កីឡាអន្តរជាតិ
អន្តរជាតិ
ម្ចាស់​ជើងឯក​ប្រណាំង​រថយន្ត F1 ពីរ​សម័យ Alonso ចូលនិវត្តន៍​នៅ​ចប់​រដូវ​កាល​នេះ​
15, Aug 2018 , 7:39 pm        
រូបភាព
Fernando Alonso ម្ចាស់​ជើងឯក​ប្រណាំង​រថយន្ត Formula One ឬ​កាំជ្រួច​លើ​ផ្ទៃដី​ពីរ​សម័យកាល បានប្រកាស​កាលកំណត់​ចូលនិវត្តន៍​របស់ខ្លួន​នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​



Alonso ដែល​បច្ចុប្បន្ន​បើកបរ​ឲ្យ​ក្រុម McLaren នឹង​បញ្ចប់​អាជីព​ជា​អ្នក​ប្រណាំង​រថយន្ត​លំដាប់​ពិភពលោក ដែល​រូបគេ​បានចាប់ផ្តើម​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុងនាម​ជា​កីឡាករ​របស់​ក្រុម Minardi ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​នៅ​ទីលាន Australian Grand Prix ឆ្នាំ ២០០១​។​

​អ្នក​ប្រណាំង​សញ្ជាតិ​អេ​ស្ប៉ា​ញ វ័យ​៣៧​ឆ្នាំ​ដែល​កំពុង​ប្រកួតប្រជែង​ពាន F1 ក្នុង​រដូវ​កាល​ទី ១៧ ធ្លាប់​ឈ្នះ​ជើងឯក​ពីលើ​កជាប់​គ្នា​ក្នុង​ឆ្នាំ ២០០៥ និង​២០០៦ នៅពេល​ប្រណាំង​ឲ្យ​ក្រុម Renault​។​



Alonso និយាយ​ពី​ការបញ្ចប់​អាជីព​ថា​៖«​បន្ទាប់ពី​រយៈពេល​១៧​ឆ្នាំ​ដ៏​អស្ចារ្យ​នៅក្នុង​កីឡា​ដ៏​អស្ចារ្យ​នេះ វា​បាន​ឈានដល់​ពេលវេលា​សម្រាប់​ខ្ញុំ​ក្នុងការ​ផ្លាស់ប្តូរ​។ ខ្ញុំ​បាន​ពិចារណា​លើ​ការសម្រេចចិត្ត​នេះ​កាលពី​ប៉ុន្មាន​ខែ​មុន ហើយ​វា​ជាការ​សម្រេច​ដ៏​រឹងមាំ​មួយ​។ នៅមាន​ការប្រណាំង​ជាច្រើន​ទីលាន​ទៀត​ដែល​នៅ​សេះសល់​ក្នុង​រដូវ​កាល​នេះ ហើយ​ខ្ញុំ​បាន​ប្តេជ្ញាចិត្ត​និង​មាន​មហិច្ឆតា​ជាង​ពេលណាៗ​ទាំងអស់​សម្រាប់​រដូវ​កាល​ចុងក្រោយ​នេះ​»​។​

​ក្នុង​រយៈពេល​១៧​រដូវ​កាល​ក្នុង​អាជីព អតីត​កីឡាករ​របស់ Ferrari ធ្លាប់បាន​ធ្លាប់​ឈ្នះ​ការប្រណាំង​សរុប ៣២​ទីលាន និង​ក្លាយជា​កីឡាករ​ប្រណាំង​រថយន្ត​ក្មេង​ជាងគេ​លើ​លោក​ដែល​ឈ្នះ​ពាន F1 ក្នុង​ឆ្នាំ​២០០៥​។

Alonso ធ្លាប់​បើកបរ​ឲ្យ​ក្រុម​ចំនួន​៥​ក្នុង​អាជីព​រួមមាន Benetton test driver (២០០០-២០០១), Minardi (២០០១), Renault (២០០៣-២០០៦), McLaren (២០០៧), ត្រឡប់​ទៅ Renault (២០០៨-២០០៩), Ferrari (២០១០-២០១៤), ត្រឡប់​ទៅ McLaren (២០១៥-២០១៨)៕


Tag:
 Formula One
  Fernando Alonso
  ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com