អន្តរជាតិ
ចិនផ្អាកគម្រោងកម្ទេចវិហារឥស្លាម ក្រោយមានការតវ៉ា វិហារឥស្លាមមួយរបស់ចិន (រូបភាព AFP)
× អាជ្ញាធរចិននៅតំបន់ភាគជើង នៅថ្ងៃទី១១ ខែសីហា បានផ្អាកគម្រោងវាយកម្ទេចវិហារឥស្លាដ៏ធំមួយ ក្រោយមានការងើបតវ៉ាពីសំណាក់ប្រជាជនមូស្លីមក្នុងមូលដ្ឋាន។ មន្ត្រីប្រចាំតំបន់ Wenzhou នៃតំបន់ស្វយ័ត Ningxia ដែលសម្បូរដោយជនមូស្លីមអម្បូរ Hui និយាយថា វិហារដែលត្រូវវាយចោលនេះ ត្រូវសាងសង់ឡើងដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។ ប៉ុន្តែប្រជាជនក្នុងស្រុកអះអាងថា អាជ្ញាធរបានគាំទ្រការសាងសង់នេះរហូតមក។
ការជួបជុំរបស់ជនមូស្លីមអម្បូរ Hui ចាប់ផ្ដើមតាំងពីពាក់កណ្ដាលមកម្ល៉េះ ដើម្បីប្រឆាំងផែនការកម្ទេចវិហារឥស្លាមដ៏ធំមួយក្នុងទីក្រុង Wenzhou នៃតំបន់ស្វយ័ត Ningxia ភាគខាងជើងចិន។ ការងើបឡើងរបស់ក្រុមមូស្លីមនេះ ក៏កើតឡើងស្របគ្នានឹងយុទ្ធនាការទូទាំងប្រទេសរបស់រដ្ឋាភិបាលចិនក្នុងការរឹតបន្តឹងសកម្មភាពសាសនា ហើយសាសនាឥស្លាម បានក្លាយជាគោលដៅចម្បងនៃប្រតិបត្តិការនេះ ជាពិសេសនៅតំបន់ស៊ីនជាំងភាគខាងលិច។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP ក្រុមបាតុករបានប្រមូលផ្ដុំគ្នានៅបរិវេណវិហារ ដែលចាំឃ្លាំមើលដោយប៉ូលិសចិនប្រដាប់ដោយខែល។ ដោយមានកាន់ទង់ជាតិចិនផងនោះ ក្រុមបាតុករទាំងអស់បានអង្គុយនៅកាំជណ្ដើរវិហារ និងទីតាំងក្បែរនោះ។ ម្ចាស់ភោជនីយដ្ឋានម្នាក់និយាយថា អាជ្ញាធរប្រកាសថា សំណង់វិហារដែលទើបសាងសង់រួចនេះ ខុសច្បាប់ ប៉ុន្តែវិហារមួយនេះមានប្រវត្តិសាស្ត្ររាប់រយឆ្នាំមកហើយ។
យ៉ាងណាមិញ នៅថ្ងៃទី១១ ខែសីហា អាជ្ញារតំបន់បានប្រកាសពន្យារពេលផែនការវាយកម្ទេចវិហារនេះវិញហើយ ហើយបាតុករក៏បានរំសាយខ្លះដែរ។ បាតុករជាមូស្លីមខ្លះបានធ្វើដំណើរពីតំបន់ឆ្ងាយដើម្បីចូលរួមការប្រមូលផ្ដុំនេះ ដែលបង្ខំឲ្យមានការផ្ដាច់ប្រព័ន្ធអ៊ីនធឺណិតនៅតំបន់នោះតែម្ដង ស្របពេលដែលអាជ្ញាធរបានពង្រាយប៉ូលិសជាច្រើនដែរ។ អ៊ីធឺណិត 4G ដំណើរការនៅក្រៅទីក្រុង Wenzhou ប៉ុណ្ណោះ តែការទាក់ទងតាមទូរសព្ទដំណើរការធម្មតា។
តាមពិតទៅ ការព្រួយបារម្ភចាប់ផ្ដើមតាំងពីសប្ដាហ៍មុន ក្រោយរដ្ឋាភិបាលចេញបញ្ជាឲ្យកម្ទេចវិហារនេះ ក្រោមហេតុផលថា សាងសង់ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ នេះអាចបណ្ដាលតែវិហារនេះត្រូវបានស្ថាបនាដោយមិនគោរពតាមរចនាបថចិនដែលស្រដៀងវិហារពុទ្ធសាសនា ដោយដំបូលវិហារនេះត្រូវបានសាងសង់តាមបែបអារ៉ាប់ មានរាងមូល និងអឌ្ឍចន្ទទៅវិញ។
អ្វីជាការកត់សម្គាល់ ការប្រតិបត្តិសាសនាឥស្លាម ត្រូវបានរឹតត្បិតខ្លាំងនារយៈពេលចុងក្រោយនេះ តែនេះជាការករណីថ្មីមួយនៅតំបន់ស្វយ័ត Ningxia ដែលកន្លងមក ជនមូស្លីមមួយនេះមានសេរីភាពច្រើនក្នុងការប្រតិបត្តិតាមសាសនារបស់ខ្លួន។ ជនមូស្លីម Uighur ឯណោះទេ ដែលរងការធ្វើទុក្ខបុកម្នេញខ្លាំងផ្នែកសាសនានេះ ព្រោះពួកគេស្ថិតនៅមាត់ច្រកនៃចលនារបស់ក្រុមជ្រុលនិយម ហើយរដ្ឋាភិបាលចិនក៏បានបង្កើនការប្រុងប្រយ័ត្នខ្ពស់ទៅទៀតដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com