កីឡាអន្តរជាតិ
អន្តរជាតិ
Honda អ្នកចាត់ការ​កម្ពុជា​៖ «​គ្រូ Melbourne ជា​អ្នក​បំផុសគំនិត​ខ្ញុំ​ឲ្យ​បន្ត​អាជីព​ជា​កីឡាករ​បាល់ទាត់​»
15, Aug 2018 , 10:19 pm        
រូបភាព
Keisuke Honda និងលោក Kevin Muscat គ្រូបង្វឹកក្រុម Melbourne Victory។ រូបថត AFP
Keisuke Honda និងលោក Kevin Muscat គ្រូបង្វឹកក្រុម Melbourne Victory។ រូបថត AFP
​ខ្សែប្រយុទ្ធ​ឆ្នើម Keisuke Honda និង​ជា​អ្នកចាត់ការ​ទូទៅ​ថ្មី​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា នៅ​ថ្ងៃទី​១៥ ខែសីហា​នេះ​ថា​ខ្លួន​គ្រោង​នឹង​ចូលនិវត្តន៍​ពី​អាជីព​ជា​កីឡាករ​បាល់ទាត់​ទៅហើយ​នៅក្រោយ​បញ្ចប់​ការប្រកួត​ពានរង្វាន់ World Cup នៅ​រុស្ស៊ី​។ ប៉ុន្តែ​រូបគេ​បាន​ប្តូ​គំនិត​ហើយ​សម្រេច​លេង​បន្តទៀត ក្រោយពី​ទទួល​បានការ​ទូន្មាន និង​បំផុសគំនិត​ពី​សំណាក់​គ្រូបង្វឹក​ក្រុម Melbourne Victory លោក Kevin Muscat​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។



អត្ថបទទាក់ទង


​អតីត​ខ្សែប្រយុទ្ធ AC Milan វ័យ​៣២​ឆ្នាំ ដែលជា​កីឡាករ​ល្បីឈ្មោះ​មួយរូប​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ទើបបាន​ចុះហត្ថលេខា​លេង​ឲ្យ​ក្លិប Melbourne Victory ម្ចាស់​ជើងឯក A-League របស់​អូស្ត្រាលី​សម្រាប់​រដូវ​កាល ២០១៨-២០១៩​នេះ ក្រោយ​ចាក​ចេញពី​ក្លិប​ម៉ិ​ក​ស៊ិ​ក Pachuca​។​

Honda បាន​រៀបរាប់​ក្នុង​សន្និសីទ​ជាមួយ​បណ្តាញសារព័ត៌មាន​ជប៉ុន​ថា​៖ «​ខ្ញុំ​បាន​គិតពី​ការបោះបង់​អាជីព​របស់ខ្ញុំ​បន្ទាប់ពី​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក ប៉ុន្តែ​សំណាងល្អ​ក្លិប​នេះ (Melbourne Victory) បានផ្តល់​ឲ្យ​ខ្ញុំ​នូវ​ភាព​អស្ចារ្យ​មួយ​ដោយបាន​ផ្លាស់ប្តូរ​គំនិត​របស់ខ្ញុំ​។ ខ្ញុំ​បាន​ផ្លាស់ប្តូរ​ចិត្ត​វិញ​បន្ទាប់ពី​ខ្ញុំ​បាន​និយាយ​ជាមួយ​លោកគ្រូ Kevin Muscat ដោយផ្ទាល់​»​។​



​ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម​របស់​ក្រុម​សាមូរ៉ៃ​ជប៉ុន​បន្ថែមថា​៖«​គាត់ (​គ្រូ​) និយាយ​មកកាន់​ខ្ញុំ​ថា​គាត់​ពិតជា​ចង់​ទទួលបាន​ជោគជ័យ​សម្រាប់​ក្លិប​មួយ​នេះ ... គាត់​គឺជា​មនុស្ស​ម្នាក់​ដែលមាន​មហិច្ឆតា​ហើយ​ខ្ញុំ​ក៏​ជា​មនុ​ស្សមាន​មហិច្ឆតា​ដូចគ្នា​ដែរ ដូច្នេះ​ខ្ញុំ​ទទួល​បានការ​បំផុសគំនិត​ដ៏​អស្ចារ្យ​ពី​គាត់​។ ខ្ញុំ​ពិតជា​រំភើប​ណាស់ ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​ខ្ញុំ​អាច​ទទួល​អារម្មណ៍​ថ្មី​ដើម្បី​ការប្រកួតប្រជែង​ថ្មី​មួយទៀត​នៅក្នុង​អាជីព​របស់ខ្ញុំ​»​។​

​ក្រៅពី​អាជីព​ជា​កីឡាករ​បាល់ទាត់ ម្ចាស់​ក្លិប​សូល​ទី​ឡូ​អង្គរ​រូបនេះ ក៏​ទើប​ទទួលបាន​តំណែង​មួយទៀត​ក្នុងនាម​ជា​អ្នកចាត់ការ​ថ្មី​របស់​ក្រុម​រហស្សនាម​គោព្រៃ​កម្ពុជា​។ អ្វីដែល​ពិសេស លោក​ដឹកនាំ​ដោយ​ស្ម័គ្រចិត្ត​ពោលគឺ​មិន​យក​ថ្លៃឈ្នួល​អ្វី​ឡើយ​។​

​បើតាម​ការផ្សាយ​របស់​សារ​ព័​រ៌​មាន ThemThmey លោក Honda មិនអាច​បង្ហាញ​វត្តមាន​គ្រប់ពេល​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឡើយ ប៉ុន្តែ​លោក​មាន​កាលវិភាគ​ត្រឹមត្រូវ​រវាង​ការចាត់ចែង​ដឹកនាំ​ក្រុម​កម្ពុជា និង​ការលេង​នៅ​ក្លិប Melbourne Victory​។​

​ក្រោយ​ទំនេរ​ពី​ការលេង​នៅ Melbourne Victory លោក​នឹង​ដឹកនាំ​កិច្ចប្រជុំ​មួយ​សប្តាហ៍​ម្តង​តាមរយៈ​វីដេអូ Conference ជាមួយ​ក្រុមការងារ​នៅ​កម្ពុជា​។ លោក​ក៏​ត្រូវការ​កិច្ចសហការ​ពី​ក្លិប​ផ្សេងៗ​ផងដែរ​។​

 Honda ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិប្រមាណ​៩០​ប្រកួត ចាប់តាំងពី​ឆ្នាំ​២០០៨​មក និង​មាន​វត្ត​មាននៅ World Cup ៣​លើក​ជាប់ៗ​គ្នា ក្នុង​ឆ្នាំ​២០១០ នៅ​អាហ្វ្រិក ឆ្នាំ​២០១៤ នៅ​ប្រេ​ស៊ី​ល និង​ឆ្នាំ​២០១៨ នៅ​រុស្ស៊ី​។ កីឡាករ​អន្តរជាតិ​រូបនេះ ជាប់​ជា Player of the Tournament នៅពេលដែល​ជប៉ុន​លើក​ពាន AFC Asian Cup ឆ្នាំ​២០១១៕


Tag:
 ​បាល់ទាត់​
  Keisuke Honda
  Kevin Muscat
© រក្សាសិទ្ធិដោយ thmeythmey.com