អន្តរជាតិ
នាយករដ្ឋមន្ត្រី​ថៃ​នឹង​ប្រកាស​នៅ​ខែកញ្ញា​ថា​តើ​លោក​នឹងចូលរួម​បោះឆ្នោត​ឬក៏​អត់​
15, Aug 2018 , 7:59 pm        
រូបភាព
ដោយ: VOA
​នាយករដ្ឋមន្ត្រី​ថៃ​លោក Prayuth Chan Ocha បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​នឹង​ប្រកាស​នៅ​ខែកញ្ញា​ខាងមុខនេះ​អំពី​ថា​តើ​លោក​នឹង​ចូលប្រឡូក​នៅក្នុង​នយោបាយ​សម្រាប់​ការបោះឆ្នោត​ដែល​នឹង​ចូលមក​ដល់​នៅ​ឆ្នាំក្រោយ​ដែរ​ឬក៏​យ៉ាងណា​នោះ​។​



​ខែឧសភា​ឆ្នាំក្រោយ​គឺជា​កាលបរិច្ឆេទ​ថ្មី​ចុងក្រោយ​បំផុត​ដែល​របប​យោធា​របស់លោក Prayuth បានកំណត់​សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​នៅក្នុង​ប្រទេស​ថៃ​។ អ្នក​រិះគន់​សង្ឃឹមថា ការបោះឆ្នោត​នេះ​នឹងធ្វើ​ឲ្យ​ប្រទេស​ថៃ​វិល​ទៅរក​របប​ដឹកនាំ​បែប​ស៊ីវិល​វិញ បន្ទាប់ពី​ស្ថិតក្រោម​ការដឹកនាំ​រប​ស់​យោធា​អស់​រយៈពេល​ជាង ៤ ឆ្នាំ​មក​។​

​ក្នុងនាម​ជា​មេបញ្ជាការ​យោធា លោក Prayuth វ័យ ៦៤ ឆ្នាំ រូបនេះ បាន​ដឹកនាំ​ការធ្វើ​រដ្ឋប្រហារ​ឆ្នាំ ២០១៤ ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិល​របស់លោក​ស្រី Yingluck Sinawatra ក្នុង​គោលបំណង​ដើម្បី​បញ្ចប់​ភាពចលាចល​ដែល​អូសបន្លាយ​អស់​រយៈពេល​ជា​យូរ​។​

​ប៉ុន្តែ​លោក​បានបង្ហាញ​សញ្ញា​ថា លោក​ចង់​កាន់អំណាច​ប​ន្ត​ទៀត​បន្ទាប់ពី​ការបោះឆ្នោត​ឆ្នាំក្រោយ ដោយ​លោក Prayuth និយាយថា​៖ «​ប្រសិនបើ​ខ្ញុំ​ចង់​កាន់អំណាច ខ្ញុំ​នឹងត្រូវ​មើល​លើ​ច្បាប់​»​។​

​នៅក្រោម​ច្បាប់រដ្ឋធម្មនុញ្ញ លោក Prayuth មិនអាច​ឈរឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​សម្រាប់​ការបោះឆ្នោត​នោះទេ ដោយសារតែ​លោក​ចាំបាច់​ត្រូវ​លាលែង​ពី​តំណែង​តាំងពី​ឆ្នាំ ២០១៧ ម្ល៉េះ ប្រសិនបើ​លោក​ចង់​ឈរឈ្មោះ​បោះឆ្នោត​។​

​ប៉ុន្តែ លោក​អាច​ធ្វើជា​នាយករដ្ឋមន្ត្រី​ម្ដងទៀត ប្រសិនបើ​គណបក្សនយោបាយ​ណាមួយ​ជ្រើសរើស​លោក​ឲ្យ​ឈរឈ្មោះ​ជា​បេក្ខជន​នាំមុខ​។​

​លោក Prayuth ក៏​អាច​ត្រូវគេ​ជ្រើសរើស​ឲ្យ​ធ្វើជា «​នាយករដ្ឋមន្ត្រី​ពី​ខាងក្រៅ​» ផងដែរ ប្រសិនបើ​រដ្ឋសភា និង​ព្រឹទ្ធសភា​តែងតាំង​រូបលោក ក្នុងករណី​ដែល​បេក្ខជន​ខាង​គណបក្ស​ឈ្នះឆ្នោត​មិន​បានទទួល​សំឡេងឆ្នោត​គ្រប់គ្រាន់​ដើម្បី​ធ្វើជា​នាយករដ្ឋមន្ត្រី​បាន​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com