អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អតីត​នាយករដ្ឋមន្ត្រី​ថៃ ថាក់ស៊ីន អាច​ងើប​តស៊ូ​ក្នុង​នយោបាយ​ថៃ​ជាថ្មី​
12, Aug 2018 , 10:19 pm        
រូបភាព
ដោយ:
​ក្រោយ​រក្សា​ភាពស្ងប់ស្ងាត់​ដោយ​មិន​តបត​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ពីរ​បប​សឹក​ថៃ អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ បាន​ផ្ញើ​សារ​ពី​ចេតនា​ក្នុងការ​ចូលប្រឡូក​ក្នុង​នយោបាយ​ជាថ្មី​។ លោក ចង់ឃើញ​ប្រជាជន​ថៃ​ទទួលបាន​នូវ​សេចក្តី​ថ្លែ​ថ្នូរ និង​របប​ដឹកនាំ​នយោបាយ​ដែល​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ​ពិតប្រាកដ​ឡើងវិញ​។

 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ The Nation នៅ​ថ្ងៃ​០៩ សីហា លោក ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ នៅ​ថ្ងៃ​ខួបកំណើត​លើក​ទី​៦៩​របស់លោក បាន​ថ្លែង​អរគុណ​ដល់​ប្រជាជន​ដែល​នៅតែ​គាំទ្រ​លោក​រូប​។ លោក​ក៏បាន​ភ្ជាប់​សារ​នយោបាយ​ពី​ចេតនា​ក្នុងការ​តស៊ូ​នាំ​ភាពល្អប្រសើរ​ទាំង​ផ្នែក​ប្រជាធិបតេយ្យ និង​សេដ្ឋកិច្ច​ក្នុង​រាជាណាចក្រ​ថៃ​ឡើងវិញ​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល​នេះ អតីត​នាយករដ្ឋមន្ត្រី ដែល​កំពុងតែ​រស់នៅ​និរទេស​ខ្លួន​ក្រៅប្រទេស​រូបនេះ បាន​លើក​ពី​ឡើង​ជំនឿ​ចិត្ត​ក្នុងការ​ប្រកួតប្រជែងរ​បស់​បក្ស​ភឿ​ថៃ​នា​ការបោះឆ្នោត​ខាងមុខនេះ​យ៉ាង​ដូច្នេះ​ថា​៖«​ការណ៍​ដែល​បក្ស​អាច​ចាញ់​មាន​ប្រភពពីរ គឺ​ដោយសារ​ការស្លាប់ និង​ការបោះបង់​»​។ 
 
​លោក​ថ្លែង​បែបនេះ​រួចហើយ​បន្តទៀតថា​៖« យើង នឹងមិន​ចាញ់​ឡើយ ប្រសិនបើ​នៅ​បន្ត​តស៊ូ​។ វា​មិនមែនជា​សង្គ្រាម​នោះទេ ពោលគឺ​គ្រាន់តែ​សមរភូមិ [​នយោបាយ​] ប៉ុណ្ណោះ​។ សង្គ្រាម នឹងត្រូវ​បញ្ចប់​នៅពេល​គ្រប់យ៉ាង​រលាយ​អស់ហើយ​នោះ ក៏ប៉ុន្តែ​សមរភូមិ គឺជា​ការប្រយុទ្ធប្រឆាំង​ដោយ​មិន​ចុះចាញ់​។​ចំណែក​សង្គ្រាម​ដែល​សំខាន់​នៅពេលនេះ​គឺ សង្គ្រាម​ដើម្បី​ប្រជាធិបតេយ្យ​»​។
 
​នាឱកាស​នៃ​ថ្ងៃកំណើត​របស់ខ្លួន​ដដែល​នោះ លោក​ថាក់ស៊ីន ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា​៖«​ខ្ញុំ អាយុ​៦៩​ឆ្នាំ​ទៅហើយ​។ ខ្ញុំ​ពិតជា​ចង់ឃើញ​ថៃ​ត្រឡប់​ទៅរក​ភាពល្អប្រសើរ​ឡើងវិញ​។ ជាពិសេស​នោះ ខ្ញុំ ចង់ឃើញ​កិត្យានុភាព​ត្រលប់​ទៅកាន់​ប្រជាជន​ទាំងអស់​ជាថ្មី​។ យើង​ធ្លាប់​រស់នៅ​ជាមួយ​តម្លៃ​ស្មើគ្នា សិទ្ធិ​ស្មើគ្នា និង​សេរីភាព​ក្រោម​ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​ប្រជាធិបតេយ្យ​»​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ នៅ​ដើមឆ្នាំ​កន្លងទៅ លោក​ថាក់ស៊ីន ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ឱកាសលោក​ចូលរួម​កម្មវិធី​ពាក់​ធុរកិច្ច​មួយ​ក្នុង​ក្រុង​តូ​ក្យូ​នៃ​ជប៉ុន ថា លោក​មិន​ប្រឡូក​ក្នុង​នយោបាយ​ឡើយ ព្រ​រោះ​លោក​ជឿជាក់ថា អតីត​បក្ស​ដែល​លោក​ធ្លាប់​គ្រប់គ្រង​ដោយផ្ទាល់​(​បក្ស​ភឿ​ថៃ​) នឹង​ទទួល​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​ប្រជាពលរដ្ឋ​ក្នុងការ​បោះឆ្នោត​ខាងមុខ​។ ប៉ុន្តែ​ពេលនេះ លោក បែរជា​ចេញ​សារ​នយោបាយ​ថ្មី ក្នុង​ការតស៊ូ​ជាមួយនឹង​របប​សឹក ទាំង​លោក​កំពុងតែ​រស់នៅ​ក្រៅប្រទេស​។​
 
​សូម​ជម្រាប​ផងដែរ​ថា លោក​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ ត្រូវបាន​អស់តំណែង​ដឹកនាំ​រដ្ឋាភិបាល​ថៃ​ដោយសារ​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០០៦​។ ក្រោយ​អស់តំណែង​ហើយ លោក​ត្រូវបាន​តុលាការ​ថៃ​ចោទប្រកាន់​ពាក់ព័ន្ធ​បទ​ពុករលួយ​។ ថ្មីៗ​នេះ តុលាការ​ថៃ ក៏បាន​ចេញ​ដីកា​ឃាត់ខ្លួន​លោក​ជា​បន្តបន្ទាប់ ក្រោយពី​លោក អវត្តមាន​ក្នុងការ​ជំនុំជម្រះ​៕ 

Tag:
 ថៃ​
  អាស៊ាន​
  ថាក់ស៊ីន ស៊ីណា​វ៉ា​ត់
© រក្សាសិទ្ធិដោយ thmeythmey.com