អន្តរជាតិ
មហា​ធៀ ចង់​រក្សា​ប្រយោជន៍​ម៉ាឡេស៊ី​, ប៉ុន្តែ​មិន​ស្អប់​ចិន ហើយក៏​គ្មាន​ទំនោរ​ទៅ​លោកខាងលិច​ដែរ​
14, Aug 2018 , 9:39 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ នឹង​បំពេញ​ទស្សនកិច្ច​នៅ​ចិន​ក្នុង​ខែសីហា​នេះ​ដោយ​ត្រៀម​ពាំនាំ​រឿង​ក្នុង​ចិត្តធំៗ​ចំនួន​ពីរ​ទៅ​ពិភាក្សា​ជាមួយ​មេដឹកនាំ​ចិន​។ រឿង​ពីរ​នោះ​គឺ បំណង​សុំ​លុបចោល​កិច្ចព្រមព្រៀង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​គម្រោង​វិថី​មួយ​ខ្សែក្រវាត់​មួយ និង​មួយទៀត​គឺ​សុំ​ឲ្យ​ចិន​បញ្ឈប់​ការបន្ត​ធ្វើ​យោ​ធូប​នីយកម្ម​នៅ​សមុទ្រ​សមុទ្រ​ចិន​ខាងត្បូង​ទៀត​។  លោក មហា​ធៀ សង្ឃឹមថា ចិន​នឹង​យល់​ពី​កាលៈទេសៈ​តម្រូវ​ដែល​ចាំបាច់​ឲ្យ​ម៉ាឡេស៊ី​សម្រេច​បែបនេះ ហើយ​ម៉ាឡេស៊ី​ក៏​នៅតែ​មានចិត្ត​ចង់​ពង្រឹង​ចំណងមិត្តភាព​ជាមួយ​ចិន​ដដែល​។​



​ក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន AP នៅ​ថ្ងៃ​ចន្ទ​ទី ១៣ ខែសីហា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ មហាម៉ាត់ បាន​បង្ហើប​ថា លោក​នឹង​ស្វះ​ស្វែងរក​ការលុបចោល​កិច្ចព្រមព្រៀង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាមួយ​ចិន​ពេល​លោក​ទៅ​ទស្សនកិច្ច​នៅ​ចិន​សប្តាហ៍​នេះ​។​

«​យើង​មិន​គិតថា យើង​ត្រូវការ​គម្រោង​ទាំងនេះ​។ យើង​មិន​គិតថា គម្រោង​ទាំងនេះ​អាចធ្វើ​បានឡើយ​។ ដូច្នេះ​បើសិនជា​អាច យើង​ចង់​បញ្ឈប់​គម្រោង​នេះ​តែម្តង​»​។ នេះ​ជាស​ម្តី​របស់លោក មហា​ធៀ​ក្នុង​បទសម្ភាសន៍​។​

​ការបង្ហាញ​ពី​ចេតនា​សុំ​លុបចោល​កិច្ចព្រមព្រៀង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​រដ្ឋ​ចិន​ក្រោម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​វិថី​មួយ​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នេះ ធ្វើឡើង​ក្រោយ​ពេលដែល​លោក​ប្រកាស​ចរចា​ឡើងវិញ​លើ​គម្រោង​ដែល​រដ្ឋាភិបាល​លោក ណា​ជីប រ៉ា​ហ្សា​ក់ ចុះ​រួមជាមួយ​ចិន​កាលពី​ឆ្នាំ ២០១៦​។ នាយករដ្ឋមន្ត្រី​រូបនេះ​មិន​ពេញ​ចិត្តនឹង​គម្រោង​នេះ​ទេ​ព្រោះ​វា​ធ្វើ​ឲ្យ​ម៉ាឡេស៊ី​ជំពាក់ជំពិន​កាន់តែខ្លាំង​នឹង​បញ្ហា​បំណុល​ដែល​កើន​ដល់ក​ម្រោ​ង​ប្រកាសអាសន្ន​ហើយ​នោះ​។

