អន្តរជាតិ
តុងហ្កា បបួលរដ្ឋកោះប៉ាស៊ីហ្វិកសុំឲ្យចិនលុបបំណុលចោល នាយករដ្ឋមន្រ្តីតុងហ្កា Akilisi Pohiva (រូបភាព Getty Images)
× នាយករដ្ឋមន្ត្រីតុងហ្កា Akalisi Pohiva បានស្នើឲ្យចិនលុបចោលបំណុលរបស់ខ្លួន ដោយលើកហេតុផលថា តុងហ្កាមិនមានសមត្ថភាពដោះបំណុលដ៏ច្រើនឡើយ។ មេដឹកនាំប្រទេសកោះប៉ាស៊ីហ្វិកមួយនេះ នឹងបបួលរដ្ឋផ្សេងទៀតនៅតំបន់នេះ ដែលជាប់បំណុលចិនដូចគ្នាដែរនោះ ដើម្បីលើកសំណើរួមមួយទៅកាន់ចិនឲ្យឈប់យកលុយជំពាក់តែម្ដង។ ចិនដែលកន្លងមកបានលុបចោលបំណុលខ្លះហើយនោះ បានទាមទារឲ្យកូនបំណុលរបស់ខ្លួនសងប្រាក់ជំពាក់វិញ។
បញ្ហាបំណុលក្នុងចំណោមប្រទេសនៅតំបន់ប៉ាស៊ីហ្វិក កំពុងក្លាយជាបញ្ហាគួរឲ្យបារម្ភសម្រាប់ប្រទេសកោះតូចៗនិងក្រីក្រទាំងនោះ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Observer របស់សាម័រ(Samoa) នាយករដ្ឋមន្ត្រីតុងហ្កា Akalisi Pohiva បានស្នើជាចំហទៅកាន់ចិនឲ្យលុបបំណុលដែលប្រទេសលោកជំពាក់។ សំណើរបស់លោក Pohiva ជាសញ្ញាបង្ហាញពីផលប៉ះពាល់អវិជ្ជមាននៃការហូរចូលជំនួយ និងកម្ចីសន្ធឹកសន្ធាប់របស់ចិនទៅកាន់តំបន់សមុទ្រប៉ាស៊ីហ្វិកនាឆ្នាំកន្លងមក។
ភាគច្រើននៃជំនួយរបស់ចិន គឺមានប្រភពជាកម្ចីដែលផ្ដល់ឲ្យដោយធនាគាររដ្ឋចិន Exim Bank ។ បើតាមវិទ្យាស្ថាន Lowy របស់អូស្ត្រាលី តុងហ្កា ដែលជាប្រទេសប្រមូលផ្ដុំដោយប្រជុំកោះជាច្រើននោះ ជំពាក់ចិនចំនួនច្រើនជាងមួយរយលានដុល្លារ បន្ទាប់ពីខ្ចីលុយទាំងនោះដើម្បីសាងសង់ប្រទេសឡើងវិញក្រោយរងគ្រោះរញ្ជួយដីកាលពីឆ្នាំ២០០៦ ។ លោក Pohiva និយាយថា ប្រទេសលោកកំពុងព្យាយាមសងលុយចិនវិញ។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP នាយករដ្ឋមន្ត្រីតុងហ្ការូបនេះចាត់ទុកបញ្ហាបំណុលនេះ ជារឿងទូទៅសម្រាប់ប្រទេសនៅតំបន់ប៉ាស៊ីហ្វិកទៅហើយ ដែលត្រូវដោះស្រាយរួមគ្នា។ ប្រទេសនៅតំបន់នេះនឹងបើកជំនួបកំពូលរបស់ខ្លួននៅខែក្រោយនៅកោះណូរូ ហើយលោក Pohiva ចង់ឲ្យមេដឹកនាំទាំងអស់ដាក់សំណើរួមគ្នាដើម្បីសុំឲ្យរដ្ឋាភិបាលចិនលុបចោលបំណុល ព្រោះពួកគេគ្មានលទ្ធភាពសងបំណុលទាំងនោះឡើយ។
ក្នុងបទសម្ភាសដដែលនោះ លោក Pohiva លើកឡើងថា ចិនបានទាមទារលុយរបស់ខ្លួនវិញហើយ ដោយត្រឹមខែកញ្ញា ឆ្នាំ២០១៨ តុងហ្កាត្រូវសងចិនចំនួន១៤លានដុល្លារ ដែលជាចំនួនដ៏ច្រើនមួយនៃថវិកាជាតិតុងហ្កា។ មេដឹកនាំតុងហ្កាខាងលើបង្ហាញក្ដីបារម្ភថា៖ «ប្រសិនបើយើងមិនអាចសងបំណុលបានទេ ចិននឹងមករឹបអូសទ្រព្យសម្បត្តិរបស់យើង។ ដូចនេះ ការលើកសំណើរួមឲ្យចិនបោះបង់បំណុល ជាច្រកចេញតែមួយគត់»។
លទ្ធផលសងបំណុលចិនរបស់តុងហ្កា កាន់តែរួមតូចបន្ទាប់ពីរងគ្រោះដោយសារព្យុះមួយកាលពីខែកុម្ភៈកន្លងទៅ ដោយត្រូវចំណាយថវិកាច្រើនសម្រាប់ការស្រោចស្រង់ប្រទេសឡើងវិញ។ យ៉ាងណាមិញ អូស្ត្រាលី និងនូវែលសេឡង់ ដែលជាមហាអំណាចតំបន់នោះ ក៏ធ្លាប់សន្យាផ្ដល់លុយដើម្បីជួយប្រទេសនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនេះដែរ។ ប្រមុខការទូតអូស្ត្រាលីធ្លាប់និយាយថា អូស្ត្រាលីនឹងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីប្រទេសទាំងនេះអាចបន្ថយការពឹងផ្អែកលើចិន៕
Tag:
តុងហ្កា
ចិន
បាស៊ីហ្វិក
© រក្សាសិទ្ធិដោយ thmeythmey.com