អន្តរជាតិ
តួ​ក​គី​មិន​ចុះ​ញ៉ម ទោះ​រង​សម្ពាធ​សេដ្ឋកិច្ច​របស់​អាមេរិក​រហូត​រូបិយវត្ថុ​ក្នុងស្រុក​ធ្លាក់​ថ្លៃ​ខ្លាំង​
13, Aug 2018 , 9:19 am        
រូបភាព
បុរសម្នាក់កាន់ក្រដាសប្រាក់ Lira តួកគី និងក្រកាសប្រាក់ដុល្លារអាមេរិក (រូបភាព AFP)
បុរសម្នាក់កាន់ក្រដាសប្រាក់ Lira តួកគី និងក្រកាសប្រាក់ដុល្លារអាមេរិក (រូបភាព AFP)
​សម្ពាធ​ផ្នែក​សេដ្ឋកិច្ច​របស់​អាមេរិក កំពុង​ធ្វើ​ឲ្យ​តួ​ក​គី​ជួប​បញ្ហា​យ៉ាងខ្លាំង ហើយ​រូបិយវត្ថុ​ជាតិ​តួ​ក​គី lira បាន​ដាំ​ក្បាល​ចុះ​មិន​ធ្លាប់មាន​។ សម្ពាធ​របស់​អាមេរិក​ផ្ដើមចេញពី​ការ​ជំហរ​តឹងរ៉ឹង​របស់​តួ​ក​គី ដែល​មិន​ព្រម​ដោះលែង​អាចារ្យ​សាសនា​គ្រិស្ត​ម្នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្រោម​ការចោទប្រកាន់ថា ធ្វើ​សកម្មភាព​ភេរវកម្ម និង​ស៊ើបការណ៍​សម្ងាត់​។ យ៉ាងណាមិញ ក្រុង​អង់កា​រ៉ា​មិន​ចុះ​ញ៉ម​នឹង​ចំណាត់ការ​របស់​ក្រុង​វ៉ាស៊ីនតោន​ឡើយ និង​ត្រៀម​ចាត់វិធានការ​តប​វិញ​ផង​នៅ​ថ្ងៃទី​១៣ ខែសីហា​។



​ផ្ដើមចេញពី​ការចាប់​ចង​អាចារ្យ​គ្រិស្តសាសនា​ម្នាក់ ទំនាក់ទំនង​រវាង​អាមេរិក និង​តួ​ក​គី​បាន​ប្រែ​ទៅជា​ល្អក់កករ​ខ្លាំង​។ ក្រោយ​តួ​ក​គី​មិន​ព្រម​ដោះលែង​តាម​ការទាមទារ អាមេរិក​ក៏​លែង​ធម៌​ក្ដៅ​ដាក់​តួ​ក​គី​តែម្ដង ដោយ​ប្រធានាធិបតី​អាមេរិក​បាន​បង្កើន​ពន្ធ​នាំចូល​ទ្វេដង​លើ​ដែក​ថែម និង​អាលុយមីញ៉ូម​របស់​តួ​ក​គី​។ ពោល គឺ​តួ​ក​គី​ត្រូវ​បង់ពន្ធ​នាំចូល​អាលុយមីញ៉ូម​ចំនួន​២០​ភាគរយ ហើយ​ដែកថែប​ត្រូវ​បង់​ដល់​ទៅ​៥០​ភាគរយ​ឯណោះ​។​

​បន្ទាប់ពី​ទណ្ឌកម្ម​របស់​អាមេរិក ប្រាក់​ជាតិ​តួ​ក​គី lira បាន​ធ្លាក់​ថ្លៃ​រហូតដល់​ទៅ​៤០​ភាគរយ​តាំងពី​សប្ដាហ៍​មុន​មក បើ​ប្រៀ​ធៀប​លុយ​ដុល្លារ​អាមេរិក ដោយ​តួ​ក​គី​បាន​ចោទ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ថា កំពុង​វាយប្រហារ​លើ​រូបិយវត្ថុ​ជាតិ​របស់ខ្លួន​។ ឆ្លើយតប​សកម្មភាពរ​បស់​អាមេរិក ក្រុង​អង់កា​រ៉ា​បានរៀបចំ​ផែនការ​បន្ទាន់​វិញ​ដើម្បី​ទប់ទល់​ស្ថានការណ៍​ដែល​អាក្រក់​ខ្លាំង​នេះ​។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​តួ​ក​គី Berat Albayrak បាន​ហៅ​ទង្វើ​អាមេរិក​ជា​ស្ថានភាព​ដែល​កើតឡើង​នៅ​គ្រប់​ប្រទេស​កំពុង​អភិវឌ្ឍ​។

​ក្នុង​គោលដៅ​បន្ធូរ​ស្ថានការណ៍ រដ្ឋាភិបាល​តួ​ក​គី​បាន​ណែនាំ​ស្ថាប័ន​ពាក់ព័ន្ធ​របស់ខ្លួន​ឲ្យ​ចាត់វិធានការ​នៅ​ថ្ងៃទី​១៣ ខែសីហា ព្រោះ​រដ្ឋ​មាន​ផែនការ​ត្រៀម​ស្រេច​អស់ហើយ​។ «​ជាមួយនឹង​ធនាគារ យើង​បាន​ត្រៀមខ្លួន​ផែនការ​សកម្មភាព​ពាក់​ព័ន្ធ​ស្ថានភាព​របស់​ក្រុមហ៊ុន​យើង​រាប់​តាំងពី​ក្រុមហ៊ុន​ខ្នាតតូច និង​ធំ ដែល​រងគ្រោះ​ដោយ​អាមេរិក​។ ព្រម​គ្នា​នឹង​ធនាគារ​ជាមួយ​ទីភ្នាក់ងារ​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ យើង​នឹង​ចាត់វិធានការ​ចាំបាច់​ប​ន្ទា​ន់​»​។ នេះ​ជាការ​លើកឡើង​របស់លោក Albayrak នៅ​ថ្ងៃទី​១៣ ។​

​ដោយឡែក​ប្រធានាធិបតី​តួ​ក​គី​ផ្ទាល់ តៃ​យី​ប អ៊ែរ​ដូ​ហ្កា​ន់ ក៏បាន​រិះគន់​ចំណាត់ការ​របស់លោក ត្រាំ ដែល​បង្កើន​ការយកពន្ធ​ទ្វេដង​លើ​ដែកថែប និង​អាលុយមីញ៉ូម​។ នៅ​ថ្ងៃទី​១២ ខែសីហា លោក អ៊ែរ​ដូ​ហ្កា​ន់ និយាយថា នេះ​ជា​ប្រតិបត្តិការ​មួយ​ប្រឆាំង​តួ​ក​គី សំដៅ​ធ្វើ​ឲ្យ​តួ​ក​គី​ចុះចាញ់​តែ​ផ្នែក​ហិរញ្ញវត្ថុ និង​នយោបាយ និង​ធ្វើ​ឲ្យ​តួ​ក​គី​ទាំងមូល​លុតជង្គង់​។ ប៉ុន្តែ​លោក​បាន​ប្រាប់​អាមេរិក​វិញ​ថា តួ​ក​គី​ដឹង​គន្លឹះ​របស់​អាមេរិក​ហើយ​។​

​ករណី​ខាងលើ ជា​ករណី​មួយ​ក្នុងចំណោម​ការខ្វែងគំនិត​រវាង​អាមេរិក និង​តួ​ក​គី ដែលជា​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ដូចគ្នា​។ ទំនាក់ទំនង​ទ្វេភាគី​នេះ បាន​រអាក់រអួល​ខ្លាំង​ក្រោយ​តួ​ក​គី​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 របស់​រុស្ស៊ី ដែល​កំពុង​មិនត្រូវ​គ្នា​ជាមួយ​អាមេរិក​នោះ​។ ក្រុង​វ៉ាស៊ីនតោន​បាន​ប្រាប់​ឲ្យ​ក្រុង​អង់កា​រ៉ា​ផ្អាក​ទិញ​អាវុធ​រុស្ស៊ី បើ​មិន​ចង់​អស់សិទ្ធិ​ទិញ​យន្តហោះ F-35 ។ ស្របគ្នា​ទំនាក់ទំនង​ធ្លាក់ចុះ តួ​ក​គី​ឆ្លើយ​ទៅ​អាមេរិក​ថា បើ​អាមេរិក​បន្ត​អាកប្បកិរិយា​បែបនេះ ខ្លួន​នឹង​រក​សម្ព័ន្ធមិត្ត​ថ្មី​ហើយ​៕


Tag:
 តួ​ក​គី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com