​គម្រោង​ដែល​ម៉ាឡេស៊ី​ចង់​លុបចោល​នោះ​មាន​ពីរ​ធំៗ​ក្នុងនោះ​មាន​គម្រោង​សាង់សង់​ផ្លូវ​រថភ្លើង​នៅ​ឆ្នេរ​ភាគ​ខាងកើត​ដែលមាន​ចម្ងាយ ៦៨៨​គីឡូម៉ែត្រ និង​បំពង់​ឧស្ម័ន​ចំនួន​ពីរ​ផង ហើយ​គម្រោង​នេះ​មានតម្លៃ​សរុប​ប្រហែល ២២​ពាន់​លាន​ដុល្លារ​អាមេរិក​។ បច្ចុប្បន្ននេះ ម៉ាឡេស៊ី​បាន​ផ្អាក​ដំណើរ​ការសាងសង់​រួចរាល់​ហើយ ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការចរចា​រវាង​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ​ផង​។

​យ៉ាងណាមិញ​ក្នុង​បទសម្ភាសន៍​ដដែល លោក មហា​ធៀ បាន​លើកឡើងថា ម៉ាឡេស៊ី​នៅតែ​ចង់​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ចិន និង​ស្វាគមន៍​ជានិច្ច​រាល់​លំហូរ​វិនិយោគ​របស់​ចិន​ចូលមក​ម៉ាឡេស៊ី​ឲ្យ​តែ​គម្រោង​នេះ​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​ម៉ាឡេស៊ី​ទូទៅ​។ លោក​បាន​សង្កត់ធ្ងន់ថា  ក្នុងករណី​ដែល​លោក​សុំ​បញ្ឈប់​កិច្ចព្រមព្រៀង​នេះ​មិនបាន រដ្ឋាភិបាល​ម៉ាឡេស៊ី​នឹង​បន្ត​ព្យួរ​គម្រោង​នេះ​ទៅមុខទៀត​រហូតដល់​ស្ថានភាព​មួយ​ដែល​បង្ហាញថា ម៉ាឡេស៊ី​ពិតជា​ត្រូវការ​គម្រោង​នេះ​មែន​។​

​ដោយឡែក បើតាម​សារព័ត៌មាន South China Morning Post មន្ត្រី​ម៉ាឡេស៊ី​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​ដែលមាន​ភារកិច្ច​រៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​លោក មហា​ធៀ ទៅកាន់​ក្រុង​ប៉េកាំង​ដែរនោះ​បាន​បង្ហើប​ថា លោក មហា​ធៀ ចង់​រក្សាតុល្យភាព​នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ចិន ជាពិសេស​ដោះស្រាយ​រឿង​បំណុល​ដែល​ម៉ាឡេស៊ី​ជំពាក់​ចិន​នោះ​។

​មន្ត្រី​រូបនេះ​បន្ថែម អ្វីដែល​សំខាន់​លោក មហា​ធៀ ក៏​ចង់​បន្ថយ​ការចំណាយ​លើ​គម្រោង​ដែលមាន និង​សម្រួល​ឲ្យ​ក្រុមហ៊ុន​និង​ប្រជាជន​ម៉ាឡេស៊ី​កាន់តែច្រើន​អាច​ចូលរួម​ក្នុង​ដំណើរការ​សាងសង់​គម្រោង​ទាំងនោះ មិនមែន​ផ្គត់ផ្គង់​ដោយ​ចិន ហើយ​សាងសង់​ដោយ​ចិន​ផ្តាច់មុខ​ឡើយ​។​

