កីឡាជាតិ
ជាតិ
ឆន្ទៈនិងស្មារតីក្រុម ជួយឲ្យក្លិបដេអិនយកឈ្នះក្រសួងការពារជាតិ ដែលមានសមត្ថភាពខ្ពស់ជាងខ្លួន រូបពីហ្វេសប៊ុក NOCC
× ក្រុមសីដក់ដេអិន បានគ្រងជើងឯកពានរង្វាន់ថ្នាក់ជាតិប្រចាំឆ្នាំ២០១៨ លើវិញ្ញាសាបុរស៣នាក់ ទល់៣នាក់ ក្រោយយកឈ្នះក្រុមក្រសួងការពារជាតិ២សិត ទល់១សិត នាការប្រកួតផ្តាច់ព្រ័ត្រ។ ប្រធានក្លិបដេអិន លោក ស្រូយ សុវណ្ណរ៉ា បាននិយាយថា ឆន្ទៈ និងស្មារតីលេងជាក្រុម គឺជាកត្តាជួយឲ្យក្រុមទទួលបានជោគជ័យនៅលើកនេះ។ សំណាង ក៏ជាកត្តារួមចំណែកមួយផងដែរ។ លោកទទួលស្គាល់ថា ដេអិនអាចនឹងជួបការលំបាក បើសិនក្រសួងការពារជាតិមានកីឡាករដើម្បីដោះដូរ។
ការហ្វឹកហាត់ពង្រឹងសមត្ថភាពទៀងទាត់ រៀងរាល់ក្រោយម៉ោងធ្វើការ នៅសួនច្បារតោពីរ ធ្វើឲ្យកីឡាករសីដក់ដេអិន យល់ចិត្តគ្នាបានយ៉ាងល្អ។ កត្តានេះ រួមផ្សំជាមួយឆន្ទៈរបស់កីឡាករ និងស្មារតីលេងជាក្រុម ជួយឲ្យក្រុមដេអិន យកឈ្នះក្រសួងការពារជាតិ នាប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ នៅទីលានក្នុងវិមានពហុកីឡដ្ឋានជាតិ។ ជ័យជម្នះ២សិត ទល់១សិត ជួយឲ្យក្រុមសីដក់ដេអិន គ្រងជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ លើវិញ្ញាសាបុរស៣នាក់ ទល់៣នាក់។
«យើងសង្កេតឃើញសិតទី១ ដេអិនឈ្នះ និងសិតទី២ចាញ់។ នេះជាយុទ្ធសាស្ត្រ ដែលគ្រូបង្វឹកនីមួយៗត្រូវគិត ថាតើយើងទុកកីឡាកររូបណា ឲ្យលេងនៅសិតចុងក្រោយ។ ខ្ញុំឃើញក្រុមក្រសួងការពារជាតិ មិនមានកីឡាករដោះដូរនោះទេ។ ធម្មតាការលេងសីដក់ ត្រូវប្រើបច្ចេកទេស និងកម្លាំងខ្លាំង។ ក្រុមពីរមានសមត្ថភាពប្រហាក់ប្រហែលគ្នា តែបើក្រុមណាមួយ គ្មានកីឡាករដោះដូរ ក្រុមនោះ នឹងចាញ់ប្រៀប»។ នេះជាការបញ្ជាក់របស់ លោក ស្រូយ សុវណ្ណរ៉ា ប្រធានក្លិបសីដក់ដេអិន។
យ៉ាងណាមិញ ប្រធានក្លិបរូបនេះទទួលស្គាល់ថា កីឡាករក្រសួងការពារជាតិ មានសមត្ថភាព និងបច្ចេកទេសខ្ពស់ជាង បើធៀបនឹងកីឡាករដេអិន ព្រោះពួកគេទាំងបីនាក់ សុទ្ធសឹងជាកីឡាករជម្រើសជាតិ។ លោកក៏ជឿជាក់ដែរថា បើសិនក្រុមនេះ មានកីឡាករគ្រប់គ្រាន់ក្នុងការដោះដូរ ដេអិន អាចប្រឈមការលំបាក ឬអាចបរាជ័យក៏ថាបាន។ សម្រាប់ការប្រកួតនេះ ក្រសួងការពារជាតិមានកីឡាករតែ៣រូប ប៉ុណ្ណោះ។
កត្តាចាញ់ប្រៀបនេះហើយ ដែលធ្វើឲ្យប្រធានក្លិបសីដក់ដេអិន លោក ស្រូយ សុវណ្ណរ៉ា បារម្ភយ៉ាងខ្លាំង ពេលជួបក្រសួងការពារជាតិ នៅវគ្គផ្តាច់ព្រ័ត្រ។ តែអ្វីៗបានត្រឡប់មករកភាពធម្មតាវិញ ក្រោយសំណាង បានជួយឲ្យដេអិន យកឈ្នះក្រសួងការពារជាតិ។ ការចាត់ទុកសំណាង ជាកត្តារួមចំណែកនៃជោគជ័យនេះ ដោយសារក្នុងអំឡុងពេលប្រកួត ក្រសួងការពារជាតិ បានសាងកំហុសជាច្រើន តាមរយៈការខូចសេវា និងការសម្រេចទីរបស់កីឡាករ។
នេះមិនមែនជាការជួបគ្នាលើកទី១នោះទេ ពោលគឺក្រុមទាំងពីរ ធ្លាប់ជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពីរលើករួចមកហើយ។ នាការប្រកួតជើងឯកលីគ សីដក់ប្រចាំឆ្នាំ២០១៨ ក្រុមដេអិន បានយកឈ្នះក្រសួងការពារជាតិ ក្នុងលទ្ធផល២សិត ទល់នឹង១សិតដូចគ្នា។ តែនាការប្រកួតកីឡាជាតិលើកទី២ ក្រសួងការពារជាតិ យកឈ្នះដេអិន ក្នុងលទ្ធផល២សិត ទល់នឹង០ ដើម្បីគ្រងជើងឯក លើវិញ្ញាសា៣នាក់ទល់នឹង៣នាក់នេះ។
ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៨ ដែលរៀបចំពីថ្ងៃទី៦-១០ ខែនេះនៅវិមានពហុកីឡដ្ឋានជាតិ មានក្លិប-សមាគម១៤ចូលរួម ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនីសរុបចំនួន២៥៨នាក់។ អត្តពលិកទាំងនេះ ប្រកួតប្រជែងលើ៥ប្រភេទវិញ្ញាសា៕
Tag:
សីដក់
ស្រូយ សុវណ្ណរ៉ា
ជើងឯកថ្នាក់ជាតិ
ដេអិន
ក្រសួងការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com