អន្តរជាតិ
មេដឹកនាំ​កំពូល​អ៊ីរ៉ង់​ថា ការគ្រប់គ្រង​រដ្ឋាភិបាល​មិនបាន​ល្អ​គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាង​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ទៅទៀត​
14, Aug 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ការគ្រប់គ្រង​របស់រ​ដ្ឋា​ភិ​បាល​អ៊ីរ៉ង់​មិន​បានល្អ​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អ៊ីរ៉ង់​ច្រើនជាង​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ទៅទៀត​។​



​កាលពី​សប្ដាហ៍​មុន ប្រធានាធិបតី​អាមេរិក​លោក Donald Trump បានដាក់​ឡើងវិញ​នូវ​បណ្ដុំ​ទណ្ឌកម្ម​លើ​ប្រទេស​អ៊ីរ៉ង់ ដែល​ទណ្ឌកម្ម​ទាំងនោះ​ត្រូវបាន​ដកចេញ​កន្លងមក​ដោយ​សារ​តែ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ ដែល​កិច្ចព្រមព្រៀង​នោះ​ដាក់​កំហិត​ដល់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ដើម្បី​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ចេញ​។​

​ទណ្ឌកម្ម​ទាំងនោះ​សំដៅលើ​វិស័យ​រថយន្ត​របស់​ប្រទេស​អ៊ីរ៉ង់ ការធ្វើ​ពាណិជ្ជកម្ម​របស់​អ៊ីរ៉ង់​លើ​មាស និង​លោហធាតុ​មានតម្លៃ​ផ្សេងទៀត ក៏ដូចជា​រូបិយវត្ថុ​រៀល​របស់​អ៊ីរ៉ង់ និង​ការ​ចរាចរ​ហិរញ្ញវត្ថុ​ផ្សេងទៀត​ផងដែរ​។​

​លោក Trump បាន​គំរាម​ដាក់ទណ្ឌកម្ម​ជុំ​ថ្មី​មួយទៀត​កាលពី​ថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំមុន​ប្រឆាំងនឹង​ការ​ចរាចរ​ហិរញ្ញវត្ថុ និង​ការធ្វើ​អាជីវកម្ម​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​ថាមពល​របស់​ប្រទេស​អ៊ីរ៉ង់ ដែល​ស្ថាប័នហិរញ្ញវត្ថុ​បរទេស​នានា​ធ្វើ​ប្រតិបត្តិការ​ជាមួយនឹង​ធនាគារកណ្ដាល​នៃ​ប្រទេស​អ៊ីរ៉ង់​។​

​លោក Khamenei បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រសិនបើ​រដ្ឋាភិបាល​អ៊ីរ៉ង់​គ្រប់គ្រង​ប្រទេស​បានល្អ នោះ​អ៊ីរ៉ង់​អាច​ជម្នះ​យកឈ្នះ​លើ​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​បាន​។​

​លោក Trump ជារឿយៗ បាន​រិះគន់​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ដាក់ទណ្ឌកម្ម​ឡើងវិញ​បន្ទាប់ពី​បាន​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​នោះ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com