អន្តរជាតិ
នូវែលសេឡង់ចេញច្បាប់ហាមជនបរទេសទិញផ្ទះដើម្បីទប់ការឡើងថ្លៃ នាយករដ្ឋមន្ត្រីនូវែលសេឡង់លោកស្រី Jacinda Ardern (AFP)
× ចុងក្រោយ សភានូវែលសេឡង់សម្រេចអនុម័តបទបញ្ញត្តិហាមឃាត់ជនបរទេសទិញផ្ទះ ដោយលើកលែងចំពោះជនជាតិសិង្ហបុរី និងអូស្ត្រាលីប៉ុណ្ណោះ។ ការសម្រេចចេញបម្រាមនេះគឺដោយសារជនបរទេសធ្វើឲ្យតម្លៃអចលនទ្រព្យឡើងថ្លៃ ហើយប្រជាជននូវែលសេឡង់កាន់តែគ្មានលទ្ធភាពទិញផ្ទះសម្បែង។
តាមពិតទៅបទបញ្ញត្តិថ្មីហាមជនបរទេសទិញផ្ទះដែលត្រូវបានអនុម័តនៅថ្ងៃពុធទី ១៥ ខែសីហានេះគឺជាគោលនយោបាយរបស់រដ្ឋាភិបាលលោកស្រី Jacinda Ardern។ ស្ថិតក្នុងវ័យ ៣៨ ឆ្នាំ លោកស្រី Ardern បានសន្យាក្នុងពេលឃោសនាឆ្នាំមុនថា បើលោកស្រីជាប់ឆ្នោត រដ្ឋាភិបាលថ្មីនឹងដោះស្រាយបញ្ហាតម្លៃផ្ទះសម្បែង និងកាត់បន្ថយអត្រាអ្នកគ្មានផ្ទះសម្បែងផង។
បើតាមទីភ្នាក់ងារព័ត៌មាន AFP បទបញ្ញត្តិថ្មីនេះស្ទើហាមឃាត់ជនបរទេសទិញផ្ទះសម្បែងនៅនូវែលសេឡង់ទាំងស្រុងលើកលែងតែសិង្ហបុរី និងអូស្ត្រាលីប៉ុណ្ណោះ។ ប្រាកដណាស់ថា វាមានចម្ងល់ច្រើនជុំវិញការសម្រេចចិត្តរបស់នូវែលសេឡង់ដែលហាមបរទេសទាំងអស់លើកលែងតែប្រទេសពីរខាងលើនេះ។ មូលហេតុនោះគឺដោយសារអូស្ត្រាលី និងសិង្ហបុរីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីរួមគ្នាកន្លងមក។
ក្រោយការដាក់ចេញបទបញ្ញត្តិនេះដែរ រដ្ឋមន្ត្រីហិរញ្ញវត្ថុនូវែលសេឡង់ David Parker បានចេញមុខសាទរ និងចាត់ទុកថា វាជាចំណាត់ការមួយសមស្របឆ្លើយតបនឹងស្ថានភាពជាក់ស្តែងរបស់ប្រជាជននូវែលសេឡង់។
លោក Parker និយាយដូច្នេះ៖«វាជារឿងល្អប្រសើរ ហើយបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការសម្រេចក្តីសុបិនរបស់ពលរដ្ឋនូវែលសេឡង់ធ្វើជាម្ចាស់ផ្ទះសម្បែងរបស់ខ្លួន»។ អ្នកនយោបាយរូបនេះសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរគោលនយោបាយនេះជួយធានាថា តម្លៃលំនៅដ្ឋានក្នុងប្រទេសត្រូវកំណត់ដោយប្រជាជននូវែសេឡង់ខ្លួនឯង មិនមែនប្រទេសដទៃ ឬទីផ្សារអន្តរជាតិឡើយ។
នៅនូវែលសេឡង់ ប្រជាជនម្នាក់ចង់មានផ្ទះផ្ទាល់ខ្លួនជាជាងជួលផ្ទះ។ ប៉ុន្តែ រយៈពេលប្រហែលមួយទសវត្សរ៍ចុងក្រោយមកនេះ បញ្ហាតម្លៃផ្ទះសម្បែងជារឿងចម្រូងចម្រាសនិងរសើបបំផុតនៅនូវែលសេឡង់ព្រោះតម្លៃមធ្យមនៃផ្ទះនៅក្នុងទីក្រុងធំដូចជា ក្រុង Auckland នោះកើនឡើងស្ទើតែទ្វេដងផង។ នេះក៏ព្រោះថា វាមានកំណើនជនចំណូលថ្មី ហើយកង្វះលំនៅដ្ឋានក៏ចាប់ផ្តើមកើនមានឡើងដូចគ្នា។
រដ្ឋាភិបាលលោកស្រី Ardern ដែលមាននិន្នាការកណ្តាលលម្អៀងឆ្វេងយល់ឃើញថា កំណើនបរទេសទិញលំនៅដ្ឋាននៅនូវែលសេឡង់នេះហើយជាផ្នែកមួយនៃបញ្ហាព្រោះពួកគេមានលទ្ធភាពផ្តល់តម្លៃខ្ពស់ជាប្រជាជនក្នុងស្រុក។
កាលពីប៉ុន្មានឆ្នាំមុនដែរនោះ វាធ្លាប់មានការលើកឡើងពីកំណើនជនជាតិចិនដែលទិញលំនៅដ្ឋានច្រើន ហើយវាមូលហេតុចម្បងដែលធ្វើឲ្យតម្លៃផ្ទះកើនឡើង។ ប៉ុន្តែការលើកឡើងនេះធ្វើឲ្យមានការរិះគន់និងខឹងសម្បារដោយសារគេចាត់ទុកថា វាជាការរើសអើងពូជសាសន៍។
យ៉ាងណាក៏ដោយចុះ មុនមានការអនុម័តច្បាប់នេះ អង្គការរូបិយវត្ថុអន្តរជាតិបានទទូចឲ្យរដ្ឋាភិបាលនូវែលសេឡង់ពិចារណាលើការហាមឃាត់នេះ ហើយក៏ព្រមានផងដែរថា ចំណាត់ការនេះអាចបន្ទុចបង្អាក់លំហូរចូលនៃទុនវិនិយោគបរទេសផងដែរ៕
Tag:
នូវែលសេឡង់
អចលនទ្រព្យ
សិង្ហបុរី
អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com