អន្តរជាតិ
ម៉ូយអាវុធ និងឥទ្ធិពលយោធារបស់រុស្ស៊ីកើនឡើងខ្លាំងនៅទ្វីបអាហ្វ្រិក
× អាហ្វ្រិកទំនងជាមិនមែនជាតំបន់អាទិភាពនៃគោលនយោបាយរបស់រុស្ស៊ីឡើយ ប៉ុន្តែការកើនឡើងនៃម៉ូយអាវុធពីទ្វីបអាហ្វ្រិកបានទាញឲ្យរុស្ស៊ីចាប់ផ្តើមពិចារណាឡើងវិញពីជំហរខ្លួន។ ក្រៅពីផ្គត់ផ្គង់អាវុធ រុស្ស៊ីងាកទៅចាប់ផ្តើមបង្កើនឥទ្ធិពលនិងតួនាទីរបស់ខ្លួនឡើងវិញនៅអាហ្វ្រិកតាមរយៈការបញ្ជូនមន្ត្រីស៊ីវិល និងប្រឹក្សាសឹក រួមជាមួយការពង្រឹងកិច្ចសហប្រតិ្តការការពារជាតិជាមួយរដ្ឋអាហ្វ្រិកផងដែរ។
កិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៊ី ជាមួយរដ្ឋអាហ្វ្រិកកើនឡើងរហ័សគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយវាអាចប្រជែងលោកខាងលិច និងចិនបានផង។ អ្នកជំនាញយល់ថា រុស្ស៊ីនឹងបន្តពង្រឹងឥទ្ធិពលរបស់ខ្លួនតាមរយៈកិច្ចសហប្រតិបត្តិការយោធាកាន់តែខ្លាំងទៀតក្នុងរយៈពេលខាងមុខនេះដើម្បីប្រជែងម្ចាស់អាណានិគមអាហ្វ្រិក «អឺរ៉ុប» និងមហាអំណាចអាស៊ីចិនផង។
បើតាមទីភ្នាក់ងារព័ត៌មាន AFP សាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) ជាប្រទេសមួយក្នុងចំណោមរដ្ឋអាហ្វ្រិកផ្សេងទៀតដែលកំពុងពឹងផ្អែកខ្លាំងលើសព្វាវុធរុស្ស៊ី និងទទួលបានការជួយជ្រោមជ្រែងផ្នែកបច្ចេកទេសយោធាពីរុស្ស៊ីដែរ។
អាហ្វ្រិកកណ្តាលជាប្រទេសក្រីក្រ និងអស្ថិរភាពខ្លាំងព្រោះហ៊ុមព័ទ្ធដោយជម្លោះប្រដាប់អាវុធ។ ជាប្រពៃណីទៅហើយ ដោយសារធ្លាប់ស្ថិតក្រោម អាណានិគមរបស់បារាំង អាហ្វ្រិកកណ្តាលបន្តស្នើសុំជំនួយពីបារាំង។ ប៉ុន្តែចាប់ពីដើមឆ្នាំនេះ រុស្ស៊ីកាន់តែលេចធ្លោរ ហើយចេញមុខផ្គត់ផ្គង់អាវុធដល់ទាហានអាហ្វ្រិកកណ្តាលទៀត។
ការផ្គត់ផ្គង់អាវុធនេះធ្វើឡើងក្រោយមានការអនុញ្ញាតពីក្រុមប្រឹក្សាសន្តិសុខ ហើយក្រៅពីជួយផ្គត់ផ្គង់អាវុធ រុស្ស៊ីក៏មានចំណែកជួយផ្តល់ការការពារសន្តិសុខដល់ប្រធានាធិបតីអាហ្វ្រិកកណ្តាលលោក Faustin-Archange Touadera ដែរ។ រឿងដែលគួរឲ្យកត់សម្គាល់ប្រធានាធិបតីនេះ មានទីប្រឹក្សាសឹកជាជនជាតិរុស្ស៊ីទៀត។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដដែល រដ្ឋាភិបាលក្រេមឡាំងបានបញ្ជូនមន្ត្រីយោធាប្រាំនាក់ និងមន្ត្រីស៊ីវិល ១៧នាក់ផ្សេងទៀតទៅធ្វើជាគ្រូបង្វឹកដល់ទាហានអាហ្រិ្វកកណ្តាល បើទោះជាសហភាពអាហ្វ្រិកដើរតួរជាអ្នកបំពាក់បំប៉នទ័ពអាហ្វ្រិកកណ្តាលរាប់ឆ្នាំក៏ដោយ។
យ៉ាងណាមិញ គេសង្ស័យថា ក្រុមគ្រូបង្វឹករុស្ស៊ីនោះអាចចេញមុខពីក្រុងទាហានស៊ីឈ្នួល Wagner ដែលមានកម្លាំងប្រយុទ្ធនៅស៊ីរីផង។ បញ្ហានេះធ្វើឲ្យមានការស៊ើបអង្កេតធំដុំផងដែរពីសំណាក់អ្នកសារព័ត៌មាន ហើយកាលពីខែមុនអ្នកសារព័ត៌មានរុស្ស៊ីបីនាក់ដែលចុះស៊ើបអង្កេតករណីនេះត្រូវបានសម្លាប់ក្នុងពេលបំពេញបេសកកម្មនៅអាហ្វ្រិកកណ្តាលនេះដែរ។
ក្រៅពីអាហ្វ្រិកកណ្តាល រុស្ស៊ីក្លាយជាអ្នកផ្គត់ផ្គង់អាវុធឲ្យប្រទេសកាម៉េរូន ដែលកំពុងបន្តច្បាំងជាមួយក្រុមភេរវជនជីហាតបូកូហារ៉ាម (Boko Haram)។ រុស្ស៊ីក៏បានបង្កើតភាពជាដៃគូផ្នែកយោធា ជាមួយសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, បួគីណា ហ្វាសូ, អ៊ូហ្កង់ដា និងអង់ហ្កូឡាដូចគ្នា។ ចំណែកនៅ ស៊ូដង់ រុស្ស៊ីបង្កើតសហប្រតិបត្តិការលើការសាងសង់រោងចក្រថាមពលអគ្គិសនីដើរដោយនុយក្លេអ៊ែរផង។
