កីឡាជាតិ
ជាតិ
ឆន្ទៈ​និង​ស្មារតី​ក្រុម ជួយ​ឲ្យ​ក្លិប​ដេ​អិន​យកឈ្នះ​ក្រសួងការពារជាតិ ដែលមាន​សមត្ថភាព​ខ្ពស់ជាង​ខ្លួន​
11, Aug 2018 , 3:16 pm        
រូបភាព
រូបពីហ្វេសប៊ុក NOCC
រូបពីហ្វេសប៊ុក NOCC
ដោយ:
​ក្រុម​សីដក់​ដេ​អិន បាន​គ្រង​ជើងឯក​ពានរង្វាន់​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៨ លើ​វិញ្ញាសា​បុរស​៣​នាក់ ទល់​៣​នាក់ ក្រោយ​យកឈ្នះ​ក្រុម​ក្រសួងការពារជាតិ​២​សិត ទល់​១​សិត នា​ការប្រកួត​ផ្តាច់ព្រ័ត្រ​។ ប្រធាន​ក្លិប​ដេ​អិន លោក ស្រូ​យ សុវណ្ណ​រ៉ា បាន​និយាយថា ឆន្ទៈ និង​ស្មារតី​លេង​ជា​ក្រុម គឺជា​កត្តា​ជួយ​ឲ្យ​ក្រុម​ទទួលបាន​ជោគជ័យ​នៅ​លើក​នេះ​។ សំណាង ក៏​ជា​កត្តារួម​ចំណែក​មួយ​ផងដែរ​។ លោក​ទទួលស្គាល់ថា ដេ​អិន​អាច​នឹង​ជួប​ការលំបាក បើសិន​ក្រសួងការពារជាតិ​មាន​កីឡាករ​ដើម្បី​ដោះដូរ​។​

 
​ការហ្វឹកហាត់​ពង្រឹងសមត្ថភាព​ទៀងទាត់ រៀងរាល់​ក្រោយ​ម៉ោង​ធ្វើការ នៅ​សួនច្បារ​តោ​ពីរ ធ្វើ​ឲ្យ​កីឡាករ​សីដក់​ដេ​អិន យល់ចិត្ត​គ្នា​បាន​យ៉ាង​ល្អ​។ កត្តា​នេះ រួមផ្សំ​ជាមួយ​ឆន្ទៈ​របស់​កីឡាករ និង​ស្មារតី​លេង​ជា​ក្រុម ជួយ​ឲ្យ​ក្រុម​ដេ​អិន យកឈ្នះ​ក្រសួងការពារជាតិ នា​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីលាន​ក្នុង​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​។ ជ័យជម្នះ​២​សិត ទល់​១​សិត ជួយ​ឲ្យ​ក្រុម​សីដក់​ដេ​អិន គ្រង​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០១៨ លើ​វិញ្ញាសា​បុរស​៣​នាក់ ទល់​៣​នាក់​។ 


 
«​យើង​សង្កេតឃើញ​សិត​ទី​១ ដេ​អិន​ឈ្នះ និង​សិត​ទី​២​ចាញ់​។ នេះ​ជា​យុទ្ធសាស្ត្រ ដែល​គ្រូបង្វឹក​នីមួយៗ​ត្រូវ​គិត ថា​តើ​យើង​ទុក​កីឡាករ​រូប​ណា ឲ្យ​លេង​នៅ​សិត​ចុងក្រោយ​។ ខ្ញុំ​ឃើញ​ក្រុម​ក្រសួងការពារជាតិ មិនមាន​កីឡាករ​ដោះដូរ​នោះទេ​។ ធម្មតា​ការលេង​សីដក់ ត្រូវ​ប្រើ​បច្ចេកទេស និង​កម្លាំង​ខ្លាំង​។ ក្រុម​ពីរ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា តែបើ​ក្រុម​ណាមួយ គ្មាន​កីឡាករ​ដោះដូរ ក្រុម​នោះ នឹង​ចាញ់​ប្រៀប​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ស្រូ​យ សុវណ្ណ​រ៉ា ប្រធាន​ក្លិប​សីដក់​ដេ​អិន​។​
 
