កីឡាជាតិ
ជាតិ
លោក សៅ សុខា៖ គ្មានអ្នកណាជួយបានឡើយ បើដេកមិនលក់ តែធ្វើជាដេកលក់ លោក សៅ សុខា និង លោក Keisuke Honda ក្នុងសន្នសីទសារព័ត៌មាននៅសណ្ឋាគារឡឺរ៉ូយ៉ាល កាលពីថ្ងៃទី១២ ខែសីហា។ រូបភាពពី FFC
× ដើម្បីអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ឲ្យកាន់រីកចម្រើនលោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រើនរំលឹកកីឡាករឲ្យខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាព គោរពវិន័យ និងមានស្មារតីភ្ញាក់រលឹក ពិសេសដឹងពីតួនាទី។ ព្រោះលទ្ធផលចាញ់ឬឈ្នះមិនពឹងលើគ្រូបង្វឹកតែម្នាក់នោះទេ គឺអាស្រ័យលើកីឡាករខ្លួនឯងផ្ទាល់។ ការដាស់តឿនបែបនេះ ធ្វើឡើងក្នុងពិធីតែងតាំងលោក Keisuke Honda ដែលជាកីឡាករល្បីរបស់ជប៉ុន ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។
«មុនឲ្យគេជួយ កីឡាករត្រូវជួយខ្លួនឯងជាមុនសិន»។ នេះជាការក្រើនរំលឹករបស់លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដល់កីឡាករតាមបណ្តាក្លិប ឲ្យមានការភ្ញាក់រលឹក ហើយខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពឲ្យកាន់តែប្រសើរ។ ព្រោះលោកជឿជាក់ថា ការអភិវឌ្ឍសមត្ថភាពអាចមានការរីកចម្រើនទៅបាន គឺអាស្រ័យលើការខិតខំព្យាយាមហ្វឹកហាត់របស់កីឡាករ ពិសេសត្រូវមានស្មារតីភ្ញាក់រលឹក និងគោរពវិន័យឲ្យបានខ្ជាប់ខ្ជួន។
នាពិធីតែងតាំងកីឡាករ Keisuke Honda ដែលជាតារាបាល់ទាត់ឆ្នើមមួយរូបរបស់ជប៉ុន ជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាប្រធានសហព័ន្ធរូបនេះសង្កត់ធ្ងន់ថា៖«ខ្ញុំគិតថា បច្ចេកទេសអន់ ឬខ្សោយមិនសំខាន់នោះទេ សំខាន់គឺឆន្ទៈនៃការលេង។ ដូច្នេះកីឡាករត្រូវមានឆន្ទៈលេងដោយខ្លួនឯង តែបើចង់លេងក៏បាន មិនលេងក៏បាន គឺពិបាកហើយ។ បើចង់ឲ្យគេជួយ យើងត្រូវជួយខ្លួនឯងជាមុនសិន តែបើយើងមិនដេកលក់សោះ ហើយធ្វើដេកលក់ វាគ្មានអ្នកណាអាចជួយយើងបាននោះទេ»។
ទោះបីយកគ្រូល្បីៗមកបង្វឹកយ៉ាងណាក៏ដោយ តែបើកីឡាករគ្មានស្មារតីភ្ញាក់រលឹក មិនយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់អភិវឌ្ឍន៍សមត្ថភាពទេនោះ គឺមិនអាចទទួលលទ្ធផលល្អបានឡើយ។ ដូច្នេះលទ្ធផលចាញ់ឬឈ្នះ វាមិនអាស្រ័យលើគ្រូបង្វឹកនោះទេ គឺអាស្រ័យលើកីឡាករ។ នេះជាការបន្ថែមរបស់លោក សៅ សុខា ដែលបានបន្តថា៖«យើងបានដឹងហើយថា កម្ពុជាយើងមានគ្រូបង្វឹកប្រចាំជាអចិន្ត្រៃយ៍ ហើយគ្រូទាំងនោះមកពីកន្លែងផ្សេងៗគ្នា គ្រូខ្លះគេល្បីបង្ហាត់ មានកេរ្តិ៍ឈ្មោះ ប៉ុន្តែពេលមកបង្ហាត់ក្រុមជម្រើសជាតិកម្ពុជាយើង គេមិនអាចទទួលបានលទ្ធផលល្អ ដូចការរំពឹងទុកនោះទេ»។
តែយ៉ាងណា លោក សៅ សុខា រំពឹងថា តាមរយៈវត្តមានរបស់កីឡាករ Keisuke Honda នឹងជួយឲ្យវិស័យកីឡាបាល់ទាត់កម្ពុជាកាន់តែរីកចម្រើន ពិសេសស្តារប្រជាប្រិយភាព ដែលបានធ្លាក់ចុះមួយរយៈឲ្យមានភាពប្រសើរឡើងវិញ។ Keisuke Honda ដែលចុះហត្ថលេខាដោយស្ម័គ្រចិត្តរយៈពេលពីរឆ្នាំជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងមិនដឹកនាំក្រុមជម្រើសជាតិកម្ពុជាដោយផ្ទាល់ទាំងអស់នោះឡើយ។ ពោលគឺរូបគេធ្វើការតាមរយៈ Video Conference។
កីឡាករ Keisuke Honda មិនត្រឹមតែជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាទូតសុឆន្ទៈរបស់កម្ពុជាទៀតផង។ រូបគេនឹងជួយផ្សព្វផ្សាយពីអរិយធម៌ វប្បធម៌ តំបន់ទេសចរណ៍ និងការរីកចម្រើនរបស់កម្ពុជាទៅកាន់ពិភពលោកផងដែរ។
យ៉ាងណាមិញ កីឡាករ Keisuke Honda បានប្តេជ្ញាថា នឹងខិតខំជួយអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាឲ្យកាន់ឲ្យកាន់តែរីកចម្រើន ពិសេសនឹងជួយឲ្យក្រុមជម្រើសជាតិកម្ពុជាមានទម្រង់លេងថ្មីផ្ទាល់ខ្លួន។ តារាបាល់ទាត់ជប៉ុនរូបនេះ នឹងទាក់ទងធ្វើការងារជាមួយក្រុមជម្រើសជាតិតាម Video Conference តាមរយៈក្រុមការងាររបស់សហព័ន្ធពីរលើកក្នុងមួយសប្តាហ៍៕
Tag:
បាល់ទាត់
លោក សៅ សុខា
Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com