ជាតិ
សង្គមជាតិ
សមត្ថកិច្ច​ចាប់​ជនជាតិ​ចិន​៣​នាក់ ដែល​ប្លន់​អាជីវករ​លក់​មាស នៅ​ខេត្តសៀមរាប​
15, Aug 2018 , 9:39 pm        
រូបភាព
រូបភាពពី៖ អធិការដ្ឋាននគរបាលស្រុក ពួក
រូបភាពពី៖ អធិការដ្ឋាននគរបាលស្រុក ពួក
​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែសីហា កម្លាំង​នៃ​អធិការនគរបាល​ស្រុក​ពួក បាន​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ចំនួន​៣​នាក់ ដែល​បានធ្វើ​សកម្មភាព​ប៉ង​ប្លន់​អាជីវករ​លក់​មាស​នៅមុខ​ផ្ទះ​ពួកគេ ។ ការឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​៣​នាក់​នេះ ធ្វើឡើង​ក្រោយពី​ពួកគេ បានធ្វើ​សកម្មភាព​ប្លន់​អាជីវករ​លក់ដូរ​មាស កាល​យប់​ថ្ងៃទី​១៤ ខែសីហា ។​



​យោងតាម​របាយការណ៍​របស់​អធិការ​ស្រុក​ពួក ហេតុការណ៍​ប្លន់​នេះ​បាន​កើតឡើង​នៅ​ម៉ោងជាង​៧​យប់ ថ្ងៃទី​១៤ ខែសីហា ស្ថិតនៅ​ភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ដោយ​ជនជាតិ​ចិន​ចំនួន​៣​នាក់ ដែលមាន​ពាក់​ម៉ាស់​បិទមុខ បានធ្វើ​សកម្មភាព​វាយ​ទៅលើ​បុរស​ជនរងគ្រោះ​ម្នាក់ ដែល​កំពុងបើក​ទ្វាររបង​បម្រុង​ចូល​ផ្ទះ​។ តែ​សកម្មភាព​ប្លន់​នេះ មិនបាន​សម្រេច​ឡើយ ដោយសារ​មានការ​វាយ​ប្រតប់​គ្នា និង​សំឡេង​ស្រែក​ឲ្យ​ជួយ​ផ្អើល​ពេញទី​នោះ ទើប​ក្រុម​ជនសង្ស័យ​បាន​រត់គេចខ្លួន​បាត់ស្រមោល​។ នេះ​បើតាម​លោក ទេព ពុំសែន​។​



​លោក អធិការ​ស្រុក​ពួក លោក ទេព ពុំសែន បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹងថា ភ្លាមៗ​ក្រោយ​ទទួលបាន​ដំណឹង​នេះ កម្លាំង​របស់លោក ដោយមាន​កិច្ចសហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ បាន​ចុះ​ពិនិត្យ និង​រកឃើញ​វត្ថុតាង​មួយចំនួន រួមមាន​គ្រាប់កាំភ្លើង ម៉ូតូ និង​រថយន្ត​ម៉ាក​ស្ដា​រិច​មួយគ្រឿង ដែល​ទុកចោល​នៅមុខ​សាលាបឋមសិក្សា ទៀ បាញ់ គំរូ ស្ថិតនៅ​ភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក​។ លោក​បន្ថែមថា ប្រតិបត្តិការ​អស់​រយៈពេល​ជាង​៦​ម៉ោង រហូតដល់​ម៉ោង​៤​ទៀបភ្លឺ ទើប​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​ខាងលើនេះ​តែម្ដង​។ លោក​បន្តទៀតថា ក្នុង​ប្រតិបត្តិការ​នេះ ពុំមាន​ភាគី​ណាមួយ​រងរបួស​ទេ​។​





​គួរ​បញ្ជាក់ថា ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​នោះ ទី​១​ឈ្មោះ Hv Ming Chaa អាយុ​៤៣​ឆ្នាំ ទី​២ ឈ្មោះ Ly Xiao Si អាយុ ៣៨​ឆ្នាំ និង​ទី​៣ ឈ្មោះ Lhang Yong Sheng អាយុ​៤៨​ឆ្នាំ​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំងនោះ​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ ដើម្បី​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប ដើម្បី​បន្ត​នីតិវិធី​ទៅ​តុលាការ​៕



Tag:
 ទេព ពុំសែន​
 ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com