ជាតិ
បោះឆ្នោត
លោក សុខ ឥសាន ថា ការសុំ​ឲ្យ​បង្កក​ទ្រព្យ​មន្ត្រី​ខ្មែរ​របស់​តំណាងរាស្ត្រ​អូស្ត្រាលី​ម្នាក់ ជា​ទង្វើ​ផ្ទុយ​ពី​ធម្មនុញ្ញ UN
14, Aug 2018 , 7:39 pm        
រូបភាព
«​អូស្ត្រាលី ត្រូវតែ​យកចិត្ត​ទុក​ចំពោះ​បញ្ហា​កម្ពុជា​។ វា​ដល់ពេល​ហើយ ដែល​រដ្ឋាភិបាល​អូស្ត្រាលី ត្រូវ​ពិនិត្យ​ពី​ការដាក់ទណ្ឌកម្ម ដោយ​រឹតបន្តឹង​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រី​មួយចំនួន ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា​»​។ នេះ​គឺជា​ការទាមទារ​របស់​លោក Julian Hill សមាជិក​រដ្ឋសភា​អូស្ត្រាលី ដែល​លើកឡើង​ក្នុង​កិច្ចប្រជុំ​មួយ​នាពេល​ថ្មីៗ​នេះ​។



​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ចាត់ទុក​ការទាមទារ​នេះ ថា​គ្រាន់តែ​ជា​មតិ​របស់​បុគ្គល​ប៉ុណ្ណោះ តែ​មិនមែន​តំណាង​ឲ្យ​ជំហរ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​នោះទេ​។ តាមរយៈ​ការផ្តល់​បទ​សម្ភាស់​ដល់​សារព័ត៌មាន​ថ្មីៗ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ការទាមទារ​ឲ្យ​ដាក់ទណ្ឌកម្ម​ហ្នឹង មាន​យូរ​មកហើយ មិនមែន​ទើបតែ​ពេលនេះ​ទេ តែ​ដូចជា​មិនទាន់​ឃើញ​ចេញ​ជា​លទ្ធផល​អី​សោះ​»​។

​មូលហេតុ​ដែល​លោក Julian Hill ទាមទារ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ដាក់ទណ្ឌកម្ម​មកលើរ​ដ្ឋា​ភិ​បាល​កម្ពុជា គឺ​ដោយសារតែ​លោក មិន​ពេញ​ចិត្តនឹង​ការបោះឆ្នោត​។ មិន​ពេញចិត្ត​នៅត្រង់ថា ការបោះឆ្នោត​លើក​នេះ គឺ​មិនមាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលជា​ដៃគូ​ប្រកួត​ពិតប្រាកដរ​បស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​លោក កឹម សុខា ក៏​នៅតែ​បន្ត​ជាប់ឃុំ​។

សមាជិក​រដ្ឋសភា​អូស្ត្រាលី​រូបនេះ បាន​ចំអក​ការបោះឆ្នោត​នៅ​កម្ពុជា​ថា ឆាកកំប្លែង​។ លើសពីនេះ លោក ថែមទាំង​ហៅ​ជ័យជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច ហ៊ុន សែន ជា​ប្រធាន ថា​ជា​ជ័យជម្នះ​ដ៏​គួរ​ឲ្យ​អៀនខ្មាស​។ លោក ថ្លែង​បែបនេះ​ថា​៖«​វា​មិនមែន​ជាការ​បំផ្លើស​ឡើយ ដែលថា នេះ ជាការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។ 

​លោក សុខ ឥសាន មិនអាច​ទទួលយកបាន​នោះទេ ចំពោះ​ការលើកឡើង​របស់លោក Julian Hill ត្រង់ចំណុច​នេះ​។ លោក ឆ្លើយតប​ទៅវិញ​ថា ទង្វើ​របស់លោក Julian Hill គឺជា​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា ដែល​ផ្ទុយ​នឹង​ធម្មនុញ្ញ​នៃ​អង្គការសហប្រជាជាតិ​។