-​មហា​ធៀ នឹង​ប្រាប់​ចិន​ឲ្យ​បញ្ចប់​វាតទី​ដោយ​ប្រើ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​
​ក្រៅពី​កង្វល់​ក្នុង​ចិត្ត​រឿង​បំណុល​ជំពាក់​ចិន លោក មហា​ធៀ ក៏​នឹង​ឆ្លៀតឱកាស​ក្នុងពេល​ទស្សនកិច្ច​នៅ​ចិន រៀបរាប់​ពី​ក្តីបារម្ភ​របស់លោក​ជុំវិញ​សកម្មភាព​កសាង​កោះ​សិប្បនិម្មិត និង​ការធ្វើ​យោ​ធូប​នីយកម្ម​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ AP ដដែល​អ្នកនយោបាយ​វ័យ​៩៣​ឆ្នាំ​រូបនេះ​ទទូច​ឲ្យ​ចិន​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​សេរីភាព​នៃ​ការធ្វើដំណើរ​របស់​នាវា​តាម​សមុទ្រ​ចិន​ខាងត្បូង ដែលជា​តំបន់​ប្រទាញប្រទង់​រវាង​ចិន និង​រដ្ឋ​អាស៊ាន​រួមទាំង​ម៉ាឡេស៊ី​ផង​។ លោក​ក៏​ព្រមាន​ផងដែរ​ពី​ការ​សម្ញែង​យោធា​ដាក់គ្នា​រវាង​ភាគី​ពាក់ព័ន្ធ​ជាពិសេស​បញ្ជូន​នាវាចម្បាំង​ទៅ​ប្រចាំការ​នៅក្នុង​សមុទ្រ​តែម្តង​។​

​លោក​និយាយ​បែបនេះ​៖ «​យើង​ចង់​ឲ្យ​មាន​នាវា​ទាំងអស់ ក៏ដូចជា​នាវាចម្បាំង​ឆ្លងកាត់​ដែរ ប៉ុន្តែ​មិនមែន​ទៅ​ឈរជើង​នៅ​ទី​នោះឡើយ​។ វា​ជាស​ញ្ញា​ព្រមាន​សម្រាប់​ទាំងអស់គ្នា ហើយ​កុំ​ព្យាយាម​បង្កើត​ភាព​តានតឹង​ឥត​បាន​ប្រយោជន៍​។​

​តាមពិតទៅ ចិន​ទាមទារ​យក​ដែន​ជម្លោះ​ប្រហែល​៩០​ភាគរយ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សម្អាង​លើ​ផែនទី​ប្រាំបួន​ត្រេ​ដែល​គូស​ជា​ឯកតោភាគី​។ ក្រៅពី​ទាមទារ ចិន​ក៏បាន​បន្ត​វាតទី​តំបន់​ជម្លោះ​នោះ​ដោយ​កសាង​កោះ​សិប្បនិម្មិត និង​ធ្វើ​យោ​ធូប​នីយកម្ម​ដំឡើង​ឧបករណ៍​យោធា និង​សព្វាវុធ​ជាដើម​កន្លងមក​។ ចំណែក​អាមេរិក​ដែល​គ្មាន​ចំណែក​មួយ​ដុំ​ក្នុង​តំបន់​ជម្លោះ​នោះ​បន្ត​ពង្រឹង​យោធា​ដោយ​ប​ង្កើន​វត្តមាន​នាវា​ដឹក​យន្តហោះ នាវាចម្បាំង និង​យន្តហោះ​ចម្បាំង​នៅក្នុង​សមុទ្រ​ដោយ​សម្អាង​លើ​សេរីភាព​នាវាចរណ៍ និង​ការហោះហើរ​នោះ​។

-​ចិន​បារម្ភ​ពី​ទំនាក់ទំនង​ជាមួយ​ម៉ាឡេស៊ី ប៉ុន្តែ​មហា​ធៀ មិន​ដែលមាន​ទំនោរ​ទៅរក​លោកខាងលិច​
​ការឡើង​មកកាន់​អំណាច​របស់លោក មហា​ធៀ ជា​នាយករដ្ឋមន្ត្រី​ម្តងទៀត​ធ្វើ​ឲ្យ​ចិន​បារម្ភ​មិន​លែង​ទេ ជាពិសេស​ក្រោយ​ពេលដែល​លោក​និយាយ​ពី​លទ្ធភាព​របស់​រដ្ឋាភិបាល​ក្នុងការ​ស្នើសុំ​ចរចា​ឡើងវិញ​និង​ហើយ​ពេលនេះ​ចង់​លុប​កិច្ចព្រមព្រៀង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គង់​ផ្គង់​ដោយ​ខ្លួន​នោះ​។

