អន្តរជាតិ
មហា​ធៀ​៖ ប្រទេស​អ្នកមាន​គឺ ប្រទេស​មាន​ប្រជាជន​ប្រឹងប្រែង​ធ្វើការ​ដើម្បី​ជាតិ មិនមែន​ចាំតែ​សុំ​ដំឡើង​ប្រាក់ខែ​
13, Aug 2018 , 10:39 pm        
រូបភាព
​ប្រទេស​អ្នកមាន គឺជា​ប្រទេស​ដែល​ប្រជាជន​មានអំណាច​ទិញ (Purchasing power) ខ្ពស់ ដោយសារ​ពួកគេ​មាន​ផលិតភាព​ការងារ​ខ្ពស់ និង​ប្រឹងប្រែង​ធ្វើការ​ខ្លាំង​។  នេះ​ជាស​ម្តី​របស់លោក មហា​ធៀ មហាម៉ាត់ នាយ​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ថ្លែង​ទៅកាន់​សមាជិក​គណៈរដ្ឋមន្ត្រី​ថ្ងៃ​ចន្ទ​ទី ១៣ ខែសីហា ពេល​និយាយ​ពី​ការស្នើសុំ​ដំឡើង​ប្រាក់បៀវត្សរ៍​មន្ត្រី​។



​ពី​ការិយាល័យ​នាយករដ្ឋមន្ត្រី​នៅ​ក្រុង Putra Jaya លោក មហា​ធៀ បាន​ពន្យល់ថា ការដំឡើង​ប្រាក់ខែ​ទោះ​កម្រិត ១០ ឬ ដល់​២៥ ភាគរយ​ក៏ដោយ ក៏​វា​មិនមាន​តម្លៃ​ដែរ បើសិនជា​មន្ត្រី និង​ប្រជាជន​ទាំងអស់​មិន​ប្រឹងប្រែង​ធ្វើការ​បង្កើន​ផលិតភាព​ការងារ​ទេនោះ​។

​លោក មហា​ធៀ បន្ថែមថា ក្នុងករណី​ដែលមាន​ការបង្កើន​ប្រាក់ខែ ហើយ​ផលិតភាព​ការងារ​ទាប​ឬ នៅ​ដដែល​មិន​កើនឡើង​នោះ  ការចំណាយ​លើ​ការរស់នៅ​នឹង​កើនឡើង​ព្រោះ​ទំនិញ​ដែល​ធ្លាប់មាន​តម្លៃថោក​នឹង​ឡើងថ្លៃ​។ នេះ​ក៏​ដ្បិតថា ផលិត​ទាំងនោះ​ផលិត​ដោយ​កម្លាំង​ពលកម្ម​ដែលមាន​ប្រាក់ខែ​ខ្ពស់​តែ​ផលិតភាព​ការងារ​ទាប​។

 បើតាម​សារព័ត៌មាន Malaysiakini នាយករដ្ឋមន្ត្រី​វ័យ ៩៣ ឆ្នាំនេះ​និយាយ​ដូច្នេះ​៖«​ប្រាក់ខែ​ច្រើន​ហើយ ប៉ុន្តែ​សមត្ថភាព​ឬ​អំណាច​នៃ​ការទិញ​របស់​ប្រជាជន​នៅ​ដដែល​ដូច​មុន​។ ស្ថានភាព​ដូច្នេះ​វា​មិនមែនជា​ប្រទេស​ដែលមាន​ឡើយ​។ តើ​ក្លាយជា​មហាសេដ្ឋី​បាន​ប្រយោជន៍​អី បើសិនជា​យើង​អាចមាន​លទ្ធភាព​ត្រឹម​ទិញ​ផលិតផល​តាម​ថ្នល់​ដដែល​នោះ​?»

​លោក មហា​ធៀ បន្តថា ជារួម​សមត្ថភាព​ឬ​អំណាច​នៃ​ការទិញ​របស់​ប្រជាជន​ម៉ាឡេស៊ី​ពឹងផ្អែក​សំខាន់​លើ​ផលិតភាព​ការងារ និង​ការប្រឹងប្រែង​ធ្វើ​ការងារ​រៀងរាល់ថ្ងៃ​។ ក្នុង​កាលៈទេសៈ​នេះ លោកនាយក​រដ្ឋមន្ត្រី​ទី​៧ រូបនេះ​បាន​ឆ្លៀតឱកាស​ផងដែរ​ដោយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ម៉ាឡេស៊ី​ជាពិសេស​ក្មេងជំនាន់ក្រោយ គួរ​គោរព​ឲ្យ​បាន​នូវ​តម្លៃ​នៃ​ភាពស្មោះត្រង់ និង​ប្រឹងប្រែង​ខ្ពស់​សម្រាប់​ជួយ​ជាតិ​។ ម៉ាឡេស៊ី​ត្រូវ​ក្លាយជា​ប្រទេស​ដែល​ឧស្សាហ៍​ព្យាយាម​ប្រឹងប្រែង​ធ្វើការ ហើយ​ផ្តោត​ការយកចិត្តទុកដាក់​ខ្លាំង​លើ​ផលិតភាព​ការងារ ដោយ​មិនមែនជា​ប្រទេស​ដែលមាន​ពលរដ្ឋ​ចាំ​សុំ​ដំឡើង​តែ​ប្រាក់ខែ​។

​លោក មហា​ធៀ និយាយថា ដោយសារ​វ័យចាស់​ជរា​ទៅនោះ អ្វីដែល​លោក​ជួយ​បាន​ពេលនេះ​គឺ ជួយ​ជំរុញ និង​បណ្តុះ​ស្មារតី​មន្ត្រីរាជការ​ឲ្យ​មាន​ភាពស្មោះត្រង់​និង​ឧស្សាហ៍​ព្យាយាម​ធ្វើការ​ងារ​ដើម្បី​ជាតិ​។ ពួកគេ​ជា​គ្រឿង​ម៉ាស៊ីន​ដែល​ធ្វើ​ឲ្យ​ម៉ាឡេស៊ី​រីកចម្រើន​លូតលាស់ និង​ទទួលបាន​ការគោរព​ពី​សហគមន៍​អន្តរជាតិ​នៅពេល​អនាគត​ផង​៕



Tag:
 មហា​ធៀ មហាម៉ាត់​
  ម៉ាឡេស៊ី​
  ផលិតភាព​ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com