អន្តរជាតិ
ចិន​ថា គ្មាន​ការឃុំខ្លួន​ជនជាតិ Uighur មួយ​លាន​នាក់​នៅ​ស៊ីន​ជាំ​ង​ឡើយ​
14, Aug 2018 , 7:19 pm        
រូបភាព
ប៉ូលិសចិនឈរលើកដៃនៅខាងមុខវិហារឥស្លាមនៅតំបន់ស៊ីនជាំង (រូបភាព AFP)
ប៉ូលិសចិនឈរលើកដៃនៅខាងមុខវិហារឥស្លាមនៅតំបន់ស៊ីនជាំង (រូបភាព AFP)
​នៅ​ថ្ងៃទី​១៣ ខែសីហា ចិន​បាន​ទាត់ចោល​របាយការណ៍រ​បស់​អ្នកជំនាញ​អង្គការសហប្រជាជាតិ ដែល​រកឃើញថា មានការ​ឃុំខ្លួន​មនុស្ស​មួយ​លាន​នាក់​នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​។ ភាគច្រើន​នៃ​អ្នក​ជាប់ឃុំ​នេះ គឺជា​ជនជាតិភាគតិច​កាន់សាសនា​ឥស្លាម Uighur ដែល​គេ​ដឹងថា បាន​រង​ការ​រឹតត្បិត​សិទ្ធិសេរីភាព​ខ្លាំង​ពី​អាជ្ញាធរ​ចិន​កន្លងមក​។ ទោះជា​ទាត់ចោល​របាយការណ៍​មែន មន្ត្រី​ចិន​ទទួលស្គាល់ថា មាន​មនុស្ស​ខ្លះ​ពិតជា​បាន​ឆ្លងកាត់​ជំរំ​កែប្រែ​ឡើងវិញ​មែន ព្រោះ​ពួកគេ​រង​ឥទ្ធិពល​ជ្រុលនិយម​។



​ការ​សំអាងថា ជនជាតិ Uighur ជិត​មួយ​លាន​នាក់​ត្រូវ​ឃុំខ្លួន​ក្នុង​ជំរំ​កែប្រែ ជា​រឿង​មិន​ពិត​ឡើយ​។ នេះ​ជាការ​ឆ្លើយតប​របស់​តំណាង​ក្រុង​ប៉េកាំង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អង្គការសហប្រជាជាតិ​ស្ដី​ការលុបបំបាត់​ការរើសអើង​លើ​ជនភាគតិច​នៅ​ទីក្រុង​ហ្សឺ​ណែវ​នៅ​ថ្ងៃទី​១៣ ខែសីហា​។ គ្មាន​មនុស្ស​ជិត​មួយ​លាន​នាក់​ត្រូវ​ឃុំខ្លួន​មែន តែ​មិនមែន​មានន័យថា គ្មាន​ជនជាតិ Uighur ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរឃុំឃាំង​ឡើយ​។ នេះ​ជាការ​ទទួលស្គាល់​របស់​មន្ត្រី​ចិន​។​

​ការឆ្លើយតប​របស់​ចិន ធ្វើឡើង​ក្រោយ​សមាជិក​របស់​គណៈកម្មាធិកា​រ​ខាងលើ​បានលើកឡើង​ពី​ការព្រួយបារម្ភ​ជុំវិញ​របាយការណ៍​ដែល​គួរ​ឲ្យ​ទុកចិត្តបាន​ពី​ទឹកដី​ចិន​ទាក់ទង​ការឃុំខ្លួន​មនុស្ស​ដ៏​សន្ធឹកសន្ធាប់​។ ដោយ​ស្រង់​ទិន្នន័យ​ពី​ក្រុម​ការពារ​សិទ្ធិមនុស្ស លោកស្រី Gay McDougall និយាយថា មនុស្ស​ជាង​មួយ​លាន​នាក់​មាន​ជនជាតិ Uighur និង​ជនភាគតិច Turk ត្រូវ​ឃុំខ្លួន​នៅ​ជំរំ​ប្រឆាំង​ការ​ជ្រុលនិយម ខណៈ​ពីរលាន​នាក់​ទៀត​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរ​កែប្រែ​ដើម្បី​សិក្សា​ទ្រឹស្តី​នយោបាយ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Ma Youqing ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានប្រកែក​ដាច់អហង្កា​រ​នឹង​ការលើកឡើង​របស់លោក​ស្រី McDougall ។ ផ្ទុយ​ពី​ការលើកឡើង​នេះ លោក Ma ឆ្លើយថា ប្រជាជន​នៅ​ស៊ីន​ជាំ​ង​រាប់ទាំង​ជនជាតិ Uighur ផង​នោះ រស់នៅ​ដោយ​ស្មើ​សិទ្ធិ និង​ស្មើភាព​។ យ៉ាងណា​មន្ត្រី​ចិន​ដដែល​នេះ​បញ្ជាក់ថា ក្រុង​ប៉េកាំង​ពិតជា​បាន​ចាត់វិធានការ​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​តំបន់​ដូចជា​ការកើនឡើង​ចរន្ត​ភេរវកម្ម និង​ការ​រាលដាល​គំនិត​ជ្រុលនិយម​។​

​មន្ត្រីជាន់ខ្ពស់​ដែល​ចេញមុខ​ការពារ​ជំហរ​ចិន​ដដែល​នេះ ក៏​ទាត់ចោល​ការចោទប្រកាន់​របស់លោក​ស្រី McDougall ដែល​អះអាងថា តំបន់​ស៊ីន​ជាំ​ង​ត្រូវបាន​កែប្រែ​ទៅជា​តំបន់​គ្មាន​សិទ្ធិ ដោយ​លោក​ចាត់ទុក​សម្ដី​នេះ​ផ្ទុយ​ពី​ការពិត​ទាំងស្រុង​។ លោក Ma បកស្រាយ​វិញ​ថា គ្មាន​ការតម្រង់​គោលដៅ​លើ​ក្រុម​ជនជាតិភាគតិច​ណា​ឡើយ ហើយក៏​គ្មាន​ការ​ធ្វើទុក្ខបុកម្នេញ​សិទ្ធិ និង​សេរីភាព​នៃ​ជំនឿ​សាសនា​របស់​ប្រជាជន Uighur អ្វី​ដែរ​។​

​តាមពិតទៅ ចិន​តែងតែ​បដិសេធ​ព័ត៌មាន​ទាំងឡាយ​ពាក់ព័ន្ធ​ការបំពាន​សិទ្ធិសេរីភាព​ជនជាតិ Uighur ដែលជា​ក្រុម​ភាគតិច​មួយ​ដែល​ខ្លួន​ទទួលស្គាល់​ផ្លូវការ​។ ប៉ុន្តែ​របាយការណ៍​នានា​សុទ្ធតែ​បង្ហាញ​ភស្តុតាង​ពី​ដែល​អាជ្ញាធរ​ចិន​ពិតជា​ធ្វើ​សកម្មភាព​រំលោភបំពាន​សិទ្ធិ Uighur មែន​។ សកម្មភាព​ទាំងនោះ ត្រូវបាន​ក្រុង​ប៉េកាំង​និយាយ​ការពារ​ថា ជាការ​បោសសម្អាត​ធាតុ​ផ្សំ​ភេរវកម្ម​និយម ដែល​ហូរ​ចូល​តំបន់​សម្បូរ​ប្រជាជន​មូស្លីម​មួយ​នេះ​ប៉ុណ្ណោះ​៕


Tag:
 ចិន​
  UN
  Uighur
© រក្សាសិទ្ធិដោយ thmeythmey.com