​ដូច្នេះ ហើយ​ទើបបានជា​ដើមខែ​សីហា​ក​ន្ល​ង​មក​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ភីង បញ្ជូន​ប្រមុខ​ការទូត​របស់ខ្លួន​លោក វ៉ាង យី មកកាន់​ម៉ាឡេស៊ី ក្នុង​គោលបំណង​បញ្ជាក់​ពី​គោលជំហរ​ចង់​សាងសង់​ទំនាក់ទំនង​ការទូត​ក្នុងនាម​ជា​មិត្ត​ជិតខាង​ល្អ​របស់​ម៉ាឡេស៊ី​ផង​។ ភាគី​ទាំងពីរ​ហាក់​ព្យាយាម​ស្វែងរក​ចំណុចរួម និង​ដោះស្រាយ​កង្វល់​ដែល​ភាគី​ទាំងពីរ​មាន​ផងដែរ​។

​ពេល​ជួប​ជាមួយ​លោក មហា​ធៀ លោក វ៉ាង បាន​ប្រាប់​ត្រង់ៗ​ថា ចិន​គោរព​ការសម្រេចចិត្ត​របស់​ប្រជាជន​ម៉ាឡេស៊ី​ដែល​ស្របតាម​បរិបទ​ប្រទេសជាតិ​ខ្លួន ហើយ​ចិន​ក៏​គាំទ្រ​រាល់​ផ្លូវ​នៃ​ការអភិវឌ្ឍ​ដែល​ម៉ាឡេស៊ី​ជ្រើសរើស​ដែរ​។ លោក មហា​ធៀ បាន​តប​វិញ​ថា ម៉ាឡេស៊ី​មើលឃើញ​ពី​សារសំខាន់​ដែលមាន​ចិន​ជា​មិត្ត និង​ដៃគូ​ដើម្បី​អភិវឌ្ឍ ហើយ​លោក​ក៏​រំពឹង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​នេះ​ទៅមុខទៀត​ដែរ​។​

​ថ្វីបើ​និន្នាការ​ប្រឆាំង​គម្រោង​ចិន​កើតមាន​ខ្លាំង​ក្នុង​រដ្ឋាភិបាល​ម៉ាឡេស៊ី​ក្តី គេ​ត្រូវ​ដឹងថា លោក មហា​ធៀ ក៏​មិនមែនជា​អ្នកនយោបាយ​មាន​ទំនោរ​ទៅរក​លោកខាងលិច​ដែរ​។ ជានិច្ច​ជា​កាល​អ្នកនយោបាយ​ជើងចាស់​នេះ​ទិតៀន​អាមេរិក និង​សម្ព័ន្ធមិត្ត​ឥតមាន​សំចៃ​ឡើយ​ជាពិសេស​ការអន្តរាគមន៍​យោធា​របស់លោក​ខាងលិច​នៅ​មជ្ឈិមបូព៌ា និង​ការគាំទ្រ​អ៊ីស្រាអែល​ឲ្យ​បន្ត​ធ្វើទុក្ខបុកម្នេញ​ជន​ជាតិ​ប៉ា​ឡេ​ស្ទី​ន​ជាដើម​។​

​ប៉ុន្តែ​អ្វីដែល​លោក មហា​ធៀ ចង់បាន​នោះ​គឺ ចង់​ធ្វើ​ឲ្យ​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ​វាង​ចិន​និង​ម៉ាឡេស៊ី​ជា​ទំនាក់ទំនង​ដែល​ផ្តល់​ចំណេញ​ទាំងសងខាង​។ ប្រជាជន​ម៉ាឡេស៊ី ឬ​ក្រុមហ៊ុន​ជំនួញ​ម៉ាឡេស៊ី​ត្រូវមាន​ចំណែក​ចូលរួម និង​ទទួលបាន​ប្រយោជន៍​ពី​គម្រោង​អភិវឌ្ឍ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​នេះ​៕


Tag:
 មហា​ធៀ មហាម៉ាត់​
  ចិន​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com