថា ការកើនឡើង​នេះ ជា​សក្ខីភាព​ដ៏​រឹងមាំ​បង្ហាញ​ពី​ការបន្ត​ការទុកចិត្ត​របស់​ពាណិជ្ជករ​សិង្ហ​បុរី​លើ​សក្ដានុពល​សេដ្ឋកិច្ច និង​អនាគត​របស់​កម្ពុជា ក៏ដូចជា​ស្ថិរភាព និង​សន្តិភាព​ក្នុង​ព្រះរាជាណាចក្រ​នេះដែរ​។​
 
​មិន​ត្រឹមតែ​វិស័យសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ឡើយ តំណាង​សិង្ហ​បុរី​ដដែល​ក៏​មើលឃើញ​ពី​ភាពល្អប្រសើរ​ក្នុង​ផ្នែក​សង្គម តាមរយៈ​ការ​ដំណើរ​ទស្សនកិច្ច​របស់​អង្គការ សិស្ស​និស្សិត​ស្ម័គ្រចិត្ត និង​គ្រូពេទ្យ​សិង្ហ​បុរី ចូលរួម​ក្នុងការ​កិច្ចការ​សង្គម​ជាមួយ​កម្ពុជា​ដែរ​។ ជាមួយគ្នានេះ សិង្ហ​បុរី បានធ្វើការ​ជិតស្និទ្ធ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​លើ​កម្មវិធី​អភិវឌ្ឍ​សមត្ថភាព និង​ការចែករំលែក​បទពិសោធ​ន៍​លើ​វិស័យ​នានា​ដូចជា​រដ្ឋបាល​សាធារណៈ ការអភិវឌ្ឍ​សេដ្ឋកិច្ច ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ភាសា​អង់គ្លេស​ជាដើម​។​
 
​ទន្ទឹមនឹង​ការផ្ដល់​បទពិសោធន៍​ឲ្យ​កម្ពុជា លោក Tan អះអាងថា សិង្ហ​បុរី​ក៏​នឹង​រៀនសូត្រ​ពីបទ​ពិសោធន៍​ល្អៗ​របស់​កម្ពុជា​វិញ​ដែរ​៕



Tag:
 សិង្ហ​បុរី​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev1234next