ជាតិ
​​​ន​យោ​បាយ​ជាតិ​
មន្ត្រី​ជាន់ខ្ពស់អាមេរិកទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិកក្លាយជា​ឯកអគ្គរដ្ឋទូត​ថ្មី​ប្រចាំ​កម្ពុជា
11, Aug 2018 , 12:34 pm        
រូបភាព
លោក Patrick Murphy (រូបភាព ស្ថានទូតអាមេរិកប្រចាំកម្ពុជា)
លោក Patrick Murphy (រូបភាព ស្ថានទូតអាមេរិកប្រចាំកម្ពុជា)
ដោយ: ថ្មីៗ
​លោក Patrick Murphy បច្ចុប្បន្ន​ជា​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​ទទួលបន្ទុក​កិច្ចការងារ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​ត្រូវបានតែងតាំង​ដោយ​ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ ជា​ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​របស់​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ព័ត៌មាន​អាមេរិក​ចុះ​ថ្ងៃ ១០ ខែសីហា​។  


​បើមិនមានការប្រែ​ប្រួលទេ លោក Patrick Murphy ដែលប្ចច្ចុប្បន្នជា​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​អាមេរិក​រូបនេះ​នឹង​មក​ជំនួស​តំណែង​លោក William (Bill) A. Heidt ដែល​ទើប​បញ្ចប់​បេសកកម្ម​ការទូត​បី​ឆ្នាំ​របស់ខ្លួន​នៅ​កម្ពុជា​។ សូមបញ្ជាក់​បន្តិច​ថា លោក Heidt បាន​ស្បថ​ចូលកាន់​តំណែង​ជា​ផ្លូវការ​កាលពី​ថ្ងៃ ១៤ ខែកញ្ញា​ឆ្នាំ ២០១៥​។  

មុន​ទទួលបាន​ការស្នើតែងតាំង​ពី​ប្រធានាធិបតី លោក Murphy ធ្លាប់​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​ញឹកញាប់​ដែរ​ក្នុងពេល​កាន់តំណែង​ជា​ឧបការ​រីង​ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​។ យោងតាមរដ្ឋធម្មនុញ្ញអាមេរិក បន្ទាប់ពីមានការស្នើតែងតាំងនេះហើយ  វាត្រូវមានការយល់ព្រមពីព្រឹទ្ធ​សភាអាមេរិកដែរមុនពេលស្បថចូលកាន់តំណែង។
 
​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ពី​ការ​សាកល​វិ​ទ្យាល័យ Vermont រួមជាមួយសញ្ញាបត្រអនុបណ្ឌិត​ពី​សាកលវិទ្យាល័យ John Hopkins និងមហាវិទ្យាល័យយោធា លោក Murphy បាន​បម្រើ​ការងារ​ក្នុង​វិស័យ​ការទូត​លើស ២៥ ឆ្នាំ ហើយ​លោក​បាន​កាន់តំណែង​ជាន់ខ្ពស់​ជាច្រើន​ផងដែរ​។  
 
​ពី​ឆ្នាំ ២០១៦ ដល់​ឆ្នាំ ២០១៨ លោក​បាន​កាន់តំណែង​ជា​ឧបការី​រង​រដ្ឋមន្ត្រីការបរទេស​ទទួលបន្ទុក​កិច្ចការងារ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​។ ពី​ឆ្នាំ ២០១៣​ដល់​ឆ្នាំ ២០១៦  លោក​បាន​អនុប្រធាន​បេសកម្ម​ការទូត និង​ភារធារី​អាមេរិក​ប្រចាំ​ប្រទេស​ថៃ​។ ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៣ លោក​កាន់តំណែង​ជា​អ្នកតំណាង​ពិសេស​ស្តីទី និង​ជា​អ្នកសម្របសម្រួល​គោលនយោបាយ​សម្រាប់​ប្រទេស​មី​យ៉ាន់​ម៉ា​។  ចំណែកពី​ឆ្នាំ ២០០៦ ដល់​ឆ្នាំ ២០០៨ លោក​បាន​កាន់តំណែង​ជា​អនុប្រធាន​បេសកកម្ម​ការទូត​របស់​អាមេរិក​ប្រចាំ​ទីក្រុង Maseru ប្រទេស​ឡេ​សូ​តូ ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com