អន្តរជាតិ
តុលាការ​ម៉ាឡេស៊ី​សម្រេច​បន្ត​សំណុំរឿង​ឃាតកម្ម​បងប្រុស​លោក គីម ជុង​អ៊ុន
16, Aug 2018 , 7:39 pm        
រូបភាព
​នៅ​ថ្ងៃទី​១៦ ខែសីហា តុលាការ​ជាន់ខ្ពស់​ម៉ាឡេស៊ី បានសម្រេច​បន្ត​នីតិវិធី​ក្នុង​សំណុំរឿង​ឃាតកម្ម​លោក គីម ជុង​ណា​ម បងប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង​បច្ចុប្បន្ន គីម ជុង​អ៊ុន ។ តុលាការ​ម៉ាឡេស៊ី​រកឃើញ​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ដាក់បន្ទុក​លើ​ជនសង្ស័យ​ជា​ស្ត្រី​ទាំងពីរ​ជុំវិញ​ករណី​ឃាតកម្ម ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​ការទូត​ម៉ាឡេស៊ី និង​កូរ៉េខាងជើង​។ ការសម្រេច​នេះ ធ្វើ​ឲ្យ​ក្រុមគ្រួសារ​ជនសង្ស័យ​ខកចិត្ត​ខ្លាំង ព្រោះ​ពួកគេ​គ្រាន់តែ​កូនអុក​ក្នុងករណីនេះ​ប៉ុណ្ណោះ​។



​បន្ទាប់ពី​ពិនិត្យ​ភស្តុតាង​ដាក់​ដោយ​រាជអាជ្ញា តុលាការ​ជាន់ខ្ពស់​ម៉ាឡេស៊ី បានសម្រេច​ថា សវនាការ​លើ​ជនសង្ស័យ​ពីររូប គឺ Siti Aisyah ជា​ជនជាតិ​ឥណ្ឌូណេស៊ី និង Doan Thi Huong ជនជាតិ​វៀតណាម ក្នុងករណី​ឃាតកម្ម​លោក គីម ជុង​ណា​ម អាច​ដំណើរការបាន​។ ជនសង្ស័យ​ទាំងពីរ ប្រឈមមុខ​ទោស​ប្រហារជីវិត បើ​តុលាការ​រកឃើញថា ពួកគេ​ពិតជា​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ប្រើប្រាស់​សារធាតុ​គីមី​ហាមឃាត់ VX ដើម្បី​សម្លាប់​លោក គីម ។​

ក្នុង​សវនាការ​ថ្ងៃទី​១៦ ខែសីហា ចៅក្រម Azmi Ariffin បាន​ទទួលយក​ការសម្រេច​របស់​រាជអាជ្ញា ដែល​អះអាងថា ស្ត្រី​ទាំងពីរ​ខាងលើ​រួមជាមួយ​មនុស្ស​បួន​នាក់​ទៀត ពិតជា​បានធ្វើ​ឲ្យ​លោក គីម ជុង​ណា​ម បងប្រុស​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ស្លាប់​មែន​។ លោក គីម ជុង​ណា​ម បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​វាយប្រហារ​ដោយ​អាវុធ​គីមី​ហាមឃាត់​ដោយ​អង្គការសហប្រជាជាតិ​នៅ​ព្រលានយន្តហោះ​ក្រុង​គួ​ឡា​ឡាំ​ពួ​កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ ។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក Ariffin និយាយថា ភស្តុតាង​ដាក់​ឲ្យ​តុលាការ​តាំងពី​ខែតុលា ឆ្នាំ​២០១៧ មក​នោះ បង្ហាញ​ពី​ផែនការ​ល្អិតល្អន់​របស់​ជនសង្ស័យ​ជា​ជនជាតិ​កូរ៉េខាងជើង ដែល​កំពុង​រត់គេចខ្លួន​។ ដោយសារ​ហេតុនេះ ចៅក្រម​ម៉ាឡេស៊ី​បាន​ប្រាប់​ឲ្យ​ជនសង្ស័យ​ទាំងអស់​ចូល​ការពារ​ខ្លួន​លើ​ការចោទប្រកាន់​ទាំងឡាយ​។ ខណៈ​ចៅក្រម​ប្រកាស​ការសម្រេចចិត្ត ជនសង្ស័យ​ទាំងពីរ​បង្ហាញ​ទឹកមុខ​តក់ស្លុត​យ៉ាងខ្លាំង​។​

ក្រុមគ្រួសារ និង​មេធាវី​ជនសង្ស័យ​ទាំងពីរ​ខាងលើ សុទ្ធតែ​អះអាង​ភាព​ស្អាតស្អំ​របស់​អ្នក​ទាំងពីរ​។ ពួកគេ​លើកឡើងថា Aisyah និង Doan ត្រូវបាន​បោក​ឲ្យ​ចូលរួម​ក្នុង​ផែនការ​នេះ ខណៈ​ជនសង្ស័យ​ក៏​និយាយ​ការពារ​ខ្លួន​ថា ពួកគេ​ទាំងពីរ​ត្រូវបាន​បោកប្រាស់​ឲ្យ​ចូលរួម​កម្មវិធី​ទូរទស្សន៍​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក Ariffin មិន​ជឿ​លើ​សម្ដី​ពួកគេ​ឡើយ ព្រោះ​បើជា​កម្មវិធី​ទូរទស្សន៍​មែន គេ​នឹង​ឃើញ​មាន​អ្នកចូលរួម​ច្រើន ហើយក៏​មិន​បង្កបញ្ហា​ដល់​គោលដៅ​ដែរ​។​

ក្រៅពី​ជនសង្ស័យ​ទាំងពីរ​ខាងលើ អាជ្ញាធរ​ម៉ាឡេស៊ី​កំពុង​តាមរក​ជនជាតិ​កូរ៉េខាងជើង​បួន​នាក់​ទៀត ដែល​បាន​រត់​ភៀសខ្លួន​ក្រោយ​ឃាតកម្ម​កើតឡើង​។ សវនាការ​បន្ទាប់​ទៀត នឹង​ធ្វើឡើង​ចន្លោះ​ខែវិច្ឆិកា និង​ខែកុម្ភៈ​ខាងមុខ​។ Aisyah និង Doan ប្រឈមមុខ​ការប្រហារជីវិត​ដោយ​ព្យួរ​ក បើ​រកឃើញថា មាន​កំហុស​មិន​ខាន​៕


Tag:
 ម៉ាឡេស៊ី​
  កូរ៉េខាងជើង​
  គីម ជុង​ណា​ម​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com