ដាច់ដោយឡែកពីបញ្ហាយោធា រុស្ស៊ីកំពុងចាប់ដៃស៊ីមបាវ៉េ និងហ្គីណេ ដើម្បីអភិវឌ្ឍវិស័យឧស្សាហមកម្មរ៉ែ ដែលវាជាវិស័យមួយដែលមហាអំណាចអាស៊ី គឺចិន ព្យាយាមក្តោបក្តាប់ផ្តាច់មុខ។
ទាក់ទិននឹងការព្យាយាមពង្រីកកិច្ចការសហប្រតិបត្តិការជាមួយអាហ្វ្រិក អ្នកជំនាញបានអះអាងថា វាជាការផ្លាស់ប្តូរផ្នែកយុទ្ធសាស្ត្រថ្មីមួយ ក្នុងគោលនយោបាយការបរទេសរបស់រុស្ស៊ី។ អ្នកជំនាញជឿជាក់ដែរថា រុស្ស៊ីទាញបានប្រយោជន៍ នយោបាយច្រើនជាងប្រយោជន៍សេដ្ឋកិច្ចក្នុងកិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រិកនេះ។
ជំនាន់សង្គ្រាមត្រជាក់ សហភាពសូវៀត មានទំនាក់ទំនងស្អិតល្មួតជាមួយអាហ្វ្រិក និងជួយជ្រោមជ្រែងដល់ចលនាតស៊ូប្រឆាំងប្រទេសចក្រព័ត្តិនៅអាហ្វ្រិកផង។ ប៉ុន្តែក្រោយចប់សង្គ្រាមត្រជាក់ រុស្ស៊ីគ្មានលុយច្រើន ក៏បានបិទចោលស្ថានទូត និងស្ថានកុងស៊ុលជាច្រើននៅអាហ្វ្រិកដែរ។ ប៉ុន្តែពេលនេះស្ថានការប្រែប្រួល ហើយរុស្ស៊ីក៏មិនអាចព្រងើយកន្តើយនឹងអាហ្វ្រិកទៀតដែរ។
ចរន្តនយោបាយការបរទេសប្រែប្រួលកាលពីដប់ឆ្នាំមុន ដោយក្រេមឡាំង ចាប់ផ្តើមកសាងទំនាក់ទំនងដែលមានស្រាប់ឡើងវិញ ក្នុងន័យត្រឡប់ទៅពង្រឹងឥទ្ធិពលខ្លួន និងពង្រឹងភាពជាដៃគូពាណិជ្ជកម្មផង។ កាលនោះ ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ចាប់ផ្តើមគោលនយោបាយការបរទេស ទៅកាន់អាហ្វ្រិកនេះ តាមរយៈការទស្សនកិច្ចនៅអាល់ហ្សេរី អាហ្វ្រិកខាងត្បូង និងម៉ារ៉ុកផង។ ក្រោយមកទៀត អាណត្តិបន្ទាប់ប្រធានធិបតី ឌីមីទ្រី មេដវ៉េដេវ បានទស្សនកិច្ចទៅកាន់អង់ហ្កូឡា, ណាមីប៊ី និងនីហ្សេរីយ៉ាផង ហើយកាលនោះ លោកមានបំណងសំខាន់ផ្សារភ្ជាប់ទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្ម។
ចាប់ពីឆ្នាំ ២០១៤ ស្ថានភាពភូមិសាស្ត្រនយោបាយប្រែប្រួលកាន់តែខ្លាំង បន្ទាប់ពីរុស្ស៊ី ត្របាក់យកទឹកដីគ្រីមៀ ពីអ៊ុយក្រែន។ លោកខាងលិច នាំគ្នាដាក់ទណ្ឌកម្មរុស្ស៊ី ដើម្បីបង្ខំឲ្យមហាអំណាចនេះ ខ្ជាក់ទឹកដីគ្រីមៀ ទៅឲ្យអ៊ុយក្រែនវិញ។ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ រុស្ស៊ីចាប់ផ្តើមបើកចំហទ្វារ សម្រាប់កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយទៀត ជាមួយប្រទេសផ្សេងទៀតនៅអាហ្វ្រិក ហើយរុស្ស៊ីក៏បង្ហាញមហិច្ឆតា ក្នុងការប្រែក្លាយខ្លួនជាមហាអំណាចពិភពលោក ជាថ្មីម្តងទៀតដែរ។
សម្រាប់ប្រទេសអាហ្វ្រិកឯណោះវិញ វត្តមានរបស់រុស្ស៊ីជារឿងល្អ។ ល្អត្រង់ថា ទីមួយរុស្ស៊ីជាមហាអំណាចយោធាមួយខ្លាំង ហើយមិនមានប្រវត្តិធ្លាប់ដាក់អាណានិគមប្រទេសអាហ្វ្រិកឡើយ។ ចំណុចទីពីរគឺ ប្រទេសអាហ្វ្រិកមានជម្រើសក្នុងការកំណត់ដៃគូសហប្រតិបត្តិការ និងវិនិយោគ ក្រៅពីមហាអំណាចចិន និងអឺរ៉ុបនោះ៕
Tag:
រុស្ស៊ី
អាហ្វ្រិក
សព្វាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com