ជាតិ
សេដ្ឋកិច្ច
អ្នកស្រី សាម សេរី​៖ «​ចិញ្ចឹម​មាន់ស្រែ ស្រួល​លក់ ព្រោះ​ទីផ្សារ​ទូលាយ​»
15, Oct 2018 , 8:19 pm        
រូបភាព
​ស្វាយរៀង​៖ នៅក្នុង​បឹង ឃុំ​អង្គ​តា​សូ ស្រុក​ស្វាយជ្រំ ប្រជាពលរដ្ឋ​ភាគច្រើន ជា​កសិករ​ធ្វើស្រែ​ចម្ការ និង​ខ្លះទៀត ចិញ្ចឹមសត្វ​មាន់ ជ្រូក និង​គោ​ជាដើម​។ អ្នកស្រី សាម សេរី បាន​ចាប់យក​របរ​ចិញ្ចឹម​មាន់​ជា​លក្ខណៈ​គ្រួសារ សម្រាប់​ផ្គត់ផ្គង់​ជីវភាព ដោយ​អាច​រកប្រាក់​ចំណូល​បាន ៥០​ម៉ឺន​រៀល ក្នុង​មួយខែ​។ របរ​ចិញ្ចឹម​មាន់​លក់​នេះ អាស្រ័យ​លើ​ទីផ្សារ បើ​មាន​ទីផ្សារ គឺ​ស្រួល​លក់ ដែល​បាន​តម្លៃ​ខ្ពស់​ផងដែរ​។​



​ការចិញ្ចឹម​សត្វ​ដើម្បី​លក់ ជា​មុខរបរ​របស់​ប្រជាពលរដ្ឋ​នៅតាម​ខេត្ត​មួយចំនួន បន្ទាប់ពី​ការងារ​ធ្វើស្រែ​ចម្ការ​។ មាន​វ័យ ៥៨​ឆ្នាំ អ្នកស្រី សាម សេរី បាន​ងាក​មក​ចិញ្ចឹម​មាន់ បន្ទាប់ពី​អ្នកស្រី​ចិញ្ចឹមសត្វ​ជ្រូក ដែល​គ្មាន​ទីផ្សារ ថែមទាំង​មានតម្លៃ​ទាប​។ 
 
​មុខរបរ​ចិញ្ចឹម​មាន់ បានធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​អ្នកស្រី​ធូរធា​ជាង​មុន​។ អ្នកស្រី សាម សេរី បញ្ជាក់​យ៉ាង​ដូច្នេះ​៖ «​ខ្ញុំ​ចាប់ផ្ដើម​ចិញ្ចឹម​មាន់ ក្រោយ​ខ្ញុំ​ចិញ្ចឹម​ជ្រូក ដែល​ជ្រូក​មានតម្លៃ​ទាប និង​គ្មាន​ទីផ្សារ​។ ហើយ​ការចិញ្ចឹម​មាន់​នេះ វា​ស្រួល​លក់​ចេញ​ណាស់ ព្រោះ​ទីផ្សារ​ទូលាយ ហើយ​មានពេលខ្លះ​ខ្ញុំ​លក់ដាច់ ថែមទាំង​គ្មាន​មាន់​សម្រាប់​លក់​នៅលើ​ទីផ្សារ​ផង​»​។​