​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​កាន់អំណាច បាន​សង្កត់ធ្ងន់​បែបនេះ​ថា​៖«​គាត់ លើកឡើង​អ៊ីចឹង គឺជា​ការប្រមាថ​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​គាត់ កំពុង​រំលោភ​អធិបតេយ្យភាព និង​ឯករាជ្យភាព​របស់​កម្ពុ​ជា​ហើយ​។ សូម​ឲ្យ​គាត់ គិត​ឡើងវិញ​»​។

​មិន​ត្រឹមតែ​ចង់​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ប៉ុណ្ណោះ​ទេ លោក Julian Hill ថែមទាំង​ទាម​ឲ្យ​រដ្ឋាភិបាល​របស់លោក ផ្តាច់ជំនួយ​ផងដែរ​។ ប៉ុន្តែ លោក បញ្ជាក់ថា ជំនួស​ផ្នែក​មនុស្សធម៌ និង​សង្គម គួរតែ​បន្ត​ផ្តល់​ឲ្យ​។ 

​លើសពីនេះ លោក Julian Hill បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់លោក ធ្វើការ​ជាមួយ​ប្រទេស​ដទៃ ជាពិសេស​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​។ លោក អះអាង​បែបនេះ​ថា​៖«​យើង អាច​ប្រមូលផ្តុំ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មកជួប​ជុំគ្នា [​ដើម្បី​ពិភាក្សាគ្នា​ពី​បញ្ហា​កម្ពុជា​]»​។ 



​លោក Julian Hill ចេញមុខមក​និយាយ​ពី​បញ្ហា​កម្ពុជា​នាពេលនេះ បន្ទាប់ពី​កញ្ញា កឹម មនោ​វិទ្យា កូនស្រី​ច្បង​របស់លោក កឹម សុខា បាន​ជួប​សមាជិក​រដ្ឋសភា​អូស្ត្រាលី​មួយរូប គឺ​លោក Luke Foley​។ អ្នក​ទាំងពីរ បានធ្វើ​សន្និសីទកាសែត​រួមគ្នា ក្នុង​ទីក្រុង​ស៊ីដនី កាលពី​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៨ ស្តីពី «​វិធានការ​របស់​អូ​ស្ត្រា​លី ដើម្បី​ជំរុញ​កម្ពុជា​ឲ្យ​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ​» ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន ដែល​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។

​ក្រៅពី​អូស្ត្រាលី នៅមាន​ប្រទេស​ផ្សេងទៀត ជាពិសេស សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​រិះគន់​ការបោះឆ្នោត​នៅ​កម្ពុជា​។ ប៉ុន្តែ ទន្ទឹមគ្នានេះ ក៏មាន​បណ្តា​ប្រទេស​ក្នុង​ទ្វីបអាស៊ី ដូចជា ចិន វៀតណាម ឡាវ និង​ថៃ ជាដើម បាន​ផ្ញើលិខិត​មក​ចូលរួម​អបអរសាទរ​។

​មិន​ថា​មានការ​អបអរសាទរ ឬក៏​ការ​រិះ​គន់​នោះទេ គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រជុំ​លើកដំបូង​របស់​រដ្ឋសភា និង​ការបង្កើត​រដ្ឋាភិបាល​ថ្មី​ឡើយ​។ តាម​ការគ្រោងទុក រដ្ឋសភា​នីតិកាល​ទី​៦ នឹងត្រូវ​ប្រជុំ​លើកដំបូង​នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ ហើយ​មួយថ្ងៃ​ក្រោយមក រដ្ឋាភិបាល​ថ្មី នឹងត្រូវ​បង្កើតឡើង​៕

Tag:
 ​បោះឆ្នោត​
  អូស្ត្រាលី​
  កម្ពុជា​
  ទណ្ឌកម្ម​
  Julian Hill
  សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com