អន្តរជាតិ
ចិនសម្ញែងអានុភាពយោធានៅដែនសមុទ្របីព្រមគ្នា នាវាចម្បាំងចិនបាញ់មីស៊ីលក្នុងសមយុទ្ធមួយ (រូបភាព South China Morning Post)
× ចាប់ពីចុងសប្ដាហ៍មុនដល់ដើមសប្ដាហ៍នេះ យោធាចិនបានសម្ញែងសាច់ដុំរបស់ខ្លួនតាមរយៈការធ្វើសមយុទ្ធព្រមៗគ្នានៅទីតាំងបីផ្សេងគ្នាក្នុងដែនទឹករបស់ខ្លួន។ សមយុទ្ធរបស់យោធាចិន ត្រូវបានគេមើលឃើញថា ជាការហាត់ត្រៀមដើម្បីប្រយុទ្ធ ហើយក៏ជាសាកល្បងសមត្ថភាពពិតប្រាកដរបស់កងទ័ព និងប្រសិទ្ធភាពនៃសព្វាវុធ បន្ទាប់ពីការធ្វើកំណែទម្រង់ទ្រង់ទ្រាយធំដោយប្រធានាធិបតី ស៊ី ជិនភីង នាពេលកន្លងមកផង។
នាវាចម្បាំងជាច្រើនគ្រឿង និងឧទ្ធម្ភាគចក្រជាច្រើនដែរនោះ បានចូលរួមក្នុងសមយុទ្ធនៅដែនសមុទ្រចំនួនបីរបស់ចិនដើម្បីបង្អួតកម្លាំង និងហាត់ពត់សមត្ថភាពក្នុងស្ថានភាពសាំញាំដូចជាសមរភូមិមែនទែន។ វាក៏ផ្នែកមួយនៃការត្រៀមខ្លួនរបស់ចិនប្រឈមមុខស្ថានការណ៍ប្រែប្រួលឆាប់រហ័សផង។ តំបន់សមុទ្រដែលយោធាចិនធ្វើសមយុទ្ធនេះ សុទ្ធសឹងជាដែនទឹកមានបញ្ហា។
នៅថ្ងៃទី១៣ ខែសីហា ទីបញ្ជាកងទ័ពចិនសមរភូមិខាងត្បូងបានប្រកាសថា កប៉ាល់ចម្បាំងមួយក្រុមបានចូលរួមក្នុងសមយុទ្ធផ្សេងៗគ្នាដូចជាលំហាត់បាញ់គ្រាប់ពិត និងការវាយប្រហារប្រឆាំងនាវាមុជទឹកត្រាប់ជាដើម។ ទីបញ្ជាការដែលស្ថិតក្នុងចំណោមទីបញ្ជាការទើបបង្កើតថ្មីដោយលោកប្រធានាធិបតី ស៊ី ជិនភីង មិនបញ្ជាក់ទីតាំងជាក់លាក់ឡើយ ប៉ុន្តែទីបញ្ជាការនេះទទួលខុសត្រូវដែនទឹកសមុទ្រចិនខាងត្បូង។
នៅចុងសប្ដាហ៍មុន នៅសមុទ្រចិនខាងកើតឯណោះវិញ កងទ័ពចិនមកពីទីបញ្ជាការយោធាចំនួនបី បានបើកសមយុទ្ធយោធារួមដែរ។ ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua ផ្សាយថា កប៉ាល់ចម្បាំងច្រើនជាង១០គ្រឿងបានចូលរួមក្នុងលំហាត់យោធាអាកាស និងការការពារមីស៊ីលទ្រង់ទ្រាយធំ។ ទោះជាគេមិនដឹងគោលបំណងច្បាស់ក្ដី សមយុទ្ធនេះអាចធ្វើឡើងតម្រង់ទិសដៅតៃវ៉ាន់ ដែលស្ថិតក្នុងសមុទ្រខាងកើតនេះ។
ដោយឡែកនៅសមុទ្រលឿងឯណោះវិញ គេក៏ឃើញមានសមយុទ្ធយោធាមួយដែរ។ ប៉ុន្តែអាជ្ញាធរចិនមិនបានបញ្ចេញព័ត៌មានលម្អិតទាក់ទងសមយុទ្ធដែលធ្វើពីចុងសប្ដាហ៍មុនដល់ដើមសប្ដាហ៍នេះឡើយ តែបានប្រកាសថា ជាលំហាត់យោធាសំខាន់។ អ្នកតាមដានស្ថានការណ៍ខ្លះបានលើកឡើងថា សមយុទ្ធនេះទំនងមានការចូលរួមពីនាវាដឹកយន្តហោះចិនធុន Type 001A ដែលផលិតក្នុងស្រុកផង ព្រោះទីតាំងសមយុទ្ធនៅក្បែរមូលដ្ឋាននាវាក្នុងខេត្តសានទុង។
សមយុទ្ធទាំងបី ជាពិសេសនៅសមុទ្រខាងកើត ទំនងជាសារទៅកាន់ប្រទេសផ្សេងដែលចង់គាំទ្រតៃវ៉ាន់ផង ហើយក៏គ្មាននរណាជាក្រៅពីអាមេរិក និងក្រុមគាំទ្រឯករាជ្យរបស់តៃវ៉ាន់ដែរ។ សមយុទ្ធប្រឆាំងមីស៊ីលនៅសមុទ្រខាងកើត ជាការហ្វឹកហាត់សំដៅការពារនាវាដឹកយន្តហោះក្នុងប្រតិបត្តិការយោធា និងសមត្ថភាពយោធាផ្ទាល់។ ប្រព័ន្ធផ្សព្វផ្សាយបក្សកុម្មុយនីស្តចិនធ្លាប់ផ្សាយថា បើក្រុងប៉េកាំងប៉ះទង្គិចជាមួយក្រុងតៃប៉ិមែន សមុទ្រខាងកើតនេះជាសមរភូមិក្ដៅ៕
Tag:
ចិន
អាមេរិក
តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com