ជាតិ
សង្គមជាតិ
បោះឆ្នោត​រួច អង្គការ​ជាតិ និង​អន្តរជាតិ​ជិត​៧០ រួមគ្នា​ស្នើ​ឲ្យ​ដោះលែង​អ្នកស្រី ទេព វ​ន្នី​
15, Aug 2018 , 6:09 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អង្គការ​ជាតិ និង​អន្តរ​ជាតិប្រមាណ​៧០ បាន​អំពាវនាវ​ឲ្យ​តុលាការ​លើកលែង​បទ​ចោទ និង​ដោះលែង​អ្នកស្រី ទេព វ​ន្នី សកម្មជន​ការពារ​ដីធ្លី​បឹងកក់​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​រួម របស់​អង្គការ​ទាំងនោះ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ១៥ ខែសីហា ឆ្នាំ​២០១៨​។



​ក្រោយពី​អ្នកស្រី ទេព វ​ន្នី សកម្មជន​ដីធ្លី​ដ៏​ល្បី​មួយរូប នៅ​តំបន់​បឹងកក់ បាន​អនុវត្ត​ទោស​អស់​រយៈពេល​២​ឆ្នាំ ដោយ​គិត​ត្រឹម​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨​នេះ បណ្ដាល​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជាច្រើន ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស និង​ដីធ្លី ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ដោះលែង​អ្នកស្រី​។

​ការអំពាវនាវ​បែបនេះ ក៏​ដោយសារតែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ យល់ឃើញថា បទ​ចោទ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទ​លើ​អ្នកស្រី ទេព វ​ន្នី មាន​លក្ខណៈ​នយោបាយ និង​ពុំមាន​ភស្តុតាង​ជាក់លាក់​ណាមួយ ដែល​ត្រូវ​ចោទប្រកាន់​ទៅ​សកម្មជន​ដីធ្លី​រូបនេះ​ឡើយ​។​

​សេចក្ដីថ្លែងការណ៍​រួម​នោះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​យើងខ្ញុំ សូម​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា លុបចោល​នូវ​ការផ្តន្ទាទោស​លើ​អ្នកស្រី ទេព វ​ន្នី ដើម្បី​ដោះលែង​អ្នកស្រី​ពី​ពន្ធនាគារ និង​បញ្ឈប់​រាល់​ការយាយី ដែលមាន​ដូចជា ការចាប់ខ្លួន ការចោទប្រកាន់ និង​ការឃុំខ្លួន មកលើ​អ្នកស្រី ទេព វ​ន្នី និង​សមាជិក​នៃ​សហគមន៍​បឹងកក់​ដទៃទៀត​»​។​

​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខាងលើ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា អាជ្ញាធរ​មិនមាន​សិទ្ធិ​លើកលែងទោស​ឲ្យ​នរណាម្នាក់​បានឡើយ ព្រោះ​ករណីនេះ បានសម្រេច​ដោយ​តុលាការ​។ លោក សង្កត់ធ្ងន់​បែបនេះ​ថា​៖«​គាត់​បាន​អនុវត្ត​ទោស​ជិត​ចប់​ហើយ អ៊ីចឹង​មិនយូរ​ទេ​គាត់​នឹង​ត្រូវបាន​ដោះលែង​។ មិនចាំបាច់​មានការ​អំពាវនាវ​អ្វី​ឡើយ ព្រោះ​តុលាការ​សម្រេច​យ៉ាងណា គឺ​យ៉ាងនោះ​ហើយ​»​។​

​អ្នកស្រី ទេព វ​ន្នី ត្រូវបាន​តុលាការ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៦ ខណៈ​អ្នកស្រី កំពុង​តវ៉ា​ឲ្យ​មានការ​ដោះលែង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​៥​នាក់ នៃ​អង្គការ​អាដហុក ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ អ្នកស្រី​ត្រូវបាន​ផ្ដន្ទាទោស​រយៈពេល​មួយ​សប្ដាហ៍​ពីបទ «​ប្រមាថ​អ្នករាជការ​សាធារណៈ​» ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ​តម្រូវ​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​មួយ​សប្ដាហ៍​។

​តែ​ក្រោយ​ការឃុំខ្លួន​មួយ​សប្ដាហ៍​រួចមក អ្នកស្រី មិនត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ឡើយ ពោលគឺ​តុលាការ បាន​សើរើ​រឿងក្ដី​មួយ​ផ្សេងទៀត​របស់​អ្នកស្រី​កាលពី​ឆ្នាំ​២០១៣ ត្រឡប់មកវិញ​។ សុំ​ណុំ​រឿង​ចាស់​នេះ  ធ្វើ​ឲ្យ​តុលាការ ចោទ​អ្នកស្រី​ពីបទ «​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» ទៅលើ​សន្តិសុខ​សណ្ដាប់​ធ្លាប់​សាលាខណ្ឌ​ដូច​ពេញ ដែល​បាន​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៣ ខេ​កុម្ភៈ ឆ្នាំ​២០១៧ នៅក្បែរ​ផ្ទះ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

​ករណីនេះ តុលាការ​បាន តម្រូវ​ឲ្យ​អ្នកស្រី ទេព វ​ន្នី ពន្ធនាគារ​រយៈពេល ២​ឆ្នាំកន្លះ និង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ​ចំនួន​៥​លាន​រៀល និង​សងជំងឺចិត្ត​ទៅ​សន្តិសុខ ដែលជា​ដើមបណ្ដឹង​ទាំង​២​នាក់ ចំនួន​៩​លាន​រៀល​៕


Tag:
 សកម្មជន​ដីធ្លី​
 ​ទេព​វ​ន្នី​
© រក្សាសិទ្ធិដោយ thmeythmey.com