ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ថា​នី ខា​ធើ​រី​ន បង្កើត​សិប្បកម្ម​តុបតែង​«​ន​រា​អង្គរ​» ដើម្បី​លើកកម្ពស់​សូត្រ​ខ្មែរ និង​បង្កើត​ការងារ​ឱ្យ​កូន​ខ្មែរ​
11, Aug 2018 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ ន​រា​អង្គរ ជា​សិប្បកម្ម​កែច្នៃ​ចង្កៀង​ពី​សូត្រ​ខ្មែរ និង​សង្ហារិម​ធ្វើ​ដោយ​ដៃ​ដទៃទៀត ជាង​២០​មុខ ដូចជា ពូក សា​ឡុង និង​តុ​ជាដើម​។ សិប្ប​កម្មនេះ បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០១១ ដោយ​ស្ត្រី​វ័យក្មេង​មួយរូប គឺ​អ្នកនាង ថា​នី ខា​ធើ​រី​ន​។ ស្ត្រី​វ័យ​២៨​រូបនេះ អះអាងថា នាង​បង្កើត ន​រា គឺ​ដើម្បី​ច្នៃ​ផលិតផល​សូត្រ​ខ្មែរ ឱ្យ​ក្លាយជា​សម្ភារ​ប្រើប្រាស់​សម្បូរបែប និង​ជួយ​បង្កើត​ការងារ​កាន់តែច្រើន​ឱ្យ​កូន​ខ្មែរ ដែល​ខ្វះ​ជំនាញ ដើម្បី​កុំ​ឲ្យ​ពួកគេ​ធ្វើ​ចំណាកស្រុក​។ អ្នកនាង ថា​នី ខា​ធើ​រី​ន ដែល​ទើបតែ​ទទួលបាន​ពានរង្វាន់​សហគ្រិន​ឆ្នើម​វ័យក្មេង ផ្នែក មុខរបរ​បង្កើត​ថ្មី​កាលពី​ខែមិថុនា​កន្លង​ទៅនោះ ក៏មាន​ក្ដី​ស្រមៃ​ឱ្យ​បុគ្គលិក​ន​រា​ទាំងអស់ មាន​ជំនាញ​ច្បាស់លាស់ និង​មាន​សមត្ថភាព​បើក​អាជីវកម្ម​ដោយ​ខ្លួនឯង នៅ​ថ្ងៃ​អនាគត​ដូច​ខ្លួន​ផងដែរ​។ ហេតុអ្វី​បានជា សហគ្រិន​វ័យក្មេង​រូបនេះ​មាន​ក្ដី​ប្រាថ្នា​បែបនេះ​?


​តទៅ​នេះ​សូម​នាង​កញ្ញា លោក លោកស្រី អញ្ជើញ​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដូចតទៅ​៖



 
​មាន​វ័យ​២៨​ឆ្នាំ អ្នកនាង ថា​នី ខា​ធើ​រី​ន ទើបតែ​ទទួលបាន​ពានរង្វាន់​សហគ្រិន​ឆ្នើម​វ័យក្មេង​ផ្នែក មុខរបរ​បង្កើត​ថ្មី ក្រោយពី​អាជីវ​កម្មនេះ​ចាប់កំណើត​ឡើង​នៅ​ឆ្នាំ​២០១១ ពោល​តាំងពី​អ្នកនាង​នៅ​អាយុ​២១​ឆ្នាំ​។ អាជីវកម្ម​ធ្វើ​អំពូល​ចង្កៀង​ច្នៃ​ពី​សូត្រ​ខ្មែរ ខ្នើយ សា​ឡុង តុ និង​គ្រឿង​សង្ហា​រឹម​ជាច្រើន​ទៀត​ប្រមាណ​២០​ប្រភេទ​ច្នៃ​ជា​លក្ខណៈ​ខ្មែរ និង​ជា​គំនិត​បង្កើត​ថ្មី គឺ​ន​រា​កំពុងមាន​សព្វថ្ងៃ​។ ចាប់ផ្ដើម​ពី​មាន​បុគ្គលិក​តែ​៣​នាក់​រហូតដល់​៣០​នាក់ អ្នកនាង ខា​ធើ​រី​ន មាន​ក្ដី​ប្រាថ្នា​តាំងពី​គិត​បង្កើត​អាជីវកម្ម​ដំបូង ថា​អាជីវកម្ម​របស់ខ្លួន​ប​ង្កើ​ត​ឡើង ដើម្បី​ច្នៃ​សូត្រ​ខ្មែរ​ឱ្យ​ក្លាយជា​សម្ភារ​ប្រើប្រាស់​សម្បូរបែប និង​ជួយ​បង្កើត​ការងារ​ឱ្យ​កូន​ខ្មែរ​។ ក្នុង​ទឹកមុខ​ញញឹម ស្របពេល​ភ្នែក​រេ​ទៅ​មើល​អំពូល​ចង្កៀង​ដែល​ដាក់តាំង​បង្ហាញ នៅក្នុង​ស្ដង់​របស់ខ្លួន ព្រម​ដោយ​សម្ដី​មិន​ខ្លាច​គេ​សើចចំអក​ពី​ក្ដី​សុបិន​របស់ខ្លួន អ្នកនាង ខា​ធើ​រី​ន ពិតជា​ចង់ឱ្យ​ក្រុមហ៊ុន​ន​រា​មាន​បុគ្គលិក​រាប់ម៉ឺន​នាក់​នៅ​ថ្ងៃ​អនាគត​។ ទោះ​កូន​អ្នក​សៀមរាប​រូបនេះ ខំប្រឹង​បង្កើត​ក្រុមហ៊ុន​ន​រា​ទាំង​លំបាកលំបិន​យ៉ាងណាក្ដី ប៉ុន្តែ​នាង​នៅតែ​ចង់ឱ្យ​កូន​ខ្មែរ​ច្រើន​នាក់ ជាពិសេស​បុគ្គលិក​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​ខ្លួន ទៅ​បើក​ក្រុមហ៊ុន​ដូច​ខ្លួន ឱ្យ​កាន់តែច្រើន​ថែមទៀត​នៅពេល​ខាងមុខ​។ 
 
​ថ្វី​ដ្បិត​មុខ​ជំនួញ​ដែល​ទាក់ទង​នឹង​គ្រឿង​សង្ហា​រឹម​ប្រមាណ​២០​ប្រភេទ ដែល​ន​រា​កំពុងមាន​សព្វថ្ងៃនេះ មិនទាន់មាន​ក្រុមហ៊ុន​ណា​លក់​ដូច​ខ្លួន ដែលជា​ផ្លូវ​មួយ​ជួយ​ឱ្យ​ក្រុមហ៊ុន​នេះ​មាន​ប្រាក់​ច្រើន​លើ​ការវាយលុក​ទីផ្សារ​ទាំង​ក្នុង  និង​ក្រៅប្រទេស តែ​ស្ថាបនិក​ន​រា បែរជា​ចង់បាន​ក្រុមហ៊ុន​ដែល​លក់​សម្ភារ​ដូច​ខ្លួន បង្កើត​ច្រើន​ដើម្បី​ប្រកួតប្រជែង​។ ឥទ្ធិពល​ពី​ប្រព័ន្ធគ្រប់គ្រង​ទីផ្សារ​ប្រមាណ​ជាង​១០​ប្រទេស ធ្វើឱ្យ​អ្នកជំនួញ​ជា​ស្ត្រី​វ័យក្មេង​ដែលជា​កូនពៅ​ក្នុង​គ្រួសារ​រូបនេះ ហាក់​មាន​សុទិដ្ឋិនិយម​ច្រើន ទៅលើ​ការប្រកួតប្រជែង​ជំនួញ​ដែលមាន​មុខទំនិញ​ដូចគ្នា