ជាតិ
សេដ្ឋកិច្ច
កំពង់ផែទេសចរអន្តរជាតិតម្លៃជិត១០លានដុល្លារ នឹងបើកមុខទីផ្សារអចលនទ្រព្យក្នុងខេត្តកំពត
× កំពង់ផែទេសចរអន្តរជាតិមួយ បានបើកសម្ពោធការដ្ឋានសាងសង់ ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។ កំពង់ផែនេះគ្រោងវិនិយោគក្នុងរង្វង់ទឹកប្រាក់ជិត១០លានដុល្លារ ដែលមានទីតាំងនៅភូមិជំគ្រាល ឃុំជំគ្រាល ស្រុកទឹកឈូ ខេត្តកំពតក្នុងចម្ងាយដីប្រមាណជា៥ ទៅ ៦គីឡូម៉ែត្រពីទីរួមខេត្ត។
សម្រាប់វិស័យអចលនទ្រព្យ លោក គែន បានមានប្រសាសន៍ថាគម្រោងនេះ ជាផ្នែកមួយដ៏ចាំបាច់សម្រាប់ជំរុញដល់កំណើននៃវិស័យទាំងមូលនៅក្នុងតំបន់។
លោក បានបញ្ជាក់ថាតំបន់នេះ ពីមុនតំបន់នេះគ្រាន់តែជាដីព្រៃជាប់មាត់ព្រែកហើយមិនសូវមានការអភិវឌ្ឍទេ។ ប៉ុន្តែបច្ចុប្បន្នវាមានភាពសាកសម សម្រាប់ការវិនិយោគវិស័យលំនៅដ្ឋាន សណ្ឋាគារ និងកន្លែងស្នាក់នៅផ្សេងៗ។
ចំពោះដីធ្លីក្នុងតំបន់នេះមានតម្លៃកើនឡើង ដោយចាប់ពី ៨០ទៅ១០០ដុល្លារ ក្នុងមួយការ៉េឬមានតម្លៃខ្ពស់ជាងនេះ។ បើធៀបទៅមួយឆ្នាំមុនដីមានតម្លៃត្រឹមតែ ២០ទៅ៣០ដុល្លារប៉ុណ្ណោះ។ ការកើនឡើងតម្លៃនេះ គឺដោយសារមានគម្រោងសាងសង់កំពង់ផែផង និងជាខេត្តស្ថិតនៅក្បែរសមុទ្រផង។ ជាបញ្ជាក់របស់លោក គែន។
លោក ក៏បានសម្គាល់ដែរថា ខេត្តកំពតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទទួលបានភ្ញៀវទេសចរច្រើនគួរឲ្យកត់សម្គាល់។ ជាមួយវត្តមានកំពងផែថ្មីនេះ លោក រំពឹងថាវានឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវអន្តរជាតិបានច្រើន នឹងធ្វើឲ្យខេត្តកំពតមានកំណើនភ្ញៀវទេចរអន្តរជាតិកាន់តែច្រើនឡើង។
លោកជឿថា «តម្លៃនៃអចលនទ្រព្យទាំងមូលនឹងបន្តកើនឡើង ហើយការវិនិយោគធំៗ ដ៏ទៃទៀតនឹងបន្តចូលក្នុងខេត្តកំពត»។
បច្ចុប្បន្នខេត្តកំពតមានកំពង់ផែចំនួនបី ក្នុងនោះមានពីរជាកំពង់ផែទឹកជ្រៅសម្រាប់ការដឹកជញ្ជូនលក្ខណៈពាណិជ្ជកម្ម ហើយមួយទៀតជាកំពង់ផែទេសចរណ៍ ដែលទើបនឹងចាប់ផ្តើមសាងសង់៕
ដកស្រង់ដោយ៖ (www.realestate.com.kh/km/news/ADB-laons-10M-to-build-international-tourist-port-in-Kampot/)
Tag:
កំពង់ផែ
អចលនទ្រព្យ
ទេសចរណ៍
ADB
វិនិយោគ
កំពត
© រក្សាសិទ្ធិដោយ thmeythmey.com