រថយន្ត
អន្តរជាតិ
បុរស​ម្នាក់​ច្នៃ​រថយន្ត​ដែល​អាច​បើក​បាន​ពីលើ​ដំបូល​
13, Aug 2018 , 8:19 pm        
រូបភាព
ដោយ: ធីតា
​កាលពី​អំឡុង​ទសវត្សរ៍​ទី​១៧ និង​ទី​១៨ មនុស្សលោក​ប្រឹងប្រែង​ច្នៃប្រឌិត​នូវ​អ្វីដែល​ប្លែកៗ និង​ទំនើបៗ ដើម្បី​ភាពងាយស្រួល​ក្នុង​ជីវិត​។ ផ្ទុយទៅវិញ មនុស្ស​មួយចំនួន​នាពេល​បច្ចុប្បន្ន ខិតខំ​ស្រាវជ្រាវ និង​ច្នៃប្រឌិត​នូវ​អ្វីដែល​វិលត្រឡប់​ទៅរក​គំនិត​បុរាណ​វិញ​។​



​តារា Youtube ម្នាក់​ដែល​ដាក់ឈ្មោះ​ខ្លួនឯង​ថា Master Milo បង្កើត​គំនិត​ដ៏​ប្លែក​មួយ តាមរយៈ​ការច្នៃប្រឌិត​រថយន្ត​ដែល​អាច​ឲ្យ​អ្នកបើកបរ​បញ្ជា​រថយន្ត​ពី​ផ្នែក​ខាងក្រៅ​។

​តាមរយៈ​ឃ្លី​ប​វីដេអូ លោក Milo បាន​ច្នៃ​ដែក​លៀន​ចេញ​ពីលើ​ក្បាល​រថយន្ត និង​ដាក់​កៅអី​ចំនួន​៣ ដោយ​អ្នក​កាន់ចង្កូត​ស្ថិតនៅ​កៅអី​កណ្តាល​។ នៅពេល​ចាប់​ហ្វ្រាំង​ម្តងៗ រថយន្ត​បាន​ហើប​គូទ​ឡើងលើ​។​



​ទោះបី​វា​ជា​គំនិត​ដែល​ប្លែក​ក៏ដោយ ប៉ុន្តែ​លោក Milo រក​មិនទាន់​ឃើញ​ដៃគូ​សម្រាប់​ការផលិត​រថយន្ត Wipkar 2.0 របស់ខ្លួន​នោះឡើយ​។ អ្នកចូលរួម​មតិ​ជាច្រើន បាន​ចាត់ទុកថា វា​ជា​គំនិត​ដ៏​ឆ្កួត​លីលា និង​គ្រោះថ្នាក់​ប​ផុត​។​

​បើតាម​ការ​បង្ហោះ​នៅលើ​បណ្តាញ​សង្គម Twitter គំនិត​នេះ ក៏​មិនមែន​ថ្មី​នោះដែរ ព្រោះ​កន្លងមក គេ​ធ្វើ​ឃើញ​ឃ្លី​ប​វីដេអូ​របស់​តារា​កំប្លែង Mr.Bean ដែល​បញ្ជា​រថយន្ត​ពីលើ​ដំបូល​រួចទៅហើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com