អន្តរជាតិ
រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ទាត់ចោល​ការកោះហៅ​រប​ស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​លើ​សំណុំរឿង​រ៉ូ​ហ៊ីង​យ៉ា
14, Aug 2018 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ពាក់ព័ន្ធ​នឹង​ការកោះហៅ​របស់​តុលាការ​ព្រហ្ម​ណ្ឌ​អន្តរជាតិ (ICC)​ឲ្យ​មី​យ៉ាន់​ម៉ា​ចូល​បំភ្លឺ​ករណី​វិបត្តិ​ជនភៀសខ្លួន​ក្នុង​រដ្ឋ​រ៉ា​ខាន (Rakhine)​។ ក្រុង​ពិដោរ បាន​អះអាងថា ខ្លួន​មិន​ឲ្យ​តម្លៃ​លើ​ការ​កោះ​នោះឡើយ ដ្បិត​មី​យ៉ាន់​ម៉ា មិនមែនជា​រដ្ឋ​ភាគី​របស់​លក្ខន្តិកៈ​ក្រុង​រ៉ូម​ឡើយ​។



​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កាលពី​ថ្ងៃ​២១ មិថុនា​កន្លងទៅ បានចេញ​សម្រេច​មួយ​ដោយបាន​កោះហៅ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដើម្បី​ឆ្លើយតប និង​បំភ្លឺ​ពាក់ព័ន្ធ​សំណើសុំ​ចាត់ការ​របស់​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​លើ​វិបត្តិ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​របស់​មី​យ៉ាន់​ម៉ា ដែល​រដ្ឋអាជ្ញា បាន​មើលឃើញថា​ជា​សញ្ញាណ​នៃ​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ​។​

​តាមរយៈ​សេចក្តីសម្រេច​កម្រាស់​៥​ទំព័រ តុលាការ ក៏បាន​កំណត់​ថ្ងៃ​ចុងក្រោយ​សម្រាប់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បំភ្លឺ និង​តវ៉ា​ជុំវិញ​បណ្តឹង​ប្រឆាំង​ខ្លួន​ពី​រដ្ឋអាជ្ញា​តុលាការអន្តរជាតិ​ត្រឹម​ថ្ងៃទី​២៧ កក្កដា​។ តែ​គួរកត់សម្គាល់​នោះ មី​យ៉ាន់​ម៉ា មិនបាន​សហការ​ឡើយ ក្រោម​ហេតុផល​ថា មី​យ៉ាន់​ម៉ា មិនមែនជា​ភាគី​នៃ​តុលាការ​ឡើយ​។​

​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា Myanmar Times នៅ​ថ្ងៃ​១០ សីហា ការិយាល័យ​របស់​ទីប្រឹក្សា​រដ្ឋ​លោកស្រី អ៊ុង​សាន ស៊ូ​ជី បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មី​យ៉ាន់​ម៉ា ក្នុងនាម​រដ្ឋ​មិនមាន​ជា​ភាគី​លក្ខន្តិកៈ​ក្រុង​រ៉ូម គ្មាន​កាតព្វកិច្ច​អ្វីដែល​ត្រូវ​ចូលរួម​តស៊ូ​ក្តី​ជាមួយនឹង​រដ្ឋអាជ្ញា ICC​ឡើយ ហើយ​រឹតតែ​មិនមាន​ហេតុផល​អ្វីដែល​ត្រូវ​ទទួលយក​ការកោះហៅ​នោះ​ផងដែរ​។

​តាមរយៈ​សេចក្តីថ្លែងការណ៍​ដដែល​នោះ មី​យ៉ាន់​ម៉ា បានចាត់ទុក​សំណើ​របស់​រដ្ឋអាជ្ញា​ICC ក្នុងការ​ចាត់ការ​មី​យ៉ាន់​ម៉ា​លើ​ករណី​រដ្ឋ​រ៉ា​ខាន គឺជា​រឿង​មិន​ត្រឹមត្រូវ​ទាល់តែសោះ ហើយ ទង្វើ​នេះ ក៏​អាច​និយាយថា​ជាការ​ប៉ុនប៉ង​ដោយ​ប្រយោល​ក្នុងការ​បំពាន​យុត្តាធិការ​មី​យ៉ាន់​ម៉ា ដែល​មិនមែនជា​ភាគី​របស់​លក្ខន្តិកៈ​ក្រុង​រ៉ូម​ផងដែរ​។

​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃ​០៤ មេសា​កន្លងទៅ លោកស្រី​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ Fatou Bensouda បានដាក់​បណ្តឹង​មួយ​ដោយ​ស្នើ​ឲ្យ​តុលាការ​សម្រេច​ថា​តើ​តុលាការ​អាចអនុវត្ត​យុត្តាធិការ​របស់ខ្លួន​លើ​ការបណ្តេញ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​ពី​ប្រទេស​បាន​ឬ​យ៉ាងណា​។ លោកស្រី បាន​ទទួលស្គាល់ថា​សំណើ​នេះ​គឺជា​រឿង​ដ៏​លំបាក​នៃ​ផ្នែក​ច្បាប់​មួយ ដ្បិត មី​យ៉ាន់​ម៉ា មិនមែនជា​ភាគី នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ។

​តែ​យ៉ាងណាក៏ដោយ រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​មើលឃើញ​ពី​លទ្ធភាព​ដើម្បី​ស្វែងរក​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​នាំ​ជនល្មើស​មក​ទទួលខុស​ត្រូវ​ចំពោះមុខ​ច្បាប់ ដោយសារតែ​វិបត្តិ​ជនភៀសខ្លួន ដែល​លោកស្រី​រដ្ឋអាជ្ញា​ចាត់ទុកថា​ជា​ចេតនា​បណ្តេញ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ពី​ប្រទេស​នេះ បានកើត​ឡើង​ឆ្លង​ព្រំដែន​ពី​មី​យ៉ាន់​ម៉ា​ទៅកាន់​បង់​ក្លា​ដែ​ស ដែលជា​ប្រទេស​ហត្ថលេខី​នៃ​លក្ខន្តិកៈ​ក្រុង​រ៉ូម​។​

​បើតាម​បណ្តឹង​របស់លោក​ស្រី​រដ្ឋ​អាជ្ញា​ដែល​បាន​ស្នើសុំ​ចាត់ការ​ពី​តុលាការ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖« គិត​ចាប់ពី​វិបត្តិ​ជនភៀសខ្លួន​មី​យ៉ាន់​ម៉ា​ផ្ទុះឡើង​ពី​ខែសីហា ឆ្នាំ​២០១៧​មក មាន​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ជាង​៦៧០,០០០ នាក់ ដែល​បាន​ស្នាក់នៅ​ក្នុង​ទឹកដី​មី​យ៉ាន់​ម៉ា​យ៉ាង​ស្រប ត្រូវបាន​បណ្តេញ​ចេញពី​ប្រទេស​ទៅកាន់​បង់​ក្លា​ដែ​ស ដែល​ទង្វើ​នេះ អាច​ចាត់ទុកជា​បទល្មើស​មួយ​ប្រឆាំងនឹង​មនុស្សជាតិ​៕»



Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា​
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com