អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របាយការណ៍​៖ ជាង​បី​ខែ ប៉ូលិស​ឥណ្ឌូណេស៊ី​ចាប់ខ្លួន​ជនសង្ស័យ​ភេរវកម្ម​ជិត​៣០០​នាក់​
12, Aug 2018 , 10:59 pm        
រូបភាព
ដោយ:
​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ឥណ្ឌូណេស៊ី បាន​ទទួលរង​ការវាយប្រហារ​ពី​ក្រុម​ភេរវជន​ជា​បន្តបន្ទាប់ ខណៈដែល​រដ្ឋ​មាន​ប្រជាជន​ឥស្លាម​ច្រើន​បំផុត​របស់​ពិភពលោក​មួយ​នេះ ព្យាយាម​រឹតបន្តឹង​សន្តិសុខ​ខ្លាំង​ក្នុងនាម​ជា​ម្ចាស់ផ្ទះ Asian Games ឆ្នាំ​២០១៨​។ ជនសង្ស័យ ក៏​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ដូចគ្នា​ផងដែរ​។

 
​មេ​ប៉ូលិស​ជាតិ​ឥណ្ឌូណេស៊ី លោក Tito Karnavian នៅ​ដើម​សប្តាហ៍​នេះ បាន​ឲ្យ​ដឹងថា គិត​ចាប់ពី​មានការ​វាយប្រហារ​រប​ស់​ភេរវ​ករ​ជា​បន្តបន្ទាប់​គ្នា​នៅ​កោះ Java ក្នុង​ខែឧសភា​កន្លងមក ប៉ូលិស​ឥណ្ឌូណេស៊ី បាន​ចាប់ខ្លួន​ជនសង្ស័យ​ជិត​៣០០​នាក់​ហើយ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Jakarta Globe​។ 
 
​តាម​ប្រភព​ព័​ត៌​មន​ដដែល​នោះ មេ​ប៉ូលិស​ជាតិ​ឥណ្ឌូណេស៊ី​រូបនេះ បាន​អះអាងថា កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​បាន​ផ្តោត​សំខាន់បំផុត​លើ​ការងារ​ពាក់ព័ន្ធ​នឹង​ការគំរាមកំហែង​បែប​ភេរវកម្ម ជាពិសេស​ដើម្បី​ធានា​ពី​សុវត្ថិភាព​សម្រាប់​ព្រឹត្តិការណ៍​ធំ​ប្រចាំ​តំបន់​ដែល​ឥណ្ឌូណេស៊ី​ធ្វើជា​ម្ចាស់ផ្ទះ Asian Games ដែល​នឹងត្រូវ​ចាបផ្តើម​នៅ​ថ្ងៃ​១៨ សីហា​ខាងមុខ​ដ៏​ខ្លី​នេះ​។ 
 
​ជុំវិញ​ព្រឹត្តិការណ៍ Asian Games នេះដែរ រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា ថ្មីៗ​នេះ ក៏បាន​អះអាងថា ឥណ្ឌូណេស៊ី នឹងដាក់​ពង្រាយ​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ដែលមាន​ទាំង​ប៉ូលិស និង​ទាហាន បួន​ម៉ឺន​នាក់​ដើម្បី​ធានា​ពី​សុវត្ថិភាព​ដល់​អត្ត​ព​លិ​ក ១៥០០០​នាក់ និង​មន្ត្រីជាន់ខ្ពស់​ពី​បណ្តា​ប្រទេស​៤៥​។ 
 
​គួរ​ជម្រាប​ផងដែរ​ថា ជា​ញឹកញាប់​ឥណ្ឌូណេស៊ី តែង​ទទួលរង​ការ​ប្រវាយ​ពី​ក្រុម​ភេរវជន ខណៈ​ដែលមាន​របាយការណ៍​ជាច្រើន មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ពី​ការវិលត្រឡប់ និង​បែកខ្ញែក​របស់​ក្រុម​ភេរវ​ករ​ដែល​ចាញ់​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ហើយ​ដាក់​គោលដៅ​មក​អាស៊ីអាគ្នេយ៍​វិញ​។ 
 
​ដោយសារតែ​ការគំរាមកំហែង​ពី​ភេរ​វករ នៅ​ខែឧសភា​កន្លងទៅ​សភា​ឥណ្ឌូណេស៊ី បានអនុម័ត​លើ​សំណើ​វិសោធនកម្ម​ស្តីពី​ច្បាប់​ប្រឆាំង​ភេរវកម្ម ដោយ​ផ្តល់​បុព្វសិទ្ធិ​ដល់​កងកម្លាំង​ក្នុងការ​បំពេញ​បេសកម្ម​របស់​ពួកគេ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ ពីមុន​កងកម្លាំង​ឥណ្ឌូណេស៊ី ពិបាក​ធ្វើការ​បន្តិច ដ្បិត​ពួកគេ មិន​ចាត់វិធានការ​លើ​ជនសង្ស័យ​ភេរវកម្ម​បានឡើយ ប្រសិនបើ​ពួកគេ មិនទាន់មាន​សកម្មភាព​ជាក់ស្តែង​នោះ​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  អាស៊ាន​
  ភេរវកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com