ព្រោះ​នាង​មានជំនឿថា ការប្រកួតប្រជែង​ដោយ​ភាពស្មោះត្រង់ នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​កាន់តែ​រីកចម្រើន​។ តស៊ូ​រហូត​បាន​បង្កើត​អាជីវកម្ម​ថ្មី​ដោយ​ខ្លួនឯង អ្នកនាង ខា​ធើ​រី​ន និយាយថា​នាង​ចង់ឱ្យ​បុគ្គលិក​របស់ខ្លួន ទទួលបាន​ចំណេះ​ច្រើន​ពី​ន​រា ទោះ​មិនបាន​១០០​ភាគរយ​ក៏ដោយចុះ​។ «​បើ​មើល​ក្នុង​វិស័យ​ពាណិជ្ជកម្ម គេ​អាច​ហៅថា​កា​ប្រកួតប្រជែង​គ្នា ប៉ុន្តែ​សូម​ប្រកួតប្រជែង​ក្នុង​ក្រមសីលធម៌​។ យើង​សហការគ្នា​ក្នុង​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​។ គាត់​ធ្វើ​ឲ្យ​ល្អ ទៅលើ​ការងារ​គាត់​។ ខ្ញុំ​ធ្វើ​ឲ្យ​បានល្អ​ចំពោះ​ការងារ​ខ្ញុំ​។ ខ្ញុំ​អត់​ដណ្តើម​ភ្ញៀវ​ទេ​។ អីចឹង​ធ្វើ​យ៉ាងម៉េច ជួយ​គ្នា​ផលិត​ផលិតផល​នេះ​ឲ្យ​កាន់តែច្រើន ប្រជាជនមាន​ការងារ​។ ហេតុអ្វី​យើង​ត្រូវ​ឈ្លោះ​គ្នា​? ពេល​មាន​ការងារ លុយ​ហូរ​ចូលមកក្នុង​ស្រុក​។ ឲ្យ​តែ​ពួកគាត់​រៀន​ពី​ខ្ញុំ​បាន​ច្រើន ខ្ញុំ​កាន់តែ​សប្បាយចិត្ត​»​។ 
 


 
​បាន​ជួប​ផលវិបាក​ជាច្រើន​ស្ទើរតែ​ធ្វើឱ្យ​ន​រា​បាត់ ឈ្មោះ​ម្ដងៗ​យ៉ាងណាក្ដី ប៉ុន្តែ​ន​រា​នៅតែ​ទៅមុខ ដោយសារតែ​អ្នកនាង ខា​ធើ​រី​ន ដែលជា​ម្ចាស់​សិប្ប​កម្មនេះ ប្រាប់​ខ្លួនឯង​ថា​មិនត្រូវ​បោះបង់​ក្ដី​ស្រមៃ​ខ្លួន​ឡើយ​។ ដើរមក​ដល់ពេល​បច្ចុប្បន្ន​នេះ ន​រា បាន​បង្កើត​គ្រឿងសង្ហារិម​មាន​ពណ៌​សម្បុរ​ខ្មែរ ដែល​ផ្គត់ផ្គង់​ទៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ ភោជនីយដ្ឋាន និង​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ថែមទាំង​នាំចេញ​ទៅ​ក្រៅប្រទេស​ផង​។ «​យើង​ផ្គត់ផ្គង់​មិន​ត្រឹមតែ​ក្នុងស្រុក​ទេ គឺ​ទៅ​ក្រៅ​ស្រុក​ទៀត​។ តាមចិត្ត​ភ្ញៀវ​។ គាត់​មាន​តម្រូវការ​ម៉ូដ​បែបណា​? គឺ​គាត់​កម្មង់​តាម​ហ្នឹង​។ យើង​ធ្លាប់​ផ្ញើ​ទៅ​បារាំង អូស្ត្រាលី បែ​ល​ហ្សិ​ក អាមេរិក និង​អង់គ្លេស​»​។ 
 
