ជាតិ
ឥទ្ធិពល​ព្យុះ​បេ​ប៊ី​ន​កា នឹងធ្វើ​ឲ្យ​កម្ពុជា មាន​ភ្លៀង​ធ្លាក់ ជាច្រើន​ថ្ងៃ​ទៀត​ ជាពិសេសនៅតំបន់សមុទ្រ
13, Aug 2018 , 6:54 pm        
រូបភាព
ឥទ្ធិពល​ព្យុះ​បេ​ប៊ី​ន​កា នឹងធ្វើ​ឲ្យ​តំបន់​ជាប់មាត់​សមុទ្រ និង​តំបន់​អាង​ទន្លេ​មរ​គ​ង្គ​មាន​ភ្លៀង​ធ្លាក់​ច្រើន ខណៈ​តំបន់​ខ្ពង់រាប​ភាគ​ឦ​សាន្ត និង​បណ្តា​រាជធានី និង​ខេត្ត​ផ្សេង អាច​នឹងមាន​ភ្លៀង​ពី​មធ្យម ទៅ​បង្គួរ​។



​សេចក្តីជូនដំណឹង​ថ្ងៃទី​១៣ សីហា របស់​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹងថា វិ​សម្ពាធ ដែល​កំពុងស្ថិត​នៅក្បែរ​តំបន់ឆ្នេរ​ភាគខាងត្បូង​ប្រទេស​ចិន បាន​វិវត្តន៍​ខ្លួន​ទៅជា​ព្យុះ​ទី​១៦ ឈ្មោះ បេ​ប៊ី​ន​កា (BEBINCA)​។  

ព្យុះ​នេះ នឹងធ្វើ​ដំណើរ​មកដល់​ភាគ​ខាងជើង​ប្រទេស​វៀតណាម នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨​។ បន្ទាប់ពី​ព្យុះ​នេះ​អស់​ឥទ្ធិពល នឹងមាន​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​លើ​ត​ឡើង ហើយ​អូស​កាត់​លើ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ឡាវ​។

តំបន់​មាត់សមុទ្រ ពិសេស​ខេត្តកោះកុង និង​ព្រះសីហនុ អាចមាន​ភ្លៀង​ធ្លាក់​ខ្លាំង ឯ​លំហ​សមុទ្រ​មាន​ភ្លៀង​-​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​សមុទ្រ​ខ្ពស់ៗ និង​តំបន់​អាង​ទន្លេមេគង្គ និង​មាន​ភ្លៀង​ធ្លាក់​ច្រើន ចាប់ពី​ថ្ងៃទី​១៧-១៨ ខែសីហា ជាពិសេស​បន្ទាប់ពី​ព្យុះ​នេះ​អស់​ឥទ្ធិពល​។ នេះ​បើតាម​ការ​ព្យាករ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ដល់​អ្នកនេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ បង្កើន​ភាព​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ​៕


Tag:
 សមុទ្រ​
 ​ភ្លៀង​
 ​តំបន់ឆ្នេរ​
 ​ខ្ព​ង​រាប​
 ​កោះកុង​
 ​ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com