កីឡាអន្តរជាតិ
អន្តរជាតិ
Real បរាជ័យ​នៅ Super Cup ដោយ​គ្មាន Ronaldo និង Zidane
16, Aug 2018 , 11:55 am        
រូបភាព
Real Madrid បានចាប់ផ្តើម​ជីវិត​ដោយ​គ្មាន​ខ្សែប្រយុទ្ធ​ឆ្មើ​ម Cristiano Ronaldo និង​អតីត​អ្នកចាត់ការ Zinedine Zidane ជាមួយនឹង​បរាជ័យ ៤-២ ក្នុងការ​ប្រកួត​ដណ្តើមពាន​រង្វាន់ UEFA Super Cup ទល់នឹង​ក្រុម Atletico Madrid នៅ​រាត្រី​ថ្ងៃទី​១៥ ខែសីហា​។​



​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ម៉ោង​បន្ថែម​១៥​នាទី​ពីរដង​ដែល​ធ្វើបាន​ដោយ Saul Niguez និង Koke បាន​ជួយ​ឲ្យ At-Madrid ដែលជា​ម្ចាស់​ជើងឯក Europa League រដូវ​កាល​មុន​យកឈ្នះ Real Madrid ម្ចាស់​ជើងឯក Champions League ក្នុង​លទ្ធផល ៤-២ ដើម្បី​លើក​ពាន Uefa Super Cup​។​

​ក្នុងការ​ប្រកួត​ក្នុង​ម៉ោង​ធម្មតា​៩០​នាទី ក្រុម​មកពី​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga ដែលមាន​មូលដ្ឋាន​ក្នុង​ក្រុង​ម៉ា​ឌ្រី​ដ​ទាំងពីរ​បានបញ្ចប់​ទៅក្នុង​លទ្ធផល ២-២ ដែល​ធ្វើបាន​ដោយ​ខ្សែប្រយុទ្ធ Diego Costa ទាំង​២​គ្រាប់ ហើយ Real ធ្វើបាន​ដោយ Karim Benzema និង Sergio Ramos​។​



​ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី​លោក Julen Lopetegui នេះ​ជា​បរាជ័យ​ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​លើកដំបូង​សម្រាប់​ក្រុម​រហស្សនាម​ស្តេច​ស​ដោយ​គ្មាន​វត្តមាន​ខ្សែប្រយុទ្ធ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ Ronaldo បន្ទាប់ពី​រូបគេ​បាន​ផ្លាស់​ទៅ​ចូលរួម Juventus ក្នុងតម្លៃ ១០៦​លាន​ដុល្លារ​អាមេរិក និង​ក្រោយ​ការលាលែង​ពី​តំណែង​របស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង Zidane​។​

​ក្រោម​ការដឹកនាំ​៣​រដូវ​កាល Zidane វ័យ​៤៧​ឆ្នាំ Real ឈ្នះ​ក្នុង​ការប្រកួត​ផ្តាច់ព្រ័ត្រ Champions League ទាំង​៣​លើក​ជាប់​គ្នា ដោយមាន​ការរួមចំណែក​យ៉ាងសំខាន់​ពី​អតីត​ខ្សែប្រយុទ្ធ Manchester United និង​ម្ចាស់​ពាន ballon d'or ៥​សម័យ Ronaldo ថែម​ទៀតផង​។​

​ម្ចាស់​ជើងឯក​ពាន​កំពូល​អឺរ៉ុប​១៣​សម័យ Real Madrid ជា​ក្រុម​ដែល​ឈ្នះ​ពាន Super Cup ច្រើនជាងគេ​រហូតដល់​ទៅ ៦​លើក ក្នុង​ឆ្នាំ ១៩៩៨, ២០០០, ២០០២, ២០១៤, ២០១៦ និង ២០១៧​។ ចំណែក Atletico Madrid ធ្លាប់​ឈ្នះ​៣​លើក​គិត​ទាំង​លើ​នេះ​ទៀត ពោលគឺ​ក្នុង​ឆ្នាំ ២០១០, ២០១២ និង ២០១៨៕








Tag:
 បាល់ទាត់​
  Super Cup
© រក្សាសិទ្ធិដោយ thmeythmey.com