អន្តរជាតិ
មន្ត្រីកូរ៉េទាំងពីរជួបគ្នាត្រៀមរៀបចំជំនួបកំពូលមេដឹកនាំលើកទីបី ប្រធានគណៈកម្មាធិការដើម្បីបង្រួបបង្រួមទឹកដីរបស់កូរ៉េខាងជើង Ri Son-gwon និងរដ្ឋមន្រ្តីបង្រួបបង្រួមរបស់កូរ៉េខាងត្បូង Cho Myoung-gyon (រូបភាព AFP)
× មន្ត្រីជាន់ខ្ពស់កូរ៉េទាំងពីរ នៅថ្ងៃទី១៣ ខែសីហា បានជួបគ្នានៅតំបន់ព្រំដែនខណ្ឌចែកឧបទ្វីបកូរ៉េ ដើម្បីជជែកពីជំនួបកំពូលមេដឹកនាំលើកទីបី។ ប្រធានបទសំខាន់នៃកិច្ចប្រជុំថ្នាក់ខ្ពស់ គឺកំណត់ទីកន្លែង និងពេលវេលាជាក់លាក់សម្រាប់ជំនួបរវាងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ តាមការឯកភាពកន្លងមក ជំនួបអន្តរកូរ៉េលើកក្រោយនេះ នឹងរៀបចំនៅកូរ៉េខាងជើង។
រដ្ឋមន្ត្រីបង្រួបង្រួមកូរ៉េខាងត្បូង Cho Myoung-gyon និងប្រធានគណៈកម្មាធិការដើម្បីការរួបរួមប្រទេសដោយសន្តិភាពរបស់កូរ៉េខាងជើង Ri Son-gwon បានចាប់ផ្ដើមជំនួបចរចាថ្នាក់ខ្ពស់នៅព្រឹកថ្ងៃទី១៣ ខែសីហា នៅប៉ែកខាងជើងខ្សែស្របទី៣៨ នៃព្រំដែនឧបទ្វីបកូរ៉េក្នុងទឹកដីកូរ៉េខាងជើង។ មន្ត្រីកូរ៉េទាំងពីរនេះ នឹងពិភាក្សាពីការរៀបចំជំនួបមេដឹកនាំអន្តរកូរ៉េ ដែលរំពឹងថា នឹងធ្វើនៅចុងខែសីហា ឬខែកញ្ញាខាងមុខ។
ផ្ដើមជំនួបនេះ លោក Ri និយាយថា ការពង្រឹងទំនាក់ទំនងកូរ៉េទាំងពីរ គឺជាទិសដៅ និងគំនិតរួមសម្រាប់ប្រជាជនកូរ៉េទាំងពីរខាង ហើយលោករំពឹងថា ជំនួបពេលនេះ នឹងមានលទ្ធផលល្អប្រសើរ។ ចំណែកលោក Cho វិញក៏បានលើកឡើងស្រដៀងគ្នាដែរ ដោយលើកឡើងថា ភាពខុសគ្នាទាំងឡាយ នឹងត្រូវបានដោះស្រាយ បើកូរ៉េទាំងពីរមានគំនិតដូចគ្នា។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ។
ទីតាំង និងកាលបរិច្ឆេទសម្រាប់ជំនួបរវាងលោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន និងលោកប្រធានគណៈកម្មការកិច្ចការរដ្ឋកូរ៉េខាងជើង គីម ជុងអ៊ុន ជារបៀបវារៈសំខាន់។ កាលពីជំនួបខែមេសា លោក មូន និងលោក គីម បានឯកភាពគ្នាជួបម្ដងទៀតនៅរដ្ឋធានីព្យុងយ៉ាងនៅរដូវស្លឹកឈើជ្រុះ។ វានឹងក្លាយជាជំនួបលើកទីបីរវាងមេដឹកនាំទាំងពីរ ដោយលើកទីមួយក្នុងខែមេសា និងលើកទីពីរក្នុងខែឧសភាកន្លងទៅ។
ការចរចារវាងមន្ត្រីកូរ៉េទាំងពីរ ក៏ធ្វើឡើងស្របពេលដែលទំនាក់ទំនងអាមេរិក និងកូរ៉េខាងជើងកំពុងរអាក់រអួល ដោយភាគីទាំងពីររិះគន់គ្នាទៅវិញទៅមកថា មិនអនុវត្តតាមសេចក្ដីថ្លែងការណ៍សិង្ហបុរី។ ក្រុងវ៉ាស៊ីនតោនទទូចឲ្យក្រុងព្យុងយ៉ាងបង្កើនការប្រឹងប្រែងរំសាយនុយក្លេអ៊ែរឲ្យបានលឿន ដើម្បីរួចខ្លួនពីទណ្ឌកម្ម ស្របពេលដែលក្រុងព្យុងយ៉ាងក្ដៅត្រចៀកនឹងការទាមទារនេះយ៉ាងខ្លាំង និងស្នើឲ្យមានអាមេរិកធ្វើការងាររបស់ខ្លួនផង។
លោកប្រធានាធិបតី មូន ត្រូវមើលគេឃើញថា បានដើរជាសន្ធានការីនៅកណ្ដាលរវាងលោក គីម និងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរនេះ។ ជំនួបកាលពីខែឧសភា បានបើកផ្លូវដល់ជំនួបលោក ត្រាំ និងលោក គីម នៅខែមិថុនា បន្ទាប់ពីអាមេរិកប្រកាសលុបចោលគម្រោងជំនួបនោះ។ ជំនួបមេដឹកនាំអន្តរកូរ៉េលើកទីបីខាងមុខ នឹងជួយជំរុញសំណុំរឿងនុយក្លេអ៊ែរនេះថែមទៀត បន្ថែមពីលើការពង្រឹងទំនាក់ទំនងកូរ៉េផង៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com