​យ៉ាងណាមិញ ប្រធាន​ក្លិប​រូបនេះ​ទទួលស្គាល់ថា កីឡាករ​ក្រសួងការពារជាតិ មាន​សមត្ថភាព និង​បច្ចេកទេស​ខ្ពស់ជាង បើ​ធៀប​នឹង​កីឡាករ​ដេ​អិន ព្រោះ​ពួកគេ​ទាំងបី​នាក់ សុទ្ធសឹង​ជា​កីឡាករ​ជម្រើសជាតិ​។ លោក​ក៏​ជឿជាក់​ដែរ​ថា បើសិន​ក្រុម​នេះ មាន​កីឡាករ​គ្រប់គ្រាន់​ក្នុងការ​ដោះដូរ      ដេ​អិន អាច​ប្រឈម​ការលំបាក ឬ​អាច​បរាជ័យ​ក៏​ថា​បាន​។ សម្រាប់​ការប្រកួត​នេះ ក្រសួងការពារជាតិ​មាន​កីឡាករ​តែ​៣​រូប ប៉ុណ្ណោះ​។ 


 
​កត្តា​ចាញ់​ប្រៀប​នេះហើយ ដែល​ធ្វើ​ឲ្យ​ប្រធាន​ក្លិប​សីដក់​ដេ​អិន លោក ស្រូ​យ សុវណ្ណ​រ៉ា បារម្ភ​យ៉ាងខ្លាំង ពេល​ជួប​ក្រសួងការពារជាតិ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ តែ​អ្វីៗ​បាន​ត្រឡប់​មករក​ភាព​ធម្មតា​វិញ ក្រោយ​សំណាង បាន​ជួយ​ឲ្យ​ដេ​អិន យកឈ្នះ​ក្រសួងការពារជាតិ​។ ការចាត់ទុក​សំណាង ជា​កត្តារួម​ចំណែក​នៃ​ជោគជ័យ​នេះ ដោយសារ​ក្នុងអំឡុងពេល​ប្រកួត ក្រសួងការពារជាតិ បាន​សាង​កំហុស​ជាច្រើន តាមរយៈ​ការ​ខូច​សេវា និង​ការសម្រេច​ទី​របស់​កីឡាករ​។ 
 
​នេះ​មិនមែនជា​ការជួបគ្នា​លើក​ទី​១​នោះទេ ពោលគឺ​ក្រុម​ទាំងពីរ ធ្លាប់​ជួបគ្នា​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ពីរលើក​រួចមកហើយ​។ នា​ការប្រកួត​ជើងឯក​លី​គ សីដក់​ប្រចាំឆ្នាំ​២០១៨ ក្រុម​ដេ​អិន បាន​យកឈ្នះ​ក្រសួងការពារជាតិ ក្នុង​លទ្ធផល​២​សិត ទល់នឹង​១​សិត​ដូចគ្នា​។ តែ​នា​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ក្រសួងការពារជាតិ យកឈ្នះ​ដេ​អិន ក្នុង​លទ្ធផល​២​សិត ទល់នឹង​០ ដើម្បី​គ្រង​ជើងឯក លើ​វិញ្ញាសា​៣​នាក់​ទល់នឹង​៣​នាក់​នេះ​។ 
 
​ការប្រកួត​កីឡា​សីដក់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០១៨ ដែល​រៀបចំ​ពីថ្ងៃ​ទី​៦-១០ ខែ​នេះ​នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ មាន​ក្លិប​-​សមាគម​១៤​ចូលរួម ដោយមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​កីឡាការិនី​សរុប​ចំនួន​២៥៨​នាក់​។ អត្ត​ព​លិ​ក​ទាំងនេះ ប្រកួតប្រជែង​លើ​៥​ប្រភេទ​វិញ្ញាសា​៕     



Tag:
 សីដក់​
  ស្រូ​យ សុវណ្ណ​រ៉ា​
  ជើងឯក​ថ្នាក់ជាតិ​
  ដេ​អិន​
  ក្រសួងការពារជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com