 
​មាន់​ដែល​អ្នកស្រី សេរី ចិញ្ចឹម ត្រូវបាន​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ក្នុងស្រុក​របស់​អ្នកស្រី និង​មាននៅ​រាជធានី​ភ្នំពេញ​។ មិនមែនជា​កសិដ្ឋាន​ចិញ្ចឹម​មាន់​នោះទេ តែ​វា​ជា​ផ្ទះ​របស់​អ្នកស្រី សេរី ដែល​បាន​ចិញ្ចឹម​មាន់ ដោយមាន​កូន​មាន់ និង​មេមាន់​ជិត ២០០​ក្បាល​។ ក្រៅពី​ចិញ្ចឹម​មាន់ សម្រាប់​លក់ អ្នកស្រី សេរី ក៏បាន​លក់​កូន​មាន់​តូចៗ​ដល់​អ្នកភូមិ ដើម្បី​យកទៅ​ចិញ្ចឹម​ផងដែរ​។ កូន​មាន់​តូចៗ ដែលមាន​អាយុ​ពី​២០ ទៅ​២៥​ថ្ងៃ អាច​លក់បាន​ក្នុងតម្លៃ ៥​ពាន់​រៀល​ក្នុង​មួយ​ក្បាល​។ ដោយឡែក មាន់​ធំៗ ដែល​ចិញ្ចឹម​រយៈពេល ៤​ខែ​នោះ អាច​លក់បាន​១៨០០០​រៀល ក្នុង​១​គីឡូ​។ 
 
​តម្លៃ​មាន់ មាន​ឡើង​ចុះ​តាម​រដូវ​កាល អ្នកស្រី សេរី បញ្ជាក់ថា​៖ «​មាន់​ឡើងថ្លៃ​តាម​រដូវ​បុណ្យទាន ដោយនៅ​ខែ​ណា​ដែលមាន​បុណ្យ​ច្រើន មាន់​មានតម្លៃ ២២០០០​រៀល ក្នុង​១​គីឡូ​។ តែបើ​ជាធម្មតា ១​គីឡូ តែ​១៨០០០​រៀល​ប៉ុណ្ណោះ​។ ហើយ​ចំណូល​ជា​មធ្យម​ក្នុង​មួយខែ ខ្ញុំ​អាច​រកចំណូលបាន ៥០​ម៉ឺន​រៀល​»​។ 
 
​ស្ត្រី​វ័យ​ចំណាស់​រូបនេះ នៅតែមាន​កម្លាំង​ក្នុងការ​ចិញ្ចឹម​មាន់ បើទោះបី​ការចិញ្ចឹម​មាន់​ត្រូវការ​មើលថែ​ច្រើន និង​មាន​ផល​លំបាក​ក៏ដោយ​។ មាន់នៅ​ក្នុងផ្ទះ​របស់​អ្នកស្រី សេរី ជាមាន់​ចិញ្ចឹម​តាមបែប​ធម្មជាតិ តែ​ត្រូវការ​បច្ចេកទេស​ថែទាំ​មិន​ឲ្យ​មាន​ជំងឺ​។ អ្នកស្រី សេរី មាន​បច្ចេកទេស​ចិញ្ចឹម​មាន់ ដោយ​អ្នកស្រី​ធ្វើ​អាហារ​ប៉ូវ តាមបែប​ធម្មជាតិ​ដែល​ផ្សំ​ពី​បន្លែ និង​ផ្លែ ដើម្បី​ធ្វើ​ឲ្យ​មាន់​មាន​សុខ​ភាពល្អ​។​


 
​រយៈពេល​២​ឆ្នាំ​ហើយ ដែល​អ្នកស្រី សាម សេរី ប្រក​បរបរ​ចិញ្ចឹម​មាន់​សម្រាប់​លក់​។ ទោះបី​ការចិញ្ចឹម​មាន់​មាន​ភាព​នឿយហត់​ក៏ដោយ ប៉ុន្តែ​អ្នកស្រី​សប្បាយចិត្ត សប្បាយ​ចិត្តនឹង​ទីផ្សារ​ទូលាយ ដែល​ធ្វើ​ឲ្យ​អ្នកស្រី​ស្រួល​លក់​។ អ្នកស្រី អះអាងថា អ្នកស្រី​នឹង​ពង្រីក​ការចិញ្ចឹម​មាន់​បន្ថែមទៀត ដើម្បី​តម្រូវ​ទីផ្សារ​បច្ចុប្បន្ន​៕ 





Tag:
 មាន់​
© រក្សាសិទ្ធិដោយ thmeythmey.com