អន្តរជាតិ
លោក ត្រាំ អួតថា យោធាអាមេរិកមានសព្វាវុធល្អផ្ដាច់គេលើលោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឈរជាមួយទាហានអាមេរិក (រូបភាព AFP)
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី១៣ ខែសីហា បាននិយាយលើកសរសើរសមត្ថភាពយោធាអាមេរិក និងអួតអាងពីភាពល្អដាច់គេរបស់សព្វាវុធអាមេរិកផង។ លោក ត្រាំ អួតអាងបែបនេះ ក្នុងពិធីចុះហត្ថលេខាលើច្បាប់ថវិកាការពារជាតិសម្រាប់ឆ្នាំ២០១៩ ដែលសំដៅបង្កើនប្រសិទ្ធភាពយោធាទាំងគុណភាពនិងបរិមាណអាវុធក្នុងឃ្លាំងផង។
«ក្រោយពេលកាត់បន្ថយជាច្រើនឆ្នាំ យើងកំពុងកសាងឡើងវិញនូវយោធារបស់យើងដែលមិនធ្លាប់មានពីមុនមក។» នេះជាសម្ដីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅកាន់ទាហានអាមេរិកនៅឯបន្ទាយ Fort Drum ក្នុងទីក្រុងញូវយ៉កនៅថ្ងៃទី១៣ ខែសីហា មុនពេលលោកចុះហត្ថលេខាលើច្បាប់ការពារជាតិឆ្នាំ២០១៩ មានទំហំដល់ទៅ៧១៦ពាន់លានដុល្លារឯណោះ ដែលកើនយ៉ាងច្រើនបើប្រៀបធៀបឆ្នាំកន្លងទៅ។
ច្បាប់ស្ដីពីវិស័យការពារជាតិឆ្នៃ២០១៩ បានបង្កើនប្រាក់ខែសម្រាប់ទាហានអាមេរិកទាំងអស់ ផ្ដល់ទឹកប្រាក់ជាច្រើនសម្រាប់ការធ្វើទំនើបកម្មសព្វាវុធ គ្រាប់នុយក្លេអ៊ែរ និងការផលិតសម្ភារចម្បាំងថែមដូចជារងក្រោះ យន្តហោះ និងកប៉ាល់ចម្បាំងជាដើម។ មុនចុះហត្ថលេខា លោក ត្រាំ អួតអាងក្ដែងៗថា អាមេរិកមានគ្រឿងបរិក្ខារយោធាល្អផ្ដាច់គេនៅគ្រប់ទីកន្លែងលើពិភពលោក ហើយអាមេរិកនឹងផ្លាស់ប្ដូរសព្វាវុធចាស់ៗ ហួសសម័យ ហើយជំនួសដោយអាវុធស៊េរីថ្មីទំនើបៗ។
ស្របតាមផែនការនេះ ប្រធានាធិបតីអាមរិករូបនេះបានបញ្ចេញផែនការទិញសព្វាវុធថ្មីៗដូចជារថក្រោះ M1 Abrams ចំនួន១៣៥គ្រឿង រថពាសដែកធុន Bradley ៦០គ្រឿង រថពាសដែក JLTV ច្រើនជាង៣ពាន់គ្រឿង និងឧទ្ធម្ភាគចក្រម៉ាក Apache និង Blackhawk ក៏ដូចជាយន្តហោះចម្បាំង F-35 ចំនួន៧៧គ្រឿងទៀត។ ក្នុងចំណោមនេះ យន្តហោះ F-35 មានតម្លៃជាងគេ តែក៏ជួបបញ្ហាច្រើនដែរ ជាពិសេសការថែទាំតែម្ដង។
ក្រៅពីប្ដូរគ្រឿងបរិក្ខារហួសសម័យជំនួសដោយរបស់ថ្មី លោក ត្រាំ ក៏បានប្រកាសបង្កើនការចំណាយលើអាវុធនុយក្លេអ៊ែរ និងប្រព័ន្ធមីស៊ីលផង។ ប៉ុន្តែលោកនៅតែសង្ឃឹមថា អាមេរិកនឹងគ្មានថ្ងៃប្រើនុយក្លេអ៊ែរឡើយ។ បើតាមច្បាប់ថ្មីដែលផ្ដើមអនុវត្តនៅខែតុលា ឆ្នាំនេះ អាមេរិកនឹងចំណាយលុយចំនួនជិត៦.៥ពាន់លានដុល្លារដើម្បីបង្កើនប្រសិទ្ធភាពក្បាលគ្រាប់នុយក្លេអ៊ែរ មីស៊ីលបាលីស្ទិកគ្រប់ធុន មីស៊ីលបាញ់លើអាកាស និងយន្តហោះ B-21 Raider ដែលបំពាក់មីស៊ីលនេះផង។
សម្រាប់លោក ត្រាំ ការបង្កើនទំហំថវិកាការពារជាតិនេះ មានគោលដៅពង្រឹងមុខមាត់អាមេរិកក្នុងនាមជាមហាអំណាចទីមួយរបស់ពិភពលោកមិនថាសេដ្ឋកិច្ច នយោបាយ ឬយោធាឡើយ និងធ្វើយ៉ាងណាដើរឲ្យលឿនជាងគូប្រជែងដទៃទៀតដូចជាចិន និងរុស្ស៊ី។ ជាច្រើនឆ្នាំមកហើយ ទឹកប្រាក់ចំណាយលើវិស័យការពារជាតិរបស់អាមេរិក គឺធំជាងមហាអំណាចផ្សេងៗបូកបញ្ចូលគ្នាទៅទៀត ទោះជាគូប្រជែងអាមេរិកប្រឹងបង្កើនការចំណាយរបស់ខ្លួនដែរក្ដី៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com