អន្តរជាតិ
លោក ឌូ​ទើ​តេ ចង់​លាលែង​ពី​តំណែង ដ្បិត​មិនអាច​កម្ចាត់​អំពើពុករលួយ​និង​គ្រឿងញៀន​បាន​
15, Aug 2018 , 3:10 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (រូបភាព Manila Bulletin)
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ (រូបភាព Manila Bulletin)
​ពាក្យ «​លាលែង​ពី​តំណែង ឬ​ចុះ​ចេញពី​តំណែង​» ត្រូវបាន​គេ​ឮ​កាន់តែ​ញឹកញាប់​ចេញពី​មាត់​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ។ នៅ​ថ្ងៃទី​១៤ ខែសីហា លោក ឌូ​ទើ​តេ បាន​ប្រើប្រាស់​ពាក្យ​នេះ​ជាថ្មី ហើយ​មូលហេតុ​លើក​នេះ បណ្ដាលមកពី​ការ​តូចចិត្ត ដ្បិត​មិនអាច​លុបបំបាត់​អំពើពុករលួយ និង​គ្រឿងញៀន​បាន​តាម​ការសន្យា​។ លោក ឌូ​ទើ​តេ អះអាងថា បើ​មាន​អ្នក​ជំនួស​រូបលោក​បាន លោក​នឹង​ចុះ​ចេញពី​តំណែង​ភ្លាម​។



​កម្ចាត់​អំពើពុករលួយ និង​បោសសម្អាត​គ្រឿង​ឲ្យ​អស់ពី​ហ្វីលីពីន គឺជា​នយោបាយ​អាទិភាព​របស់​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ។ ចាប់តាំងពី​ឡើងកាន់តំណែង​មក​នោះ លោក ឌូ​ទើ​តេ ក៏​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​។ ឧក្រិដ្ឋ​ជនសង្ស័យ​រាប់ពាន់នាក់ ត្រូវបាន​សម្លាប់​ក្នុង​សង្គ្រាម​បោសសម្អាត​គ្រឿងញៀន ខណៈដែល​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន​បាន​អស់តំណែង​ដោយសារ​ប្រព្រឹត្ត​អំពើពុករលួយ​នេះ​។

​យ៉ាងណាមិញ នៅ​ថ្ងៃទី​១៤ ខែសីហា លោក ឌូ​ទើ​តេ បាន​សារភាពថា លោក​នឿយហត់​ខ្លាំងណាស់ និង​ចង់​ចូលនិវត្តន៍​ដើម្បី​សម្រាក​។ ថ្លែង​ក្នុង​កម្មវិធី​មួយ​នៅ​វិមាន Malacanang ប្រធានាធិបតី​រូបនេះ​ទទួលស្គាល់ថា ការដោះស្រាយ​បញ្ហា​គ្រឿងញៀន នឹង​មិនអាច​បញ្ចប់​នៅត្រឹម​អាណត្តិ​របស់លោក ដែល​ផុត​នៅ​ឆ្នាំ​២០២២ ឡើយ ឯ​អំពើពុករលួយ​បាន​ស៊ី​រូង​គ្រប់​ស្ថាប័នរដ្ឋ​ទៅហើយ​ទៀត​។ នេះ​បើតាម​កាសែត​ហ្វីលីពីន Manila Bulletin ។​

​ទន្ទឹមគ្នា​នឹង​ចង់​លាលែង​ពី​តំណែង លោក ឌូ​ទើ​តេ ក៏​ប្រកាសថា លោក​គ្មាន​មហិច្ឆតា​ក្រាញ​អំណាច​អ្វី​ទេ ហើយ​ត្រៀម​ផ្ទេរតំណែង​ទៅកាន់​អ្នកផ្សេង​ដែលមាន​សមត្ថភាព​ជាង​លោក​។ នៅ​ចំពោះមុខ​មន្ត្រី​ជាច្រើន មេដឹកនាំ​រហស្សនាម​មា​ត់​អត់​គម្រប​រូបនេះ​ក៏​ប្រាប់​ឲ្យ​រក​ឥស្សរ​សជន ឬ​ក្រុម​អ្នកមាន​ចំណេះ​ដើម្បី​កាន់តំណែង​ជំនួស​លោក សំដៅ​នាំ​ហ្វីលីពីន​ទៅកាន់​ភាពរុងរឿង ព្រោះ​លោក​មិនអាច​សម្រេច​ការងារ​នេះ​បានឡើយ​។

​សម្រាប់​អ្នក​ស្នង​តំណែង​បន្ត​នេះ ក្នុងករណី​យោធា​ចង់​កាន់អំណាច ក៏​អតីត​ចៅហ្វាយក្រុង Davao រូបនេះ​យល់ព្រម​ដែរ​។ លោក​បញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​ស្នើ​ទៅ​យោធា បើ​ចង់បាន​របប​សឹក​ដឹកនាំ តម្រង់​ជួរ​ទៅ ខ្ញុំ​នឹង​ឲ្យ​កាន់តំណែង​សក្តិសម​...»​។ ក្រោយ​ឲ្យ​យោធា​ក្ដាប់​អំណាច​ហើយ​នោះ លោក ឌូ​ទើ​តេ នឹង​ត្រឡប់​ទៅកាន់​ស្រុកកំណើត​ដោយ​រីករាយ​។

​តាម​រដ្ឋធម្មនុញ្ញ​ហ្វីលីពីន បើ​លោក ដូ​ទើ​តេ ចាក​ចេញពី​តំណែង កៅអី​ប្រធានាធិបតី​នឹងត្រូវ​ផ្ទេរ​ទៅ​ឲ្យ​អនុ​ប្រធានាធិបតី​ដែល​សព្វថ្ងៃ​កាន់កាប់​ដោយ​លោកស្រី Leni Robredo ។ យ៉ាងណាមិញ លោក ឌូ​ទើ​តេ និង​លោកស្រី Robredo មិនសូវ​ស៊ី​ខ្សែ​គ្នា​ទេ ហើយ​លោក ឌូ​ទើ​តេ ថែមទាំង​អះអាងថា លោកស្រី គ្មាន​សមត្ថភាព​ដោះស្រាយ​បញ្ហា​ទាំង​អម្បាលម៉ាន​នេះដែរ​។ សម្រាប់​យោធា​វិញ លោក ឌូ​ទើ​តេ ជឿថា ជា​ស្ថាប័ន​ដែល​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​៕



Tag:
 ហ្វីលីពីន​
  រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com