សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ចិន នឹង​បញ្ជូន​មន្ត្រី​ទៅ​ចរចា​ជាមួយ​អាមេរិក​ដើម្បី​រក​ច្រកចេញ​ជម្លោះ​ពាណិជ្ជកម្ម​
16, Aug 2018 , 2:51 pm        
រូបភាព
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នឹង​បញ្ជូន​មន្ត្រី​មួយក្រុម​ទៅកាន់​អាមេរិក​ដើម្បី​បន្ត​ការចរចា​រក​ដំណោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​មហាអំណាច​ទាំងពីរ ខណៈ​ភាគី​ទាំងសងខាង​បន្ត​ដំឡើង​ពន្ធ​លើ​ផលិតផល​គ្នា​ទៅមក​។ ការចរចា​ជុំ​ថ្មី​នេះ ដែល​គ្រោង​ធ្វើ​នៅ​ចុងខែ​សីហា គឺជា​ជំនួប​លើកដំបូង​ក្នុង​រយៈពេល​ពីរ​ខែ​មកនេះ​ក្រោយ​ការចរចា​លើក​មុនៗ​បាន​បរាជ័យ​។ ទោះ​លទ្ធផល​ទៅជា​យ៉ាងណា ការជួបគ្នា​នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដើម្បី​ឈានទៅរក​ច្រកចេញ​នៃ​វិបត្តិ​នេះ​។​



​ចិន និង​អាមេរិក នឹង​បើក​ការចរចា​ម្ដងទៀត​ដើម្បី​ស្វែងរក​ដំណោះស្រាយ​នៃ​វិបត្តិ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​។ ខុសពី​លើក​មុនៗ ចិន​នឹង​បញ្ជូន​ថ្នាក់​មន្ត្រី​ថ្នាក់​អនុរដ្ឋមន្ត្រី​ទៅ​ចរចា​ជាមួយ​សម​ភាគី​អាមេរិក​នៅ​ដំណាច់​ខែសីហា​នេះ​។ ក្រសួងពាណិជ្ជកម្ម​ចិន​នៅ​ថ្ងៃទី​១៦ ខែសីហា ប្រកាសថា អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ទទួល​ការចរចា​អន្តរជាតិ Wang Shouwen នឹង​ជួប​តទល់​ជាមួយ​រដ្ឋលេខាធិការ​ពា​ណិ​ជ្ជ​កម្ម David Malpass តាម​ការអញ្ជើញ​របស់​អាមេរិក​។​

​តាម​ការប្រកាស​ខាងលើ ក្រុង​ប៉េកាំង​ក៏បាន​បញ្ចេញ​ជំហរ​ប្រឆាំង​ដាច់ខាត​សកម្មភាព​ឯកតោភាគី​របស់​អាមេរិក ប្រឆាំង​នយោបាយ​គាំពារ​និយម និង​មិន​ទទួល​ការដាក់ទណ្ឌកម្ម​ណាមួយ​ឡើយ​។ យ៉ាងណាមិញ ចិន​រីករាយ​ស្វាគមន៍​ការសន្ទនា​ទាំងឡាយ​ដោយ​ផ្អែកលើ​គោលការណ៍​ស្មើភាព សុច្ចរិត និង​ការគោរព​ប្រយោជន៍​គ្នា​ទៅមក​។

​ការចរចា​ថ្នាក់​មន្ត្រី​កម្រិត​អនុរដ្ឋមន្ត្រី​នេះ ទំនងជា​មិនអាច​ដោះស្រាយ​ការខ្វែងគំនិត​គ្នា​បានទេ ដ្បិត​កាលពី​ការចរចា​កន្លងមក​ដែល​ធ្វើឡើង​នៅ​កម្រិត​មន្ត្រីជាន់ខ្ពស់​ផង ក៏​គ្មាន​លទ្ធផល​អ្វី​ដែរ​។ ក្នុង​ការចរចា​ចុងក្រោយ​ក្នុង​ខែមិថុនា ឧបនាយករដ្ឋមន្ត្រី​ចិន លីវ ហឺ បាន​ជជែក​ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Wilbur Ross នៅ​ទីក្រុង​ប៉េកាំង ប៉ុន្តែ​មិនអាច​សម្រេចបាន​ផ្លែផ្កា​ឡើយ ហើយ​មហាអំណាច​ទាំងពីរ​ក៏​ចាប់ធ្វើ​សង្គ្រាម​ពន្ធ​តែម្ដង​។​

​កាលពី​ខែ​មុន រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានចាប់ផ្ដើម​អនុវត្ត​ពន្ធ​តម្លៃ​៣៤​ពាន់​លាន​ដុល្លារ​លើ​ផលិតផល​ចិន ដែល​ធ្វើ​ឲ្យ​ចិន​ចាត់វិធានការ​ដូចគ្នា​ត្រឡប់​វិញ​។ នៅ​ខែសីហា​នេះ រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​អនុវត្ត​ការដំឡើង​ពន្ធ​ចំនួន​១៦​ពាន់​ដុល្លារ​ទៀត​។ នៅ​ដើមខែ​នេះដែរ ក្រុង​ប៉េកាំង​បាន​ដំឡើង​ពន្ធ​សរុប​ចំនួន​៦០​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​អាមេរិក​រាប់រយ​មុខ បន្ទាប់ពី​លោក ត្រាំ បានប្រកាស​ផែនការ​ដំឡើង​ពន្ធ​ដល់​ទៅ​២៥​ភាគរយ ស្មើនឹង​ជាង​២០០​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​ចិន​។​

​ការដំឡើង​ពន្ធ​នាំចូល​ផ្ទួន​លើ​ចិន​នេះ ត្រូវបាន​លោក ត្រាំ ចាត់ទុកជា​សង្គ្រាម​ដែល​ងាយស្រួល​ឈ្នះ ហើយ​លោក​នឹង​បន្ត​ចំណាត់ការ​នេះ​ទៀត បើ​ចិន​មិន​ព្រម​មាន​វិធានការ​ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​រប​ស់​អាមេរិក​ទេនោះ​។ នេះ​ក៏​ព្រោះតែ​លោក ត្រាំ មិន​ពេញ​ចិត្តនឹង​ជញ្ជីងពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ចិន ដែល​អាមេរិក​មាន​ឱនភាព​ដល់​ទៅ​៣៥០​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ៕


Tag:
 អាមេរិក​
  ចិន​
  ពាណិជ្ជកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com