អន្តរជាតិ
ត្រាំ បញ្ជូនប្រមុខការពារជាតិទៅអាមេរិកឡាទីនដើម្បីទប់ទល់ឥទ្ធិពលចិន និងរុស្ស៊ីសាយភាយក្នុងតំបន់
× រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក ជេម ម៉ាធីស ចាប់ផ្តើមទស្សនកិច្ចនៅអាមេរិកឡាទីននៅសប្តាហ៍នេះ ក្នុងគោលបំណងដៅពង្រឹងនិងពង្រី ទំនាក់ទំនងយុទ្ធសាស្ត្រជាមួយប្រទេសក្នុងតំបន់។ អាមេរិកប្រឹងពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាងនេះខណៈពេលមហាអំណាចចិន និងរុស្ស៊ីកំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ខ្លាំងផងដែរ។
ទស្សនកិច្ចជាលើកដំបូងរបស់លោក ម៉ាធីស ដើម្បីពង្រឹងចំណងមិត្តភាពជាមួយរដ្ឋអាមេរិកឡាទីនផ្តើមចេញពីប្រេស៊ីល ហើយបន្តដំណើរទៅកាន់អាហ្សង់ទីន, ស៊ីលី និងកូឡុំប៊ីទៀតផង។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ពេលស្ថិតនៅប្រេស៊ីល លោក ម៉ាធីស បានអំពាវនាវឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងយុទ្ធសាស្ត្រឲ្យកាន់តែស៊ីជម្រៅផង។
ពីសាកលវិទ្យាល័យយោធាទីក្រុង Rio de Janeiro នៅចំពោះមុខមន្ត្រីយោធាប្រេស៊ីល ប្រមុខការពារជាតិអាមេរិករូបនេះបានបញ្ជាក់ អាមេរិក និងប្រេស៊ីលមានប្រយោជន៍រួមគ្នាដែលឈរលើទីតាំងភូមិសាស្ត្ររួម, តម្លៃប្រជាធិបតេយ្យ ហើយ ធ្លាប់ប្រកៀកស្មារគ្នាធ្វើសង្គ្រាមរាប់ពីសម័យសង្គ្រាមលោកលើកទី២មកម្ល៉េះ។
ក្រៅពីរៀបរាប់ពីទំនាក់ទំនងទ្វេភាគី លោក ម៉ាធីស ក៏បង្ហើបផងដែរថា អាមេរិកចង់បានទំនាក់ទំនងជិតស្និទ្ធជាមួយប្រេស៊ីល ហើយអាមេរិកចាប់អារម្មណ៍ខ្លាំងលើមជ្ឈមណ្ឌលលំហអាកាសប្រេស៊ីល Alcantara ដែលមានទីតាំងល្អងាយស្រួលបង្ហោះផ្កាយរណបផង។
វត្តមានប្រមុខការពារជាតិអាមេរិកនៅអាមេរិកឡាទីន ក៏កើតឡើងចំពេលដែលមហាយក្សអាស៊ីចិនបន្តពង្រឹងឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ឥតឈប់ឈរដែរ តាមរយៈការបន្តវិនិយោគ, ជំរុញពាណិជ្ជកម្ម និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងលំហអាកាសផង។ ចិនក៏ស្វែងរកឱកាសអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអាមេរិកឡាទីនលើវិស័យកសិកម្ម, រ៉ែ និងវត្ថុធាតុដើមថែមទៀត។
ចំណែករុស្ស៊ីវិញនោះក៏មិនចាញ់ចិនប៉ុន្មានដែរ។ មន្ត្រីអាមេរិកធ្លាប់ព្រមានថា រុស្ស៊ីបង្កើនឥទ្ធិពលរបស់ខ្លួនរហ័សក្នុងពេល ៦ឆ្នាំមកនេះដោយជំរុញការកសាងវត្តមានយោធា និងសមត្ថភាពចារកម្មនៅក្នុងតំបន់អាមេរិកឡាទីនផង។ នេះបញ្ជាក់ថា វាជាសញ្ញាប្រកាសអាសន្នសម្រាប់ក្រុងវ៉ាស៊ីនតោន។
គេមើលឃើញថា រយៈពេលជាច្រើនឆ្នាំមកនេះឥទ្ធិពលរបស់អាមេរិកនៅអាមេរិកឡាទីនកាន់តែរសាយ ហើយព្រោះអាមេរិកមិនសូវយកចិត្តទុកដាក់ខ្លាំង។ ទំនាក់ទំនងជាមួយបណ្តារដ្ឋអាមេរិកឡាទីននោះក៏ចម្រូងចម្រាសទៀតពេលខ្លះ។ អាមេរិកតែងរងការចោទប្រកាន់រឿងនៅពីក្រោយចលនាប្រឆាំង ឬរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលមិនរណបខ្លួននៅក្នុងតំបន់ផងដែរ។
យ៉ាងណាមិញ លោក ម៉ាធីស ទាត់ចោលការអះអាងខាងលើ ហើយរៀបរាប់ថា អាមេរិកមិនបានព្រងើយកន្តើយនឹងតំបន់អាមេរិកឡាទីនឡើយ។ ផ្ទុយទៅវិញ អាមេរិកនៅតែយកចិត្តទុកដាក់ជាពិសេសកិច្ចសហប្រតិបត្តិការខាងផ្នែកយោធាតែម្តង។
សូមបញ្ជាក់ថា មុនមកទស្សនកិច្ចនៅប្រេស៊ីល លោក ម៉ាធីស ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិប្រេស៊ីល Joaquim Silva e Luna កាលពីខែមេសា។ ក្នុងពេលនោះ លោក ម៉ាធីសក៏បានដាក់បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធអាមេរិកចាប់ផ្តើមការងារជាមួយប្រេស៊ីលផ្លាស់ប្តូរទំនាក់ទំនងយោធាជាមួយរុស្ស៊ីឲ្យកាន់តែរឹងមាំផងដែរ៕
Tag:
ជេម ម៉ាធីស
អាមេរិក
អាមេរិកឡាទីន
ប្រេស៊ីល
© រក្សាសិទ្ធិដោយ thmeythmey.com