​និយាយ​ដោយ​ភាពជឿជាក់ ក្នុង​ដំណើរ​សម្ដី​ម៉ឺងម៉ាត់ និង​មាន​មហិច្ឆតា​ខ្ពស់ អ្នកនាង ថា​នី ខា​ធើ​រី​ន ចង់ឱ្យ​សិប្ប​កម្មន​រា ល្បីឈ្មោះ​លើ​ឆាក​ជាតិ និង​អន្តរជាតិ ដោយ​ស្នាដៃ​កូន​ខ្មែរ​ទាំងស្រុង ដោយ​មិនមាន​ជនបរទេស សូម្បី​ម្នាក់ ធ្វើការ​ក្នុង​សិប្ប​កម្មនេះ​។ មកដល់​ត្រង់នេះ មិនមែន​ន​រា​រើសអើង​ពូជសាសន៍​ឡើយ ប៉ុន្តែ​អ្នកនាង​ខា​ធើ​រី​ន គ្រាន់តែ​ចង់​លើកទឹកចិត្ត​ខ្មែរ ថា​ខ្លួន​ពិត​ជាមាន​សមត្ថភាព​ពេញលេញ ដើរ​ដោយ​ខ្លួនឯង​ដើម្បីឱ្យ​អន្តរជាតិ​ទទួលស្គាល់ ស្របពេល​នាង​ពោល​សរសើរ​ថា បុគ្គលិក​ខ្មែរ​ធ្វើការ​លើសពី​ទំនួល​ខុសត្រូវ​របស់ខ្លួន ។​«​ខ្មែរ​មាន​មនោសញ្ចេតនា​ច្រើនជាង ព្រោះ​នៅពេល​គាត់​ធ្វើការ គាត់​យោគយល់​ច្រើន​។ ការងារ​ខ្លះ យើង​កាន់តែ​ផ្នែក​ទីផ្សារ ប៉ុន្តែ​ពេលខ្លះ​គាត់​ត្រូវ​ជួប​ជាមួយ​ជាង​។ នេះ​បានន័យថា គាត់​ធ្វើ​លើសពី​ទំនួល​ខុសត្រូវ​គាត់​ទៅហើយ ដើម្បី​ក្រុមហ៊ុន​រីកចម្រើន​ទៅមុខ​លឿន​។ បរទេស ក៏​ធ្វើ​មិន​លើសពី​ខ្មែរ​យើង​ប៉ុន្មាន​ដែរ​។ ខ្ញុំ​ចង់ឃើញ​ក្រុមហ៊ុន​មួយ​នេះ​ជោគជ័យ ដោយ​កូន​ខ្មែរ​សុទ្ធសាធ​។ ផលិតផល​ដូចគ្នា បើ​បរទេស​គាត់​យកទៅលក់ បាន​ថ្លៃ​ជាង​។ ចុះ​ហេតុអ្វី​ក៏​ខ្មែរ​យើង​មិន​ព្រម​ជួយ​ខ្មែរ​គ្នាឯង ជាជាង​ទៅ​ទិញ​ពី​បរទេស​»​។​
 
​ព្រោះតែ​គ្រឿងសង្ហារិម​ច្នៃ​ពី​សូត្រ មាន​សម្ភារ​អំពូល​ចង្កៀង​ជាប់​ជញ្ជាំង និង​ដាក់​លើ​តុ ពូក សា​ឡុង តុ និង​សម្ភារ​ផ្សេងទៀត ប្រមាណ​២០​មុខ​ធ្វើ​ដោយ​ដៃ មិនទាន់មាន​សិប្បកម្ម ឬ ក្រុមហ៊ុន​ណា​មាន​ដូច​ខ្លួន ន​រា ត្រូវ​ទទួលយក​បុគ្គលិក​ដែល​មិនចេះ​សោះ មក​ធ្វើការ​។ ដោយ​ធ្វើការ​បណ្ដើរ បង្រៀន​ពួកគេ​បណ្ដើរ ហើយ​នេះ​ក៏​ជា​បំណង​របស់​ម្ចាស់​សិប្បកម្ម​នេះដែរ ដែល​ចង់​កាត់បន្ថយ​ចំណាកស្រុក របស់​អ្នក​គ្មាន​ជំនាញ​។ អ្នកនាង ខា​ធើ​រី​ន មានជំនឿថា ខ្លួន​អាច​បណ្ដុះ​អ្នក​គ្មាន​ជំនាញ​ជាច្រើន​នាក់ ដែល​មក​ធ្វើ​ការឱ្យ​ខ្លួន ឱ្យមាន​ជំនាញ និង​មាន​សមត្ថភាព ដើម្បី​បើក​អាជីវកម្ម​ខ្លួនឯង​ទៅ​ថ្ងៃ​អនាគត​។ «​ចង្កៀង​នេះ គឺជា​ការងារ​អត់​ទូលំទូលាយ​ក្នុង​ទីផ្សារ​ទេ​។ អីចឹង​រាល់ថ្ងៃ ខ្ញុំ​ទទួលយក​បុគ្គលិក​ដែល​មិនចេះ​សោះ មក​បង្រៀន​។ យើង​អត់​រើសអើង​ថា​បុគ្គលិក​នោះ ចេះ ឬ​មិនចេះ ពីព្រោះ​ការងារ​ចង្កៀង ជាការ​ងារ​ថ្មី​។ តែ​អ្វីដែល​សំខាន់ គាត់​មាន​ឆន្ទៈ​ក្នុង​ការរៀន​ឬ​អត់​?»​។ 
 
​ផ្ដើម​ក្ដីសង្ឃឹម​ចេញពី​ការឈឺចាប់ ព្រោះតែ​អ្នកភូមិ​មើលងាយ​គ្រួសារ​ខ្លួន ដែលមាន​សុទ្ធតែ​កូនស្រី ថា​មិនអាច​ធ្វើឱ្យ​គ្រួសារ​រុងរឿង​បាន ក្មេងស្រី ខា​ធើ​រី​ន បាន​តាំងចិត្ត​ខំរៀន រហូតដល់​ទទួលបាន​ពិន្ទុ​ល្អ​តាំងពី​តូច​។ «​គ្រួសារ​ខ្ញុំ​មានកូន​តែ​២​នាក់​។ ស្រី​ទាំង​២​នាក់​។ ប្រឈម​នឹង​ការមើល​ងាយ គេ​ថា​គ្មាន​អ្នកណា​ស្នង​ត្រកូល​។ មួយទៀត​គេ​ថា កូនស្រី​គ្មាន​ទៅមុខ​ទេ​។ គ្រួសារ​ក្រ​ហើយ នៅតែ​ក្រ​អីចឹង​។ បើ​មានកូន​ប្រុស ក្រែង​គេ​ខំ ជ្រោង​គ្រួសារ​។ ឪពុក​ខ្ញុំ​ឈឺចាប់​នឹង​ការមើល​ងាយ​នេះ គាត់​បាន​បង្រៀន​កូន​ឲ្យ​ឈរ​ដោយ​ខ្លួនឯង ហើយ​ប្រឹងប្រែង ឲ្យ​មាន​លក្ខណៈពិសេស​មួយ​ដែល​គេ​ឈប់​មើលងាយ​គ្រួសារ​យើង​»​។​
 
​អ្នកនាង រ៉េត កិ​ត្យា ជា​បុគ្គលិក​នៅ​សិប្បកម្ម​ន​រា ផ្នែក​ទីផ្សារ ដែល​ទើបតែ​ចូលធ្វើ​នៅទីនេះ​បាន​រយៈពេល​២​ខែ​តែប៉ុណ្ណោះ​។ តាមពិតទៅ មុន​ចូលមក​ន​រា កិ​ត្យា ធ្លាប់មាន​បទពិសោធន៍​ធ្វើការ​ផ្នែក​លក់​១០​ឆ្នាំ​មកហើយ​។ រយៈពេល​ពីរ​ខែ​នេះ អ្វីដែល​នារី​វ័យ​២៨​ឆ្នាំ​រូបនេះ រៀនសូត្រ​បាន​ពី​ន​រា គឺ​នាង​អាចធ្វើ​ការ​លើសពី​ជំនាញ​របស់ខ្លួន​។ អ្នកនាង​កិ​ត្យា​បញ្ជាក់ថា មុន​មក​ធ្វើការ​នៅ​ន​រា នាង​មានតែ​ជំនាញ​ផ្នែក​លក់​តែប៉ុណ្ណោះ​ប៉ុន្ដែ​នៅ​ន​រា បាន​បង្រៀន​នាង​ឱ្យ​ចេះ​ផ្នែក​ច្នៃ​ម៉ូដ​គ្រឿងសង្ហារិម ចេះ​មើល​ទីតាំង​រៀបចំ​គ្រឿងសង្ហារិម​លំអ​ក្នុង​បន្ទប់​សណ្ឋាគារ ភោជនីយដ្ឋាន ចេះ​ផ្នែក​គ្រប់គ្រង និង​វិធីសាស្ត្រ​ទាក់ទាញ​អតិថិជន​ជាដើម​។ ដ្បិត​ម្នាក់ឯង​ធ្វើការ​ងារ​ច្រើន តែ​កិ​ត្យា​មិនបាន​ត្អូញត្អែរ ពី​ការធ្វើការងារ​ច្រើន​ឡើយ នាង​បែរជា​យល់ថា នាង​កំពុងតែ​ទទួលបាន​ចំណេះ​ច្រើន​ទៅវិញ​។ «​គាត់​តែងតែ​ផ្តល់ព័ត៌មាន​ទាំង​អស់ពី​ភ្ញៀវ​របស់គាត់​មក​ខ្ញុំ ហើយ​គាត់​ឲ្យ​ខ្ញុំ​ទាក់ទង​ផ្ទាល់​ជាមួយ​អតិថិជន​តែម្តង​។ ហ្នឹង​ដែល​ខ្ញុំ​ទទួលបាន ហើយ​ដែល​ខុសប្លែក​ពី​កន្លែង​មុន​។ ជា​គោលដៅ​ដ៏​មុត​ស្រួច​មួយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ឈាន​ជើង ចូលក្នុង​សង្គម​បាន​លឿន​។ ទោះជា​ថ្ងៃក្រោយ​ខ្ញុំ​ឈប់​ធ្វើការ​នៅទីនេះ ឬ​ខ្ញុំ​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន ក៏​ខ្ញុំ​មាន​បណ្តាញ​ស្រាប់​។ ចឹ​ង​ការបង្កើត​បណ្តាញ គឺ​សំខាន់​នា​ស់ មិន​ថា​សម្រាប់​អ្នកធ្វើការ ឬ​អ្នករកស៊ី​ទេ​»​។​
 


 
​ដូច​ទៅនឹង​បំណង​របស់​ស្ថាបនិក​សិប្បកម្ម​ន​រា អ្នកនាង កិ​ត្យា ពោល​ដោយ​ស្នាមញញឹម និង​មាន​ជំនឿ នាង​ថា ក្រោយពី​បាន​មើលឃើញ​គំរូ​របស់ អ្នកនាង​ខា​ធើ​រី​ន នាង​ពិត​ជាមាន​គម្រោង​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន​នៅ​ថ្ងៃ​ខាងមុខ ក្រោយពី​នាង​ទទួលបាន​ចំណេះ​ច្រើន​នៅទីនេះ​។​
 
