កីឡាជាតិ
ជាតិ
លី​គ​៖​ស្វាយរៀង​សងសឹក​អាស៊ី​អឺរ៉ុប ក្រោយ​ថា​យ​ហ្គឺ​រ​ស្វាគមន៍​ប៉ូលិស ឯ​ណាហ្គា​ប៉ះ​វេ​សើ្ទ​ន​
11, Aug 2018 , 1:09 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ប្រចាំឆ្នាំ​២០១៨ បាន​ឈានដល់​ការប្រកួត​សប្តាហ៍​ទី​១៧ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​១១ ខែសីហា​នេះ មានការ​ប្រកួត​ចំនួន​៣​គូ ដែល​រៀបចំ​នៅ​៣​ទីលាន​ផ្សេងៗ​គ្នា​។ ក្នុងនោះ​ព្រះខ័ន​រាជ​ស្វាយរៀង សងសឹក​អាស៊ី​អឺរ៉ុប ក្រោយ​អង្គ​រថា​យ​ហ្គឺ​រ​ស្វាគមន៍​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)  និង​ណាហ្គា​វើ​ល​ប៉ះ​វេ​ស្ទើ​ន​ភ្នំពេញ​។​

 
​ព្រះខ័ន​រាជ​ស្វាយរៀង នឹង​ប៉ះ​អាស៊ី​អឺរ៉ុប ម៉ោង​៦​ល្ងាច នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ នេះ​ជា​ជំនួប​សង​សឹង​សម្រាប់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង បន្ទាប់ពី​ពួកគេ​ចាញ់​អាស៊ី​អឺរ៉ុប​២-១ ក្នុង​ជើង​ទី​១ នៅ​ទឹកដី​អាស៊ី​អឺរ៉ុប​។ ដូច្នេះ​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវការ​ឈ្នះ​ក្នុងជំនួប​ល្ងាច​នេះ ដើម្បី​សងសឹក​ផង និង​ប្រជែង​ឈរ​លេខ​រៀង​ទី​៥​ផង​។ ស្វាយរៀង​ស្ថិតនៅ​លេខ​៧ ក្នុង​តារាង​មាន​២១​ពិន្ទុ​ក្នុង​ដៃ​។ សម្រាប់​៣​ប្រកួត​កន្លងមក ក្រុម​នេះ ឈ្នះ​១ ស្មើ​១ និង​ចាញ់​១​។ កាលពី​សប្តាហ៍​មុន ក្រុម​នេះ​ចាញ​ភ្នំពេញ​ក្រោ​ន ក្នុង​លទ្ធផល​២-១​។ 
 
​ចំណែក​អាស៊ី​អឺរ៉ុប ទទួលលទ្ធផល​មិនសូវ​ល្អ​ទេ សម្រាប់​៥​ប្រកួត​ចុងក្រោយ ដោយ​ចាញ់​ទាំង​៥​ប្រកួត​។ កាលពី​សប្តាហ៍​មុន ក្រុម​នេះ​ចាញ់​ណាហ្គា​វើ​ល ក្នុង​លទ្ធផល ៦-១​។ អាស៊ី​អឺរ៉ុប​ស្ថិតនៅ​លេខ​៨ ក្នុង​តារាង​មាន​១៨​ពិន្ទុ​ក្នុង​ដៃ​។​


 
​ដោយឡែក អង្គ​រថា​យ​ហ្គឺ​រ ជួប​អគ្គស្នងការ​នគរបាល​ជាតិ ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​។ នេះ​ក៏​ជា​ជំនួប​សង​សឹង​ដែរ​សម្រាប់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បន្ទាប់ពី​ចាញ់​អគ្គស្នងការ​នគរបាល​ជាតិ ២-១ ក្នុង​ជើង​ទី​១​។ ក្រៅពី​ដើម្បី​សងសឹក អង្គ​រថា​យ​ហ្គឺ​រ ក៏ត្រូវ​ការ​ឈ្នះ ដើម្បី​រំកិល​ចំណាត់ថ្នាក់​របស់ខ្លួន​ផងដែរ​។​
 
​ប៉ុន្តែ វា​មិនមែនជា​រឿង​ងាយ​ឡើយ សម្រាប់​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ ព្រោះ​អគ្គស្នងការ​នគរបាល​ជាតិ ជា​ក្រុម​ខ្លាំង និង​សម្បូរ​កីឡាករ​មាន​ទេពកោសល្យ​។ ម្យ៉ាង​ពួកគេ ក៏ត្រូវ​ការ​ឈ្នះ​ជំនួប​នេះ ដើម្បី​ដណ្តើម​លេខ​រៀង​ទី​៥​ដែរ​។ ប៉ូលិស​ស្ថិតនៅ​៦ ក្នុង​តារាង​មាន​២៤​ពិន្ទុ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ ស្ថិតនៅ​លេខ​៩​ក្នុង​តារាង​មាន​១៦​ពិន្ទុ​។ កាលពី​សប្តាហ៍​មុន ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​សូល​ទី​ឡូ​អង្គរ ខណៈ​អង្គ​រថា​យ​ហ្គឺ​រ លត់​អគ្គិសនី ៥-០​។ 
 
​រីឯ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ក៏​នឹង​ប៉ះ​ណាហ្គា​វើ​ល នៅ​ម៉ោង​៣​រសៀល​នេះដែរ នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​។ វេ​ស្ទើ​ន​ភ្នំពេញ ជា​ក្រុម​ដែល​អាច​ប្រឈម​នឹង​ការ​កាត់​ចេញពី​ក្របខណ្ឌ​កំពូល​កម្ពុជា នៅ​រដូវ​កាល​ក្រោយ ព្រោះ​១៦​ប្រកួត​កន្លងមក ក្រុម​នេះ​មិនដែល​ស្គាល់​ជ័យជម្នះ​នោះទេ បាន​ត្រឹម​ស្មើ​១​លើក​តែប៉ុណ្ណោះ​។ បច្ចុប្បន្ន​ក្រុម​នេះ កំពុង​ស្ថិតនៅ​បាត​តារាង​មាន​១​ពិន្ទុ ក្នុង​ដៃ​។ ចំណែក​ណាហ្គា​វើ​ល ជា​ក្រុម​ខ្លាំង ស្ថិតនៅ​លេខ​២ ក្នុង​តារាង​មាន​៣៨​ពិន្ទុ ក្រោយ​ឈ្នះ​១២ ស្មើ​២ និង​ចាញ់​២​។ កាលពី​ជើង​ទី​១ ណាហ្គា​វើ​ល បាន​លត់​វេ​ស្ទើ​ន​ភ្នំពេញ ១០-១ ដែលជា​លទ្ធផល​អាក្រក់​ជាងគេ​បំផុត​សម្រាប់​វេ​ស្ទើ​ន​៕   

Tag:
 បាល់ទាត់​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com