រថយន្ត
អន្តរជាតិ
ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ចុះហត្ថលេខា​ផ្លូវការ​លើ​កិច្ចព្រមព្រៀង​ផលិត​រថយន្ត​ប្រចាំ​តំបន់​អាស៊ាន​
13, Aug 2018 , 7:39 pm        
រូបភាព
ដោយ:
​ឈរ​តាម​គោលការណ៍​សហប្រតិបត្តិ​ការ និង​ស្មារតី​របស់​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី បាន​ចុះហត្ថលេខា​ស្តីពី​ការរួម​គ្នា​ផលិត​រថយន្ត​សម្រាប់​ទីផ្សារ​អាស៊ាន​ដែល​ដំឡើង​ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុង​តំបន់​តែម្តង​។ នេះ​គឺជា​ជំហាន​ដំបូង និង​ថ្មី​មួយ​ហើយ​របស់​ប្រទេស​អាស៊ាន ដែល​បាន​ចាប់ដៃគ្នា​បង្កើត​ផលិតផល​ប្រចាំ​តំបន់​។



​រដ្ឋាភិបាល​ក្រុង​ហ្ស​ការ​តា និង​រដ្ឋាភិបាល​ក្រុង​កូ​ឡា​ឡាំ​ពួរ នៅ​ថ្ងៃ​១០ សីហា បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​អនុស្សារណ​យោគយល់​ក្នុង​ការផលិត​រថយន្ត​ប្រចាំ​តំបន់​អាស៊ាន​។ នេះ គឺជា​ការចាប់ផ្តើម​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ទាំងពីរ​ក្នុងការ​ពង្រឹងកម្លាំង​ការងារ​រោងចក្រ​រថយន្ត​ស្វ័យប្រវត្តិ និង​សង្វាក់​នៃ​ការផ្គត់ផ្គង់​ដែលមាន​វត្ថុធាតុដើម​នៅក្នុង​តំបន់ ក៏ដូចជា​បង្កើត​ម៉ាក​រថយន្ត​ថ្មី​នៅក្នុង​តំបន់​។

អត្ថបទទាក់ទង


​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​សិង្ហ​បុរី Straits Times កិច្ចព្រមព្រៀង​នេះ នឹងត្រូវ​អនុវត្ត​ដោយ​ក្រុមហ៊ុន​ម៉ាឡេស៊ី Malaysian Automotive Institute (MAI)  និង​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី Indonesian Automotive Institute (IOI) ដែល​សុទ្ធសឹងតែ​ជា​អង្គភាព​របស់​រដ្ឋាភិបាល​ទាំងពីរ​។

​ជាមួយគ្នានេះ តាម​ការបញ្ជាក់​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន MAI លោក  Mohamad Madani ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី បាន​ត្រៀមខ្លួន​រួចជាស្រេច ក៏ដូចជា​មាន​សមត្ថភាព​ក្នុង​ការផលិត​រថយន្ត ជាមួយនឹង​គ្រឿងផ្សំ​៩០​ភាគរយ​ជា​សមាសធាតុ​ក្នុង​តំបន់​។ លោក អះអាងថា ភាគី​ទាំងពីរ នឹង​បន្ត​ស្រាវជ្រាវ​លើ​បច្ចេកទេស​ក្នុង​ការផលិត​បន្ថែម ប៉ុន្តែ​លោក​បដិសេធ​បញ្ជាក់​កាលបរិច្ឆេទ​ដែល​រថយន្ត​អាច​ផលិត​រួចរាល់​។​

​ជុំវិញ​កិច្ចព្រមព្រៀង​នេះដែរ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អន្តរជាតិ​ម៉ាឡេស៊ី លោក Leiking បាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​នេះ ជា​លទ្ធផល​មួយ​នៃ​ជំនួប​របស់​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ និង​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ កាលពី​ខែមិថុនា​កន្លងទៅ​។ លោក​រដ្ឋមន្ត្រី បន្ថែមថា កិច្ចព្រមព្រៀង​នេះ បាន​បង្ហាញថា ប្រទេស​ទាំងពីរ បាន​សហការគ្នា​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម នៅក្នុង​តំបន់​អាស៊ាន​។

​សូម​រម្លឹក​ផងដែរ​ថា នៅ​ខែមិថុនា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ បានជ្រើសរើស​ឥណ្ឌូណេស៊ី ជា​ទិសដៅ​ដំបូង​សម្រាប់​ការបំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្ន​ងុ​តំបន់​អាស៊ាន​។ ពេលនោះ​ហើយ ដែល​លោកនាយក​រដ្ឋមន្ត្រី​រូបនេះ បាន​បបួល​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ផលិត​រថយន្ត​រួមគ្នា​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ទីផ្សារ​អាស៊ាន​៕



Tag:
 ឥណ្ឌូណេស៊ី​
  ម៉ាឡេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com