អន្តរជាតិ
វេ​ណេ​ស៊ុយ​អេ​ឡា​ចាប់​ឧ​ត្ត​ម​សេនីយ៍​ម្នាក់​ដោយ​ចោទថា​ពាក់ព័ន្ធ​នឹងធ្វើ​លួច​ធ្វើឃាត​ប្រធានាធិបតី​
15, Aug 2018 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​វេ​ណេ​ស៊ុយ​អេ​ឡា​បាន​ចាប់ខ្លួន​ឧ​ត្ត​ម​សេនីយ៍​ម្នាក់ ក្នុងពេលដែល​រដ្ឋាភិបាល​នេះ​បន្ត​ការស៊ើបអង្កេត​លើ​ករណី​ប៉ុនប៉ង​ធ្វើឃាត​ប្រធានាធិបតី នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ នៅ​ដើមខែ​សីហា​នេះ​។ តំណាង​ស្ថាប័ន​អយ្យកា​រវេ​ណេ​ស៊ុយ​អេ​ឡា​បញ្ជាក់​បែបនេះ​នៅ​ថ្ងៃ​អង្គារ​ទី ១៤ ខែសីហា​។



​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP មន្ត្រី​យោធា​ដែល​ត្រូវ​ចាប់ខ្លួន​ដោយសារ​ពាក់ព័ន្ធ​នឹង​ការ​លប​ធ្វើឃាត​ប្រធានាធិបតី​នេះ​មាន​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ​បម្រើ​ការងារ​ក្នុង​កង​ឆ្នាំ​ការពារជាតិ ហើយ​លោក​មាន​ឈ្មោះថា Alejandro Perez Gomez​។

​អគ្គ​រដ្ឋអាជ្ញា​វេ​ណេ​ស៊ុយ​អេ​ឡា Tarek William Saab បង្ហើប​ថា ឧ​ត្ត​ម​សេនីយ៍​ខាងលើ​បានបង្ហាញ​ខ្លួន​នៅ​តុលាការ​កាលពី​ថ្ងៃ​ចន្ទ ជាមួយ​អ្នកនយោបាយ​បក្សប្រឆាំង​លោក Juan Requesens និង​មន្ត្រី​យោធា​ថ្នាក់​វីរ​សេនីយ៍​ឯក​ម្នាក់ទៀត​គឺ​លោក Pedro Javier Zambrano​។​

​មកដល់​ឥឡូវនេះ មនុស្ស ១៤​នាក់​ហើយ​ត្រូវបាន​ចាប់ខ្លួន និង​ត្រូវ​ចោទប្រកាន់​ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​លួច​ធ្វើឃាត​ប្រធានាធិបតី ម៉ា​ឌុយ​រ៉ូ ពេលដែល​លោក​កំពុងផ្តល់​សុន្ទរកថា​ទៅកាន់​ក្បួន​យោធា​នៅក្នុង​ក្រុង​កា​រ៉ា​កាស​ថ្ងៃ ៤ ខែសីហា​។ អគ្គ​រដ្ឋអាជ្ញា​វេ​ណេ​ស៊ុយ​អេ​ឡា​បង្ហើប​ថា ការចាប់ខ្លួន​បន្ថែមទៀត​អាច​កើត​នៅពេល​ខាងមុខ​ផង​។

​តាមពិតទៅ ការចាប់ខ្លួន​មន្ត្រី​យោធា​ជាន់ខ្ពស់​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ និង​វីរ​សេនីយ៍​ខាងលើនេះ​កើតឡើង​ក្រោយ​ពេលដែល​រដ្ឋាភិបាល​វេ​ណេ​ស៊ុយ​អេ​ឡាប​ញ្ជា​ឲ្យ​ចាប់ខ្លួន​ទាហាន​ជាច្រើន​រយ​នាក់​ដែលមាន​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ចលនា​ប្រឆាំង​ប្រធានាធិបតី​ដោយ​ទទួលបាន​ជំនួយ​ពី​កូ​ឡុំ​ប៊ី និង​អាមេរិក​ផង​។ បើតាម​ទីភ្នាក់ងារ AFP ទាហាន​ដែល​ត្រូវ​ចាប់ខ្លួន​មាន​មិនតិចជាង ២០០​នាក់​ឡើយ​។

​លោក ម៉ា​ឌុយ​រ៉ូ អះអាងថា ការប៉ុនប៉ង​ធ្វើឃាត​នេះ​ធ្វើឡើង​ដោយ​ប្រើប្រាស់​គ្រឿងផ្ទុះ​បំពាក់​លើ​យន្តហោះ​ដ្រូ​ន​។​យ៉ាងណាមិញ ខាង​បក្សប្រឆាំង​ចោទប្រកាន់ថា រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ ព្យាយាម​បង្កើត​ព្រឹត្តិការណ៍​នេះឡើយ​ដើម្បី​ប​ង្រា្ក​ប​ក្រុមប្រឆាំង​។

​ក្រោយ​ការវាយប្រហារ​នេះ ទីបញ្ជាការ​យោធា​ជាន់ខ្ពស់​របស់​វេ​ណេ​ស៊ុយ​អេ​ឡា​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​បង្ហាញ​ពី​ការគាំទ្រ និង​ភក្តីភាព​ឥតមាន​លក្ខខណ្ឌ​ចំពោះ​ប្រធានាធិបតី ម៉ា​ឌុយ​រ៉ូ ហើយ​ប្តេជ្ញាចិត្ត​ការពារ​របប​ដឹកនាំ​នេះដែរ​។ កងទ័ព និង​កម្លាំងប្រដាប់អាវុធ​ផ្សេងទៀត​នៅតែ​ជា​ខ្នងបង្អែក​ដ៏​ធំ​របស់លោក ម៉ា​ឌុយ​រ៉ូ ដើម្បី​រក្សា​អំណាច បើទោះបីជា​សេដ្ឋកិច្ចជាតិ​ក្ស័យធន ហើយ​ភាពចលាចល​សង្គម​កើតឡើង​កាន់តែច្រើន​ក៏ដោយ​។

​ដោយឡែក ស្ថាប័ន​អគ្គ​រដ្ឋអាជ្ញា​វេ​ណេ​ស៊ុយ​អេ​ឡា​ក៏​ស្នើសុំ​ឲ្យ​មានការ​បង្ក​គណនី​ធនាគារ​លោក Juan Requesens ដែលជា​សមាជិកសភា​ក្រុមប្រឆាំង និង​គណនី​លោក Julio Borges ដែលជា​ប្រធាន​ក្រុម​សមាជិកសភា​បក្សប្រឆាំង​និង​បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​កូ​ឡុំ​ប៊ី​ផងដែរ​។ អ្នក​ទាំងពីរ​នេះ​ត្រូវបាន​សភា​វេ​ណេ​ស៊ុយ​អេ​ឡា​ដែលមាន​ភក្តីភាព​ចំពោះ​រដ្ឋាភិបាល​លោក ម៉ា​ឌុយ​រ៉ូ ដក​អភ័យឯកសិទ្ធិ​រួចរាល់​ហើយ​កាលពី​សប្តាហ៍​មុន​នោះ​។


Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com