កីឡាជាតិ
ជាតិ
កីឡដ្ឋាន​អាស៊ី​អឺរ៉ុប​អាច​ប្រឈម​នឹង​ខូចខាត​ទាំងស្រុង ក្រោយ​ជន់​លិច​ដោយ​ការបាក់​ទំនប់​
14, Aug 2018 , 4:52 pm        
រូបភាព
ប្រភពរូបថត CNCC
ប្រភពរូបថត CNCC
ដោយ:
​កីឡដ្ឋាន AEU Sport Park របស់​ក្លិប​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ត្រូវបាន​ទឹក​ជន់​លិច​ទាំងស្រុង ក្រោយ​បាក់​ទំនប់​ទប់ទឹក ដែល​ព័ន្ធ​ជុំវិញ​កីឡដ្ឋាន កាលពី​ព្រឹក​ថ្ងៃទី​១៤ សីហា ឆ្នាំ​២០១៨​។ កីឡដ្ឋាន​នេះ អាច​ប្រឈម​នឹង​ខូចខាត​ទាំងស្រុង បើសិន​មេឃ​នៅតែ​ភ្លៀង និង​ទឹកជំនន់​បន្ត​កើនឡើង​។ ថ្នាក់ដឹកនាំ​អាស៊ី​អឺរ៉ុប កំពុង​រិះរក​វិធី​ក្នុង​ការស្តារ​កីឡដ្ឋាន​ឲ្យ​ទៅរក​ស្ថានភាព​ដើម​វិញ​។ ហើយ​ការ​ជន់​លិច​នេះ អាចធ្វើ​ឲ្យ​ការប្រកួត​របស់​អាស៊ី​អឺរ៉ុប ដែល​គ្រោង​ធ្វើ​នៅទីនេះ ត្រូវ​លើក​ទៅ​ប្រកួត​នៅ​កីឡដ្ឋាន​ផ្សេង​ផងដែរ​។​



​លោក សុក វាសនា គ្រូបង្វឹក​ក្រុម​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត បាន​វាយតម្លៃថា កីឡដ្ឋាន AEU Sport Park ដែល​ទឹក​ជន់​លិច​ទាំងស្រុង អាច​ប្រឈម​នឹង​ការខូចខាត​ទាំងស្រុង ប្រសិនបើ​មេឃ​នៅតែ​ភ្លៀង​និង​ទឹកជំនន់​បន្ត​កើនឡើង​។ ការ​ជន់​លិច​នេះ បន្ទាប់ពី​ទំនប់ ដែល​គេ​សាងសង់​ដើម្បី​ទប់ទឹក​នៅ​ជុំវិញ​កីឡដ្ឋាន​ត្រូវបាន​បាក់ ក្រោយ​មិនអាច​ទប់​នឹង​ទំហំ​ទឹកជំនន់ និង​ជំនន់​ទឹកភ្លៀង​។

«​កីឡដ្ឋាន AEU Sport Park អាច​ប្រឈម​នឹង​ការខូចខាត​ទាំងស្រុង បើសិន​យើង​គ្មាន​វិធាន​ក្នុងការ​ស្រោចស្រង់​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុក វាសនា ដែល​បាន​បន្ថែមថា យ៉ាងហោចណាស់​ត្រូវចំ​ណា​យ​ពេល​ពី​១​ខែ​ទៅ​២​ខែ ដើម្បី​ស្តារ​ស្ថានភាព​ទៅរក​ភាព​ដើម​វិញ ប្រសិនបើ​ទឹកជំនន់​នៅតែ​បន្ត​កើនឡើង និង​ភ្លៀង​នៅតែ​ធ្លាក់​។ រយៈពេល​នេះ អាចធ្វើ​ឲ្យ​ស្មៅ​ទីលាន​ខូច​ទាំងស្រុង ព្រោះ​ស្មៅ​នេះ​ត្រូវការ​មើលថែ​ជាប្រចាំ​។



​ក្រៅពី​ទីលាន​ដែល​លិច​ទាំងស្រុង សម្ភារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​កីឡដ្ឋាន​នេះ ក៏​រង​ការ​ជន់​លិច​ផងដែរ​។ បើតាម​ការចុះផ្សាយ​រប​ស់ CNCC ថ្នាក់ដឹកនាំ​អាស៊ី​អឺរ៉ុប ត្រូវ​ចំណាយ​ថវិកា​យ៉ាងតិច​ប្រមាណ​ជា​២​ម៉ឺន​ដុល្លារ ក្នុង​សាងសង់ និង​ជួសជុល​កីឡដ្ឋាន​និង​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​។

​លោក ម៉ៅ ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្លិប​អាស៊ី​អឺរ៉ុប​បាន​បញ្ជាក់ថា​៖«​ប៉ះពាល់​សំខាន់ គឺ​ស្មៅ​ហ្នឹង​តែម្ដង ព្រោះ​ជា​ស្មៅ​ដែល​ត្រូវ​ការថែទាំ​ចាំបាច់ មិនមែន​លក្ខណៈ​ស្មៅ​សម្រាប់​គោ​នោះទេ​។ យ៉ាងហោច ត្រូវ​ចំណាយ​ជាង​២​ម៉ឺន​ដុល្លារ ដើម្បី​រៀបចំ​ស្មៅ​ឡើងវិញ​។ មួយទៀត​នៅមាន​សម្ភារ​ការិយាល័យ និង​សម្ភារ​មួយចំនួនទៀត ព្រោះ​ជាហេតុ​ការណ៍​មិនបាន​ដឹង ចឹ​ង​យើង​រើ​មិនទាន់​»​។​

​ទឹក​ជន់​លិច​កីឡដ្ឋាន AEU Sport Park នេះ អាចធ្វើ​ឲ្យ​ការប្រកួត​របស់​ក្រុម​អាស៊ី​អឺរ៉ុប​ជាមួយ​អគ្គិសនី​កម្ពុជា​ក្នុង​សប្តាហ៍​ទី​១៨ និង​ភ្នំពេញ​ក្រោ​ន​សប្តាហ៍​ទី​២២ ដែល​គ្រោង​ធ្វើ​នៅទីនេះ ត្រូវ​លើក​ទៅ​រៀបចំ​នៅ​កីឡដ្ឋាន​ផ្សេង​។ កីឡដ្ឋាន AEU Sport Park ដែលមាន​ទំហំ​៤​ហិកតា ស្ថិតនៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​៕ 


Tag:
 បាល់ទាត់​
  សុក វាសនា​
  កីឡដ្ឋាន​អាស៊ី​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com