​បុគ្គលិក​មួយរូប​ទៀត លោក ធាង រតនា ធ្វើការ​នៅ​ក្រុមហ៊ុន​ន​រា​នេះ បាន​រយៈពេល​១​ឆ្នាំ ផ្នែក​គូរ​ប្លង់​គំរូ​។ ដោយ​ត្រូវ​ការប្រាក់​យកទៅ​ផ្គត់ផ្គង់​ការសិក្សា រតនា ដែល​កំពុង​រៀន​ផ្នែក​ព័ត៌មានវិទ្យា ដំបូង​ឡើយ​លោក​ចាប់ផ្ដើម​ការងារ​រចនា​ម៉ូដ​គំរូ ដោយ​យល់ដឹង​ពី​ការងារ​នេះ​តិចតួច​។ រតនា ត្រូវ​ធ្វើការ​យ៉ាង​លំបាក​ទៅនឹង​ការសិក្សា​ស៊ីជម្រៅ លើ​ការ​គូរ​ម៉ូដ​គំរូ និង​ធ្វើការ​ជាមួយ​ជាង​ផង​។ ក្រោយពី​បានធ្វើការ​នៅទីនេះ​រយៈពេល​១​ឆ្នាំ បន្តិច​ម្ដងៗ រតនា ថា ការងារ​នៅទីនេះ បាន​បង្រៀន​លោក ឱ្យដឹងពី​របៀប​ធ្វើការ ប្រកបដោយ​ប្រសិទ្ធភាព​។ «​ឃើញ​គាត់​ទាក់ទង​ភ្ញៀវ​យ៉ាងម៉េច​? យើង​លួច​រៀន​។ សំខាន់​គឺ​គំនិត​រចនា​ម៉ូដ​របស់គាត់​។ ខ្ញុំ​រៀន​ចេះ​ចំណុច​ពី​គាត់​ច្រើន ព្រោះ​នៅ​សាលា​ខ្ញុំ​រៀន​តែ​ទ្រឹស្តី​ទេ ពេល​ខ្ញុំ​ចូលធ្វើការ ទើប​ដឹងថា គេ​អនុវត្ត​យ៉ាងម៉េច​? គេ​ធ្វើការ​យ៉ាងម៉េច​? ត្រូវ​បត់បែន​យ៉ាងម៉េច​? ផលវិបាក​គឺ​យើង​ជា​អ្នក​រចនា​ម៉ូដ​។ ពេល​យើង​ចេញ​ម៉ូដ​ហើយ យើង​យកទៅ​ឲ្យ​ជាង​។ ពេលខ្លះ​យើង​ពិបាក​ពន្យល់​គាត់ ដោយសារ​យើង​នៅ​ថ្មី​ដែរ​»​។​
 


 
​ការជឿជាក់​លើ​ខ្លួនឯង ដួល​ហើយ​នៅតែមាន​ក្ដីសង្ឃឹម​ក្រោក​ជាថ្មី ទោះ​តែ​មនុស្ស​ភាគច្រើន​មិន​គាំទ្រ​ការងារ​របស់ខ្លួន​យ៉ាងណាក្ដី តែ​នារី​ដែល​បានទទួល​បទពិសោធន៍​ពី​ក្រៅប្រទេស​ជាង​១០​ប្រទេស​រូបនេះ តែង​ប្រាប់​ខ្លួនឯង​ជានិច្ច​ថា បើ​មិន​ដើរទៅ​មុខ អ្នក​ប្រាកដជា​ដូច​ពាក្យ​គេ​ថា​។ ព្យាយាម​មើល​ពី​ភាពបរាជ័យ​របស់​បុគ្គ​ល​ជោគជ័យ ជា​ចំណុច​នាំឱ្យ​មនុស្ស​មាន​កម្លាំង​ដើរទៅ​មុខ ។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាង ខា​ធើ​រី​ន​។ ម្ចាស់​ពានរង្វាន់​សហគ្រិន​ឆ្នើម​វ័យក្មេង ថា​នី ខា​ធើ​រី​ន បាន​លើកទឹកចិត្ត​បុគ្គលិក​របស់ខ្លួន ជាពិសេស​ស្ត្រី គួរតែបង្កើត​អាជីវកម្ម ឱ្យបាន​ច្រើន​ដើម្បី​បង្កើត​ការងារ​ឱ្យ​ខ្មែរ និង​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​ក្រៅប្រទេស​៕





Tag:
 សិប្បកម្ម​
  សូត្រ
© រក្សាសិទ្ធិដោយ thmeythmey.com