ជាតិ
នយោបាយជាតិ
មន្ត្រីជាន់ខ្ពស់អាមេរិកទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិកក្លាយជាឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា លោក Patrick Murphy (រូបភាព ស្ថានទូតអាមេរិកប្រចាំកម្ពុជា)
× លោក Patrick Murphy បច្ចុប្បន្នជាឧបការីរងរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការងារអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកត្រូវបានតែងតាំងដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់អាមេរិកប្រចាំនៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព័ត៌មានអាមេរិកចុះថ្ងៃ ១០ ខែសីហា។
បើមិនមានការប្រែប្រួលទេ លោក Patrick Murphy ដែលប្ចច្ចុប្បន្នជាមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិករូបនេះនឹងមកជំនួសតំណែងលោក William (Bill) A. Heidt ដែលទើបបញ្ចប់បេសកកម្មការទូតបីឆ្នាំរបស់ខ្លួននៅកម្ពុជា។ សូមបញ្ជាក់បន្តិចថា លោក Heidt បានស្បថចូលកាន់តំណែងជាផ្លូវការកាលពីថ្ងៃ ១៤ ខែកញ្ញាឆ្នាំ ២០១៥។
មុនទទួលបានការស្នើតែងតាំងពីប្រធានាធិបតី លោក Murphy ធ្លាប់បំពេញទស្សនកិច្ចនៅកម្ពុជាជាញឹកញាប់ដែរក្នុងពេលកាន់តំណែងជាឧបការរីងទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ យោងតាមរដ្ឋធម្មនុញ្ញអាមេរិក បន្ទាប់ពីមានការស្នើតែងតាំងនេះហើយ វាត្រូវមានការយល់ព្រមពីព្រឹទ្ធសភាអាមេរិកដែរមុនពេលស្បថចូលកាន់តំណែង។
បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រពីការសាកលវិទ្យាល័យ Vermont រួមជាមួយសញ្ញាបត្រអនុបណ្ឌិតពីសាកលវិទ្យាល័យ John Hopkins និងមហាវិទ្យាល័យយោធា លោក Murphy បានបម្រើការងារក្នុងវិស័យការទូតលើស ២៥ ឆ្នាំ ហើយលោកបានកាន់តំណែងជាន់ខ្ពស់ជាច្រើនផងដែរ។
ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ លោកបានកាន់តំណែងជាឧបការីរងរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការងារអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ ពីឆ្នាំ ២០១៣ដល់ឆ្នាំ ២០១៦ លោកបានអនុប្រធានបេសកម្មការទូត និងភារធារីអាមេរិកប្រចាំប្រទេសថៃ។ ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣ លោកកាន់តំណែងជាអ្នកតំណាងពិសេសស្តីទី និងជាអ្នកសម្របសម្រួលគោលនយោបាយសម្រាប់ប្រទេសមីយ៉ាន់ម៉ា។ ចំណែកពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៨ លោកបានកាន់តំណែងជាអនុប្រធានបេសកកម្មការទូតរបស់អាមេរិកប្រចាំទីក្រុង Maseru ប្រទេសឡេសូតូ ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com