ជាតិ
បទយកការណ៍ / បទសម្ភាសន៍
នយោបាយជាតិ
លោក រស់ ចន្ត្រាបុត្រ៖«បើអាមេរិកធ្វើឲ្យកម្ពុជាអស្ថិរភាព អាមេរិកនឹងខាតធំ»
× ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានប្រកាសតែងតាំងលោក Patrick Murphy ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដើម្បីបន្តបេសកកម្មពីលោក William A. Heidt ដែលកំពុងបញ្ចប់អាណត្តិរបស់ខ្លួន។ ការតែងតាំងលោក Patrick Murphy តំណាងបេសកកម្មទូតរបស់អាមេរិកនៅកម្ពុជា បានធ្វើឲ្យអ្នកជំនាញវិទ្យាសាស្ត្រនយោបាយមួយចំនួនភ្ញាក់ផ្អើល ដោយសារតែ លោក Patrick Murphy គឺជាមនុស្សសំខាន់មួយរូបនៃក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានតួនាទីតំណាងរដ្ឋាភិបាលប្រចាំតំបន់អាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក។
លោក រស់ ចន្ត្រាបុត្រ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រានយោបាយ និងជាទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់បទសម្ភាសដល់លោក លាង ដឺលុច អគ្គនាយកនៃសារព័ត៌មានថ្មីៗ ដើម្បីពន្យល់អំពីមូលហេតុនៃការតែងតាំងប្រធានបេសកកម្មការទូតដ៏គួរឲ្យចាប់អារម្មណ៍របស់សហរដ្ឋអាមេរិកនេះ។
លោក លាង ដឺលុច៖ លោកសាស្ត្រាចារ្យប្រាកដជាបានទទួលព័ត៌មានស្តីអំពីការតែងតាំងលោក Patrick Murphy ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាសម្រាប់អាណត្តិខាងមុខនេះហើយ។ នេះជាការតែងតាំងមួយបែបយុទ្ធសាស្ត្រមែនទែន។ តើលោកសាស្ត្រាចារ្យយល់ឃើញយ៉ាងណាដែរ?
លោក រស់ ចន្ត្រាបុត្រ៖ ខ្ញុំពិតជាចាប់អារម្មណ៍ចំពោះការតែងតាំងនេះ។ លោក Patrick Murphy គឺជាឥស្សរជនជាន់ខ្ពស់របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានជំនាញ និងពិសោធន៍ច្បាស់លាស់ផ្នែកនយោបាយការបរទេស។ សម្រាប់ខ្ញុំ ការដាក់តួអង្គលោក Murphy នេះមកកម្ពុជា វាបានបង្ហាញអំពីការផ្លាស់ប្តូរនយោបាយ និងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកមកលើកម្ពុជា មកលើតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក។
លោក លាង ដឺលុច៖ តើអ្វីជានយោបាយ ឬយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលលោកសាស្ត្រាចារ្យកំពុងលើកឡើងនេះ?
លោក រស់ ចន្ត្រាបុត្រ៖ អាមេរិកយល់ឃើញថា ចំណុចរសើបដ៏ធំនោះ គឺកម្ពុជាដែលជាដៃគូ និងជាមិត្តយុទ្ធសាស្ត្រធំមួយរបស់ប្រទេសចិន។ ប្រទេសចិនក៏កំពុងមានវត្តមានយ៉ាងខ្លាំងនៅក្នុងតំបន់ដែរ ប៉ុន្តែ «វត្តមាន»របស់ចិនមកលើកម្ពុជា ហាក់ខ្លាំងជាងគេនៅក្នុងតំបន់។ ដូច្នេះវត្តមាននៃតួអង្គលោក Murphy នៅកម្ពុជា គឺពិតជាមានប្រយោជន៍ក្នុងការទប់ទល់ឥទ្ធិពលរបស់ចិននៅក្នុងតំបន់នោះហើយ។
លោក លាង ដឺលុច៖ លោកសាស្ត្រាចារ្យ! ហេតុអ្វីលោក Patrick Murphy មានឥទ្ធិពលខ្លាំងយ៉ាងនេះ?
លោក រស់ ចន្ត្រាបុត្រ៖ វត្តមានរបស់លោក Murphy ពិតជាសំខាន់។ ខ្ញុំយល់ឃើញថា ដោយសារតែលោក Murphy ធ្លាប់មានវត្តមាននៅក្នុងតំបន់ ដូច្នេះបើសិនជាលោក Murphy ក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកនៅកម្ពុជាមែន លោក Murphy ក៏អាចមានតួនាទីសម្របសម្រួល ប្រមូលផ្តុំមតិពីឯកអគ្គរដ្ឋទូតអាមេរិកទាំងអស់នៅក្នុងតំបន់ និងអនុវត្តនយោបាយការទូតរបស់អាមេរិកនៅក្នុងតំបន់យ៉ាងមានប្រសិទ្ធភាព។ យើងអាចនិយាយបានថា តាមរយៈវត្តមានរបស់លោក Murphy នេះ សហរដ្ឋអាមេរិកក៏អាចធ្វើឲ្យកាន់តែប្រសើរនូវការពង្រឹងភាពជាដៃគូរបស់អាមេរិកនៅក្នុងតំបន់ និងជាមួយប្រទេសនានានៅក្នុងតំបន់ដែរ។
លោក លាង ដឺលុច៖ ចុះតើកម្ពុជាទទួលបានផលប្រយោជន៍អ្វីពីវត្តមានរបស់ Patrick Murphy ដែលអាចក្លាយជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា?
លោក រស់ ចន្ត្រាបុត្រ៖ ខ្ញុំសង្ឃឹមថា សហរដ្ឋអាមេរិកដែលមានបំណងតែងតាំងលោក Patrick Murphy មកនេះ គឺដើម្បីជួសជុល ឬធ្វើឲ្យមានបរិយាកាសល្អឡើងវិញ ទំនាក់ទំនងកម្ពុជា-អាមេរិកដែលរកាំរកូសក្នុងពេលកន្លងមក។ ប៉ុន្តែខ្ញុំសូមជូនយោបល់ថា អាមេរិកត្រូវយល់ថាកម្ពុជាត្រូវការសន្តិភាពមុនគេ មុនអ្វីៗទាំងអស់។ បើសិនជាសហរដ្ឋអាមេរិកយល់អំពីបញ្ហានេះ ហើយជួយឲ្យកម្ពុជាមានសន្តិភាព នោះតួនាទីអាមេរិកនៅក្នុងកម្ពុជា និងតំបន់ គឺកាន់តែសំខាន់។ ផ្ទុយទៅវិញ បើសហរដ្ឋអាមេរិកធ្វើឲ្យកម្ពុជាអស្ថិរភាព នោះអាមេរិកនឹងខាតធំហើយ៕
Tag:
Patrick Murphy
ការទូត
រស់ ចន្ត្រាបុត្រ
Donald Trump
© រក្សាសិទ្ធិដោយ thmeythmey.com