អន្តរជាតិ
មី​យ៉ាន់​ម៉ា​ពិចារណា​ស្នើសុំ​ជំនួយ​អង្ករ​ពី​អាស៊ាន ខណៈ​ប្រឈម​គ្រោះមហន្តរាយ​ទឹកជំនន់​
16, Aug 2018 , 9:19 am        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​បានបញ្ជាក់​នៅ​សប្តាហ៍​នេះ​ថា ខ្លួន​កំពុង​ពិចារណា​ស្នើសុំ​ជំនួយ​អង្ករ​បន្ថែមទៀត​ពី​កម្មវិធី​អង្ករ​បម្រុង​សម្រាប់​ការសង្គ្រោះ​បន្ទាន់​របស់​អា​ស៊ាន​។ មី​យ៉ាន់​ម៉ា​បង្ហាញ​ចេតនា​ស្នើសុំ​អង្ក​ជំនួយ​ពី​អាស៊ាន​នេះ កើតឡើង​ស្រប​ពេលដែល​គ្រោះមហន្តរាយ​ទឹកជំនន់​បន្ត​យារ​យីរ​តំបន់​ជាច្រើន​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​



​លេខាធិការ​អចិន្ត្រៃយ៍​រង​នៃ​ក្រសួងកសិកម្ម​, ចិញ្ចឹមសត្វ និង​ធារាសាស្ត្រ​មី​យ៉ាន់​ម៉ា លោក Myo Tint Tun បាន​លើកឡើងថា រដ្ឋាភិបាល​មាន​គម្រោង​ស្នើសុំ​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​គេ​ត្រូវ​ត្រួតពិនិត្យ​មើល​សិន​ថា ការស្នើសុំ​ជំនួយ​នេះ​អាច​ធ្វើបាន​ឬក៏​អត់​។​

​ថ្លែង​ទៅកាន់​សារព័ត៌មាន Myanmar Times មន្ត្រីជាន់ខ្ពស់​រូបនេះ​បញ្ជាក់​ដូច្នេះ​៖« យើង​នឹង​ពិចារណា​សុំ​ជំនួយ​បន្ថែម​។ ប៉ុន្តែ​ដំបូង​បំផុត​យើង​ត្រូវ​ពិនិត្យមើល​លទ្ធភាព​សិន​ថា សំណើរ​នេះ​ធ្វើបាន​ឬ​អត់​។ វា​ត្រូវមាន​លក្ខខណ្ឌ​ច្បាស់លាស់​សម្រាប់​ការស្នើសុំ​ជំនួយ​ឆ្លើយតប​នឹង​គ្រោះមហន្តរាយធម្មជាតិ​នេះ​។ មិនមែន​អង្ករ​ជំនួយ​នេះ​មាន​គ្រប់​ពេលដែល​យើង​ស្នើសុំ​ឡើយ​»​។​

​អង្ករ​ជំនួយ​ដែល​មី​យ៉ាន់​ម៉ា​ចង់​ស្នើសុំ​នោះ​គឺ​ស្ថិតក្នុង​គម្រោង​អង្ករ​បម្រុង​សម្រាប់​សង្គ្រោះបន្ទាន់​របស់​អាស៊ាន​បូក​បី ជប៉ុន កូរ៉េខាងត្បូង និង​ចិន (ASEAN Plus Three Emergency Rice Reserve Programme) ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ ២០១៣​មក​នោះ​។ កាលពី​ឆ្នាំ ២០១៥  មី​យ៉ាន់​ម៉ា​ធ្លាប់​ស្នើសុំ​ជំនួយ​ពី​គម្រោង​នេះ​ម្តង​ដោយ​កាលនោះ​មី​យ៉ាន់​ម៉ា​បានទទួល​ជំនួយ​ជា​អង្ករ ១០០០​តោន​។​

​តាមពិតទៅ​កម្មវិធី​ដែលជា​គំនិត​ផ្តួចផ្តើម​អាស៊ាន​និង​ដៃគូ​សន្ទនា​បី​នេះ​មាន​គោល​ចម្បង​ឆ្លើយតប និង​ដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង​តំបន់ ហើយ​ពេល​ចាប់ផ្តើម​បង្កើតឡើង​ដំបូង​ប្រទេស​ចិន​ប្តេជ្ញា​ផ្តល់​វិភាគទាន​អង្ករ ៣​សែន​តោន​, កូរ៉េខាងត្បូង ២៥​ម៉ឺន​តោន​, ជប៉ុន ១៥​ម៉ឺន​តោន ហើយ​អាស៊ាន​ទាំង​ដប់​ផ្តល់ ៨៧ ពាន់​តោន​ផងដែរ​។​

​បើតាម​លោក Myo Tint Tun  ជំនួយ​អង្ករ​បម្រុង​ដែល​បានទទួល​ពី​អាស៊ាន​នេះ​មិនអាច​ចែកចាយ​ក្នុងស្រុក​តាមចិត្ត​ឡើយ ដោយ​វា​ត្រូវមាន​ការយល់ព្រម​ពី​ស្ថាប័ន​ទទួលបន្ទុក​ក្នុង​អាស៊ាន​ជាមុនសិន​។ បើសិនជា​គេ​យល់ព្រម ទើប​រដ្ឋាភិបាល​អាច​ចែកចាយ​បាន​។

​អង្ករ​ជំនួយ​ដែល​មី​យ៉ាន់​ម៉ា​ទទួលបាន​ពី​អាស៊ាន​ចំនួន ១០០០​តោន​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គាំទ្រ​ដល់​ជនរងគ្រោះ​នៅ​តំបន់​ជាច្រើន​ទូទាំងប្រទេស​។ ក្នុងចំណោម​នោះ ២៦៧​តោន​ទៅ​ផ្តល់​ឲ្យ​ប្រជាជន​នៅ​រដ្ឋ Rakhine, ៣១១​តោន​ផ្តល់​ឲ្យ​ជនភៀសខ្លួន ដោយសារ​ការប្រយុទ្ធ​គ្នា​នៅ​តំបន់ ១៤​នៅ​រដ្ឋ Kachin,  ២៣៣ តោន​ផ្សេងទៀត​ត្រូវបាន​បញ្ជូនទៅ​ជួយ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​រដ្ឋ Kachin, រដ្ឋ Mon និង​តំបន់ Magwe​។

​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ត្រៀម​បញ្ជូន​អង្ករ ១៣៦ តោន​ផ្សេងទៀត​ទៅ​ជួយសង្គ្រោះ​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុងឆ្នាំនេះ​នៅ​រដ្ឋ Mon, Kayin និង​តំបន់ Bago​។ មកដល់​ឥឡូវនេះ អង្ករ​ជំនួយ​ក្រោម​ក្របខណ្ឌ​អាស៊ាន​នេះ​នៅ​សេសសល់​ត្រឹម ៥០ តោន​ប៉ុណ្ណោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com