ជាតិ
សិល្បះ
ក្រសួងវប្បធម៌ បង្រៀនជំនាញផលិតភាពយន្តដល់យុវជនខ្មែរ២០នាក់ ដើម្បីលើកកម្ពស់វិស័យនេះ
× ភ្នំពេញ៖ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំបើកការបណ្តុះបណ្តាល ជំនាញសរសេរអត្ថបទភាពយន្ត ដល់យុវជនកម្ពុជា២០រូប ដើម្បីឲ្យភាពយន្តខ្មែរមានគុណភាព ក្នុងការប្រកួតប្រជែងខ្សែភាពយន្តខ្លីនៅពេលខាងមុខ។
លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាននិយាយថាការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក្នុងបំណងផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយ ដែលមានទេពកោសល្យ ក្នុងការតែងនិពន្ធអត្ថបទភាគយន្ត ដឹកនាំរឿង និងថតភាពយន្ត ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព និងដើម្បីលើកស្ទួយវិស័យខ្សែភាពយន្តខ្មែរ ឲ្យមានការគាំទ្រពីសំណាក់ ទស្សនីយជនកាន់តែខ្លាំងឡើង។
ថ្លែងនៅមុខអ្នកសារព័ត៌មានលោក សោម សុគន្ធ បានបញ្ជាក់ថា៖«ដោយសារការផលិតភាពយន្តខ្មែរកន្លងមក នៅមានកម្រិតហើយកង្វះខាតគ្រូបណ្តុះបណ្តាលផលិតភាគយន្ត ទើបធ្វើឲ្យភាពយន្តនីមួយៗ មិនទាន់មានគុណភាពនៅឡើយ។ ដូច្នេះនេះជាឱកាសមួយដែលយើងត្រូវតែមានតួនាទី និងយកចិត្តទុកដាក់ខ្ពស់ឲ្យមែនទែន ដើម្បីផលិតធនធានមនុស្ស ឲ្យមានជំនាញជាអាជីពអ្នកផលិតភាពយន្តខ្មែរ»។
លោក អុន ភានិត សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះនិយាយថា រូបគេពិតជាពេញចិត្ត នឹងកម្មវិធីនេះ។ គ្រូបណ្តុះបណ្តាលសុទ្ធតែមានជំនាញ និងជាផលិតករល្បីៗទៀត។ លោក អុន ភានិត ចង់ឲ្យមានវគ្គបណ្តុះបណ្តាលនេះបន្តទៀត ដើម្បីឲ្យវិស័យកុន កាន់តែរីកចម្រើន។
សិក្ខាកាម្នាក់ទៀត គឺលោក លី សានណារាជ្យ។ សានណារាជ្រយ បានតាំងចិត្តថា នឹងខិតខំក្រេបយកចំណេះដឹង និងបទពិសោធន៍ ពីគ្រូ យកទៅអនុវត្ត ក្នុងការផលិតរឿង នៅអនាគត។។ទន្ទឹមនឹងនេះ លោក លី សានណារាជ្យ ប្តេជ្ញាថានឹងយកចំណេះដែលខ្លួនទទួលបាន ចែករំលែកទៅយុវជនជំនាញក្រោយទៀត ដើម្បីភាពរីកចម្រើននៃវិស័យភាពយន្៕
© រក្សាសិទ្ធិដោយ thmeythmey.com