កីឡាជាតិ
ជាតិ
​បឹងកេត​ឈ្នះ​វិសាខា​បន្ត​ឈរ​កំពូល​តារាង រីឯ​ស្វាយរៀង​នៅតែ​ទទួល​មេរៀន​ខកចិត្ត​ពី​អាស៊ី​អឺរ៉ុប​
13, Aug 2018 , 10:11 am        
រូបភាព
ដោយ:
​ក្លិប​កីឡាបាល់ទាត់​បឹងកេត​នៅតែ​អាច​រក្សា​ភាពខ្លាំង តាមរយៈ​បន្ត​គ្រង​កំពូល​តារាង​បណ្តោះអាសន្ន នៃ​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​គ​ក្នុង​សប្តាហ៍​ទី​១៧ បន្ទាប់ពី​ពួកគេ​យកឈ្នះ​វិសាខា​យ៉ាង​ប្រផិតប្រផើយ ១-០​។ គ្រាប់​បាល់​របស់​បឹងកេត​បានកើត​ឡើង​នៅ​ចុង​វគ្គ​ទី​២ ដែល​រកបាន​ដោយ​កីឡាករ Hikaru Mizuno ក្រោម​ការលើក​ពី​ជ្រុង​របស់ Maycon​។ ព្រះខ័ន​រាជ​ស្វាយរៀង​បាន​រង​ការខកចិត្ត​យ៉ាងខ្លាំង ក្រោយ​បន្ត​ចាញ់​អាស៊ី​អឺរ៉ុប​ជា​លើក​ទី​២​។​



​គ្រាប់​បាល់​១​គ្រាប់​របស់​ខ្សែការពារ​ជប៉ុន Hikaru Mizuno ដែល​កើតឡើង​៧​នាទីចុងក្រោយ​នៃ​វគ្គ​ទី​២ បាន​ជួយ​ឲ្យ​បឹងកេត​បន្ត​គ្រង​កំពូល​តារាង​ក្នុង​សប្តាហ៍​ទី​១៧ នៃ​ពានរង្វាន់​ខេ​ម​បូ​ឌា​ន​លី​គ​។ គ្រាប់​បាល់​ជ័យជម្នះ ១-០ នេះ កើតឡើង​ក្រោយ​ការលើក​ចេញពី​ជ្រុង​របស់​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Maycon Calijuri ហើយ​ត្រូវបាន​ខ្សែការពារ​ជប៉ុន​រូបនេះ តែ​ត​បញ្ចូល​ទី​បានសម្រេច​។

​នា​ការប្រកួត​ដ៏​ស្វិតស្វាញ​ក្រោម​ដំណក់ទឹកភ្លៀង​កាលពី​ថ្ងៃអាទិត្យ ទី​១២ ខែសីហា នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្រុម​ទាំងពីរ​បានបញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង​វគ្គ​ទី​១ ទោះបី​ក្រុម​ទាំងពីរ​បានដាក់​សម្ពាធ​គ្នា​ទៅវិញទៅមក​ក៏ដោយ​។ លទ្ធផល​នេះ ត្រូវបាន​រក្សា​រហូតដល់​នាទី​៨០​។ សម្លេង​ស្រែក​ហ៊ោ​ប្រកបដោយ​ភាពសប្បាយ​រីករាយ​រប​ស់​ថ្នាក់ដឹកនាំ និង​អ្នកគាំទ្រ​ក្លិប​បឹងកេត ត្រូវបាន​បន្លឺឡើង​នៅ​៣​នាទី​ក្រោយ បន្ទាប់ពី​ខ្សែការពារ​ជប៉ុន Hikaru Mizuno សម្រេច​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​បឹងកេត​។ ហើយ​វា​ក៏​ជា​គ្រាប់​បាល់ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​របស់​ក្លិប​វិសាខា​ខកចិត្ត​ផងដែរ​។ លទ្ធផល​នេះ ធ្វើ​ឲ្យ​វិសាខា​បន្ត​ឈរ​លេខ​៣​ក្នុង​តារាង​មាន​៣៨​ពិន្ទុ​។

