អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រមុខ​សិទ្ធិមនុស្ស UN ចប់​អាណត្តិ​៖ ខ្ញុំ​ការពារ​ជនរងគ្រោះ មិនមែន​ការពារ​រដ្ឋាភិបាល​ឡើយ​
12, Aug 2018 , 5:13 pm        
រូបភាព
ឧត្តម​​ស្នងការ​​អង្គកា​​រស​​ហប្រជាជា​​តិផ្នែក​​សិទ្ធិម​​នុស្សដែ​​លចប់​​អាណត្តិ Zeid Ra
ឧត្តម​​ស្នងការ​​អង្គកា​​រស​​ហប្រជាជា​​តិផ្នែក​​សិទ្ធិម​​នុស្សដែ​​លចប់​​អាណត្តិ Zeid Ra'ad al-Hussei​​n (រូបភាព AFP)
​ប្រមុខ​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ Zeid Ra'ad al-Hussein នឹង​ចប់​អាណត្តិ​បួន​ឆ្នាំ​នៅក្នុង​ខែសីហា​នេះ ហើយ​ត្រូវ​ជំនួស​ដោយ​អតីត​ប្រធានាធិបតី​ស៊ី​លី Michelle Bachelet ។ ក្នុង​អាណត្តិ​របស់លោក ការរំលោភបំពាន​សិទ្ធិមនុស្ស​បានកើត​ឡើង​ពាសពេញ​ពិភពលោក​។ លោក al-Hussein បាន​រិះគន់​ដោយ​គ្មាន​សំចៃមាត់​លើ​មេដឹកនាំ​ពិភពលោក​ជាច្រើន​ដូចជា​លោក ដូ​ណា​ល់ ត្រាំ នៃ​អាមេរិក និង​លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ របស់​ហ្វីលីពីន​ជាដើម​។ តែ​លោក​ក៏​រង​ប្រតិកម្ម​តប​វិញ​មិនតិច​ដែរ​។​

 
«​តួនាទី​របស់​ឧ​ត្ត​ម​ស្នងការ គឺ​ធ្វើជា​ទូត​សិទ្ធិមនុស្ស​ឲ្យ​មាន​ប្រសិទ្ធភាព​។​» នេះ​សម្ដី​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស Zeid Ra'ad al-Hussein ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទូរទស្សន៍ Al Jazeera ដែល​ផ្សាយ​នៅ​ថ្ងៃទី​១១ ខែសីហា​។ លោក al-Hussein នឹង​បញ្ចប់​អាណត្តិ​របស់ខ្លួន​នៅត្រឹម​ខែសីហា​នេះ ហើយ​អ្នក​ជំនួស​លោក គឺ​អតីត​មេដឹកនាំ​រដ្ឋ​អាមេរិក​ខាងត្បូង​ស៊ី​លី​លោកស្រី Michelle Bachelet ដែល​ល្បី​ខាង​សិទ្ធិមនុស្ស​ដែរនោះ​។​
 
​មេដឹកនាំ​ប្រទេស​មិន​ថា​តូច​ឬ​ធំ សុទ្ធតែ​ត្រូវបាន​លោក​រិះគន់​ចាស់ដៃ​រាប់​មេដឹកនាំ​មហាអំណាច​អាមេរិក ដូ​ណា​ល់ ត្រាំ លើ​សំណុំរឿង​រឹតត្បិត​ការធ្វើដំណើរ​របស់​ជន​អន្តោប្រវេសន៍​មូស្លីម និង​ផែនការ​សាងសង់​ជញ្ជាំង ក៏ដូចជា​ប្រធានាធិបតី​សមាជិក​អាស៊ាន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ជុំវិញ​សង្គ្រាម​គ្រឿងញៀន​ដែល​សម្លាប់​មនុស្ស​ខ្ទង់ពាន់​នាក់​។ ប៉ុន្តែ​លោក​ក៏​រង​រិះគន់​វិញ​ដែរ ព្រោះ​មិនបាន​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ដែលមាន​ការបំពាន​ខ្លាំង​។​
 
​ទោះ​រង​ប្រតិកម្ម​អវិជ្ជមាន​ក្ដី លោក al-Hussein និយាយថា តួនាទី​របស់លោក គឺ​អនុវត្ត​ច្បាប់​សិទ្ធិមនុស្ស និង​មាន​កាតព្វកិច្ច​ឲ្យ​រដ្ឋ​នានា​គោរព​សិទ្ធិមនុស្ស ហើយ​ទីណា​ដែល​គ្មាន​ការគោរព​នោះ គឺ​ត្រូវការពារ​ជនរងគ្រោះ​ដែល​សិទ្ធិ​ពួកគេ​ត្រូវបាន​បំពាន ឬ​រើសអើង ឬ​រស់នៅ​ដោយ​ភាពភ័យខ្លាច​។ «​ការងារ​ខ្ញុំ​មិនមែន​ការពារ​រដ្ឋាភិបាល​ទេ ពួកគេ​អាច​ការពារ​ខ្លួនឯងបាន ឯ​ការងារ​ខ្ញុំ​គឺ​ការពារ​សិទ្ធិ​អ្នកផ្សេង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ប្រមុខ​សិទ្ធិមនុស្ស UN ចប់​អាណត្តិ​។​
 
​ដោយសារ​ហេតុផល​ខាងលើ លោក al-Hussein ឆ្លៀត​លើកឡើងថា លោក​ដឹង​ជាមុន​ថា លោក​នឹងមិន​ទទួលបាន​ការគាំទ្រ​ពី​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​ឡើយ​។ លោក​បកស្រាយ​ថា​៖ «​ខ្ញុំ​បារម្ភ​ថា​ពេល​ខ្ញុំ​ជា​ភាគី​ខាងក្រៅ ហើយ​ឃើញ​ឧ​ត្ត​ម​ស្នងការ​មាន​មហាអំណាច​នៅ​ពីក្រោយ ព្រោះ​ខ្ញុំ​សង្ស័យថា គាត់​នឹងមិន​ធ្វើការ​បាន​ត្រឹមត្រូវ​ឡើយ​។ សមាជិក​អចិន្ត្រៃយ៍​មាន​សិទ្ធិ​ខុសពី​គេ​នៅ​ញូវយ៉ក ព្រោះ​មានអំណាច​វ៉េតូ​ក្នុ​ក្រុមប្រឹក្សាសន្តិសុខ​។​»
 
​ប៉ុន្តែ​ស្ថាន​ភាពមិន​ដូចគ្នា​នៅ​ទីក្រុង​ហ្សឺ​ណែវ ដែល​ទីស្នាក់ការ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ឡើយ​។ ត្រង់ចំណុច​នេះ​លោក al-Hussein បកស្រាយ​ថា មហាអំណាច​ទាំងនោះ​គ្រាន់តែ​សមាជិក​មួយ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ដែលមាន​សមាជិក​៤៨​ប្រទេស ក្នុងករណី​ពួកគេ​ត្រូវបាន​ជ្រើសរើស​ឲ្យ​អង្គុយ​កៅអី​សម​ជិ​ក​។ ដូចនេះ ក្រុមប្រឹក្សា​ពិនិត្យមើល​របាយការណ៍​សិទ្ធិមនុស្ស​ពួកគេ​ដូច​ប្រទេស​ផ្សេង​ដែរ ហើយ​នោះ​ជា​អ្វីដែល​មហាអំណាច​ទាំងនោះ​មិន​ចូលចិត្ត​៕

Tag:
 UN
  សិទ្ធិមនុស្ស​
  Zeid Ra\'ad al-Hussein
© រក្សាសិទ្ធិដោយ thmeythmey.com