​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​ឯណេះ​វិញ ក្រុម​ម្ចាស់ផ្ទះ​សូល​ទី​ឡូ​អង្គរ​មិនអាច​សងសឹក​ក្រសួងការពារជាតិ ដែល​យកឈ្នះ​ខ្លួន ៣-១ ក្នុង​ជើង​ទី​១​បាន​នោះទេ ដោយ​ក្រុម​ទាំងពីរ​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២​។ គ្រាប់​បាល់​របស់​សូល​ទី​ឡូ​អង្គរ​រកបាន​ម្នាក់​១​គ្រាប់​ដោយ​កីឡាករ ឡុង ភា​រ៉ាត់ និង Abban James Kwame ខណៈ​កីឡាករ ខែ​ក ខេមរិន្ទ និង Na Hyosung សម្រេច​គ្រាប់​បាល់​ឲ្យ​ក្រសួងការពារជាតិ​។ លទ្ធផល​នេះ ធ្វើ​ឲ្យ​ក្រុម​ទាំងពីរ​បន្ត​រក្សា​ទីតាំង​ដដែល ដោយ​ក្រសួងការពារជាតិ​ឈរ​លេខ​៤​មាន​៣៥​ពិន្ទុ ខណៈ​សូល​ទី​ឡូ​អង្គរ​ឈរ​លេខ​១០​មាន​១៦​ពិន្ទុ​។

​យ៉ាងណាមិញ ក្រុម​បន្ទាប់ពី​បាត​តារាង​អគ្គិសនី​កម្ពុជា មិនអាច​រក្សា​ជោគវាសនា ដែល​បញ្ចប់​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ដូច​ជើង​ទី​១​នោះទេ​។ សម្រាប់​ជំនួប​ជើង​ទី​២​នៅលើ​ទឹកដី​ខ្លួន ពួកគេ​បាន​ចាញ់​ភ្នំពេញ​ក្រោ​ន​ក្នុង​លទ្ធផល ៤-០​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​ន​ពង្រឹង​ទីតាំង​លេខ​៥​ជាមួយ​២៧​ពិន្ទុ​។ ចំណែក​អគ្គិសនី​បន្ត​ឈរ​លេខ​១១​ក្នុង​តារាង​មាន​៥​ពិន្ទុ​។​
 
​សម្រាប់​ជំនួប​កាលពី​ថ្ងៃ​សៅរ៍​ទី​១១ ខែសីហា ណាហ្គា​វើ​ល​បាន​យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​លទ្ធផល ៣-០ ដើម្បី​បន្ត​ឈរ​លេខ​រៀង​ទី​២​មាន​៤១​ពិន្ទុ​។ ចំណែក​វេ​ស្ទើ​ន​ភ្នំពេញ​បន្ត​ឈរ​បាត​តារាង​មាន​១​ពិន្ទុ ដែល​អាច​ប្រឈម​នឹង​ការ​កាត់​ចេញពី​ក្របខណ្ឌ​លី​គ​កំពូល​នៅ​រដូវ​កាល​ក្រោយ​។

​ងាក​ទៅ​មើល​កីឡដ្ឋាន​ខេត្តសៀមរាប ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ​បាន​យកឈ្នះ​ភ្ញៀវ​អគ្គស្នងការ​នគរបាល​ជាតិ​ក្នុង​លទ្ធផល ៣-១​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ​អង្គ​រថា​យ​ហ្គឺ​របា​ន​១៩​ពិន្ទុ ដើម្បី​ពង្រឹង​ទីតាំង​លេខ​៩​ក្នុង​តារាង​។ លើសពីនេះ វា​ជួយ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ សងសឹក​អគ្គស្នងការ​នគរបាលជាតិ ដែល​យកឈ្នះ​ខ្លួន ២-១ ក្នុង​ជើង​ទី​១​បានសម្រេច​ផងដែរ​។

​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ខកចិត្ត​យ៉ាងខ្លាំង បន្ទាប់ពី​ពួកគេ ត្រូវបាន​ក្រុម​ភ្ញៀវ​អាស៊ី​អឺរ៉ុប​លត់​ក្នុង​លទ្ធផល ៦-១ លើ​ទឹកដី​ខ្លួន​។ នា​ជំនួប​ជើង​ទី​១​នៅលើ​ទឹកដី​អាស៊ី​អឺរ៉ុប ព្រះខ័ន​រាជ​ស្វាយរៀង​បាន​ចាញ់​ក្នុង​លទ្ធផល ២-១​។ តែ​យ៉ាងណា លទ្ធផល​នេះ​មិនបាន​ធ្វើ​ក្រុម​ម្ចាស់ផ្ទះ​នេះ​ធ្លាក់​ចំណាត់ថ្នាក់​នោះឡើយ ដោយ​បន្ត​ឈរ​លេខ​៧​ក្នុង​តារាង​រក្សា​២១​ពិន្ទុ​ដដែល​៕


Tag:
 បាល់ទាត់​
  វិសាខា​
  បឹងកេត​
  Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com